ក្រចេះ: ទឹកទន្លេ​មេគង្គ​ខេត្ត​ក្រចេះ​ ​និង​ទន្លេមេគង្គ​ក្នុង​ខេត្ត​លួង​ប្រា​បាង​ប្រទេស​ឡាវ អា​ច​ស្រក​ចុះ​ពី​កន្លះ​ម៉ែត្រ​ ទៅ ១ ​ម៉ែត្រ​កន្លះ ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ១៩ ខែមេសា​នេះ ស្រប​ពេល​ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្ត​​ឈៀង​រ៉ៃ​ប្រទេស​ថៃ អាច​ស្រក​ពី​​ជិត ១ ម៉ែត្រ​ទៅជា​ង ១ ម៉ែត្រ​ចាប់ពី​ថ្ងៃទី ១២ ដល់​ថ្ងៃទី ២១ ខែ មេសា ដោយ​សា​រតែការ​ទប់​ទឹក​ទំនប់​វារីអគ្គិសនី​នៅ​ចិន​។ នេះ​បើតាម​ការ​ជូន​ដំណឹង​​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ។

ក្រសួង​ធនធានទឹក​ ប្រទេស​ចិ​ន​បានជូន​ដំណឹង​ទៅកាន់​គណៈកម្មការ​ទន្លេ​មេគង្គ​កាល​ពី​​ថ្ងៃទី ៨ ខែមេសា​ថា មូល​ហេតុ​នាំឱ្យ​មានការ​ស្រក​ចុះ​ទឹកទន្លេ​មេគង្គ​នៅ​ប្រទេស​ ថៃ ឡាវ និង​កម្ពុជា​នេះ គឺ​ដោយ​សារ​វា​រី​អគ្គីសនី Jinghong ស្ថិតនៅ​ទន្លេ​មេគង្គ​លើ​ឡាន​ឆាង ​ក្នុង​ខេត្ត​យូ​ណាន ​ប្រទេស​ចិនត្រូវការ​ទប់ទឹក​សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​មួយ​របស់​ជនជាតិដើម​តៃ​ដែល​មាន​ប្រពៃ​​​ណី​ជះ​ទឹក​ដាក់​គ្នា ហើយ​នឹង​ធ្វើឱ្យ​លំហូរ​ទឹក​ដែល​តែង​ហូរ​ធ្លាក់​មកកាន់​ទន្លេមេគង្គ​ក្រោម ត្រូវ​កាត់បន្ថយ​បរិមាណ​ជិត​ពាក់កណ្ដាល ​នៅក្នុង​រយៈពេល ៧ ថ្ងៃ ក្នុង​ខែ​មេសា​នេះ។

ក្រសួង​ធនធាន​ទឹក​ចិន​បន្ត​ថា ចាប់ពី​ថ្ងៃទី ១១ ខែ មេសា​ ទំនប់​​វា​រី​អគ្គិសនី Jinghong ចាប់​ផ្ដើម​កាត់បន្ថយ​បរិមាណ​លំហូរ​ទឹក​ពី ២ ពាន់​ ​ឬ ៣ ពាន់​ម៉ែត្រ​គុប មក​នៅត្រឹម ១ ៥០០ ឬ ១ ៦០០ ម៉ែត្រ​គុប​ ក្នុង​រយៈ​ពេ​ល ១ វិនាទី ដែល​ការកាត់​បរិមាណ​លំហូរ​ទឹក​នេះនឹងបន្ត​ទៅ​ដល់​ថ្ងៃទី ១៧ ខែ មេសា មុន​បើក​ឱ្យមាន​លំហូរ​ទឹក​ពី​វា​រី​អគ្គិសនី ​Jinghong ដូច​ធម្មតា​វិញ។

លោក លាង ប៊ុន​លាភ អ្នកសម្របសម្រួល​អង្គ​ការ​ទន្លេ​ ៣​ បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា ការកាត់បន្ថយ​បរិមាណ​ទឹក​ហូរ​ចេញពី​វា​រី​អគ្គិសនី​ប្រទេស ​ចិន ហើយ​ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្តក្រចេះ​ស្រក​ចុះ​ប្រហែល ១ ម៉ែត្រ​នេះ នឹង​អាចធ្វើឱ្យ​ទឹកទន្លេ​កាន់តែ​ឡើង​កម្ដៅ​ ដែល​នាំឱ្យ​ងាប់​ត្រី​ប្រភេទ​ខ្លះ ហើយ​នឹង​អាច​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុង​តំបន់​មួយចំនួន​ ត្រូវ​ប្រឈម​​ការ​ខ្វះ​ទឹក។

លោក​ថា កាលណា​​​​​ទឹកទន្លេ​កាន់តែ​ស្រក​នោះ​នឹង​ធ្វើ​ឲ្យ​អណ្ដូងពលរដ្ឋ​ត្រូវ​រីង​ទឹក។ «កាល​ណាទឹក​ទន្លេ​មេគង្គ​ស្រក​គឺ​ធ្វើឱ្យ​ទឹក​នៅ​ក្រោម​ដី​រឹតតែ​អត់​មាន​ទៅទៀត ដែល​ប៉ះពាល់​ទៅ​ដល់​ជីវភាព​មនុស្ស និង​សត្វ»។

ចំណែក​លោក ឈ្នៀង លន ជា​ប្រជា​សហគមន៍​នេសាទ​ នៅ​​អន្លង់​អភិរក្ស​ផ្សោត​ព្រែក​កាំពី ស្រុក​សំបូរ ខេត្តក្រចេះ បាន​​ថ្លែង​ថា ការ​ស្រក​​ទឹក​ទន្លេ​នេះ នឹ​ងមិន​ធ្វើឱ្យប៉ះពាល់​សត្វ​ផ្សោ​ត​​។ ​«ទោះ​ស្រក ១ ម៉ែត្រ​ទៅ ២ ម៉ែ​ត្រ​ទៀត​ក៏​មិន​អី​ដែរ​ ព្រោះ​ទឹក​អន្លង់ (សត្វ​ផ្សោត) វា​នៅ​ជ្រៅ»។

ភ្នំ​ពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការបកស្រាយ​បន្ថែម​ពី​លោក ចាន់ យុ​ត្ថា អ្នក​​នាំពាក្យ​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​បានទេ​​ពី​​ថ្ងៃ​ម្សិលមិញដោយ​ទូរស័​​ព្ទ​​របស់​លោក​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែក្រសួង​ធនធានទឹក​ប្រទេស​ចិន​បាន​អះអាងថា អំឡុងពេល​កាត់បន្ថយ​បរិមា​ណ​លំហូរ​ទឹក​ចេញពី​ទន្លេ​ឡានឆាង​មក​ទន្លេ​មេគង្គ​ក្រោម​នេះ នឹង​មិន​ធ្វើឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទន្លេ និង​មនុស្ស​ឡើយ ប៉ុន្តែ​ការជូន​ដំណឹង​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យពលរដ្ឋ​រស់​​នៅ​​តាម​ដង​ទន្លេ​មេគង្គ​ក្រោម ​​ត្រៀមខ្លួន​​ទប់ទល់​​ហានិភ័យ​ណាមួយ​ដែល​អាច​កើត​ឡើង​ជាយថា​ហេតុ​ប៉ុណ្ណោះ៕