បណ្ដាខេត្តៈ គិតត្រឹមថ្ងៃទី១៩ខែកក្កដានេះ ទឹកជំនន់បានលិចផ្ទះប្រជាពលរដ្ឋអស់ ១៧៨៦ខ្នង ដីរាប់ពាន់ហិកតា ខណៈការិយាល័យបោះឆ្នោតនៅតាមបណ្ដាខេត្ដមួយចំនួនកំពុងប្រឈមនឹងផលប៉ះពាល់ពីទឹកជំនន់ផងដែរ។ នេះបើតាមការឲ្យដឹងពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។
សេចក្ដីជូនដំណឹងដដែលបានបង្ហាញថា ខេត្ដដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង រួមមាន កោះកុង ប៉ៃលិន បាត់ដំបង កំពត ព្រះសីហនុ កែប និងខេត្ដកំពង់ស្ពឺ។
«ទឹកជំនន់ ទឹកភ្លៀង នេះ គឺបង្កឡើងដោយឥទ្ធិពលព្យុះទី៩ ឈ្មោះ សុនទីញ (SON-TINH) កំពុងរំកិលទៅក្បែរដីគោកក្រុងហាណូយ ស្របពេលដែលព្យុះទី១០កំពុងវិវត្ដកើតមានឡើង»។ នេះបើតាមការឲ្យដឹងតាមរយៈសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។
សេចក្ដីជូនដំណឹងខាងលើបានបង្ហាញថា ខេត្ដកំពង់ស្ពឺ ប៉ះពាល់ខ្លាំង ពិសេសស្រុកភ្នំស្រួច តាមរបាយការណ៍ខេត្ដ ទឹកជំនន់បានប៉ះពាល់៨ឃុំ មានប្រជាជនរងគ្រោះ២៣០គ្រួសារ ប៉ះពាល់ដំណាំស្រូវ១១៥៧ហិកតា ចម្ការស្វាយ ២៣២ ហិកតា។
បច្ចុប្បន្ន កំពុងមានការព្រួយបារម្ភចំពោះកម្រិតទឹកនៅស្ថានីយពាមឃ្លៃ ដែលឡើងដល់ ៨,៣០ម៉ែត្រ (កម្រិតទឹកជំនន់) និងទំនប់រលាំងជ្រៃ កម្រិតទឹកឡើងដល់ ៧,៦០ម៉ែត្រ គិតត្រឹមម៉ោង ៨ន ព្រឹកថ្ងៃទី១៩ ខែកក្កដា (បើឡើងដល់ ៧,៨០ម៉ែត្រ នឹងលិចផ្សារកំពង់ស្ពឺ)បន្ថែមពីសេក្ដីជូនដំណឹង។
ចំពោះទឹកដែលធ្លាក់តាមស្ទឹងព្រែកត្នោតពុំទាន់មានបញ្ហាទេដោយក្រសួងជំនាញបានបង្វែរទឹកមុនសភាពការណ៍កើតឡើងឱ្យទឹកហូរធ្លាក់ទៅអាងស្តុកទឹកទន្លេបាទី។
ខេត្ដព្រះសីហនុ ចំណុចប្រឈមខ្លាំង ត្រង់ចំណុចស្ពានសំរោង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ដែលកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ត្រូវបានទឹកលិច ប្រមាណ៩០០ម៉ែត្រ កម្ពស់ប្រមាណ១,៧០ម៉ែត្រ។ រហូតមកដល់ម៉ោង ១៩:៥០ ថ្ងៃដដែល ទឹកបានស្រកនៅត្រឹម ០,៥២ម៉ែត្រ។ ប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣ភូមិ ស្មើនឹង ៩០០គ្រួសារ។
ខេត្ដកែប សភាពការណ៍ អាចគ្រប់គ្រងបាន នឹងត្រូវតាមដានបន្ដទៀត ប៉ុន្ដែខេត្ដកោះកុង ប៉ះពាល់ឃុំចំនួន៥ ស្រុក៤ ប្រជាជនចំនួន៥៥១គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
ខេត្ដប៉ៃលិនភ្លៀងធ្លាក់តិច ប៉ុន្ដែនៅតាមស្ទឹង អូរព្រែកមានទឹកពេញទាំងអស់ដោយសារទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ(ខេត្ដត្រាត) ខណៈខេត្ដបាត់ដំបង់ មានការបាក់ច្រាំងស្ទឹងសង្កែ បណ្ដោយប្រមាណ ១០០ម៉ែត្រ និងចម្ងាយពីមាត់ស្ទឹងទៅចំណីផ្លូវ ប្រមាណ ៣០ម៉ែត្រ នឹងកំពុងត្រូវបានជួសជុលឡើងវិញ។
ចំពោះស្រុកសំឡូត លិចភូមិចំនួន៤ និងប៉ះពាល់ ៣ឃុំ (ឃុំព្រែកនរិន្ទ,ព្រែកខ្ពប និងព្រែកហ្លួង) ស្ថិតក្នុងស្រុកឯកភ្នំ។ ខូចខាតស្រូវកំពុងហាលផ្កាទាំងស្រុង៥០ហិកតា, ស្រូវប្រឈមការខូចខាតប្រមាណ១០០៧ហិកតា និងផ្ទះលិចទឹក ចំនួន ១០៩ខ្នង។ ចំណែកឯ ទំនប់សេកសក និងទំនប់គង្ហត ក៏កំពុងមានការព្រួយបារម្ភ ហើយនៅចំណុចស្ពានបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង មានប្រេះដីនៅគល់ស្ពាន។
បើតាមលោក សោម សូរីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឲ្យដឹងថា បច្ចុប្បន្ននេះ គ្រោះទឹកជំនន់មិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការិយាល័យបោះឆ្នោតនៅឡើយទេ។
លោកបន្ដថា៖«យើងមានជម្រើសពីរសម្រាប់់ គ.ជ.ប ទីមួយបើការិយាល័យត្រូវបានលិចយើងនឹងពន្យារពេលបោះឆ្នោតនៅការិយាល័យនោះ។ មួយទៀត បើនៅមានទីតាំងសុវត្ថិភាពក្នុងតំបន់លិចទឹកនោះ យើងនឹងសម្រេចប្ដូរការិយាល័យ ហើយដំណើរការបោះឆ្នោតតាមធម្មតា»។
តាមការបញ្ជាក់ពីមន្ត្រីគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយបានឲ្យដឹងថា អាជ្ញាធរមូលដ្ឋាន និងកងកម្លាំង គ្រប់ប្រភេទ បានសហការជាមួយកាកបាទក្រហម ចុះជួយអន្ដរាគមន៍ សង្គ្រោះប្រជាជន ព្រមទាំងផ្ដល់ទីជម្រកបណ្ដោះអាសន្នអំណោយសង្គ្រោះបន្ទាន់ និងសេវាសុខភាពបានទាន់ពេលវេលា។
នាថ្ងៃព្រហស្បតិ៍នេះ រាជរដ្ឋាភិបាល បានចេញសេចក្ដីណែនាំ ពីការត្រៀមបង្ការដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយទឹកជំនន់ផងដែរ។
សេក្ដីជូនដំណឹងនេះបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី រាជធានី ខេត្ដ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវបង្កើនការយកចិត្ដទុកដាក់ ប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវមានការរៀបចំទុកជាមុនដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប នៅពេលមានទឹកជំនន់កើតឡើង ត្រូវជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព បញ្ចៀសឲ្យខាងតែបាននូវការប៉ះពាល់ដល់អាយុជីវិតនិងការខូចខាតផ្សេងៗដែលកើតមានឡើងជាយថាហេតុ។
ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជានេសាទ អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជាពលរដ្ឋដែលរស់នៅ តាមតំបន់ទំនាបជាប់ផ្លូវទឹកនានា បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕