ភ្នំពេញៈ ស្ថានភាព​កម្រិត​ទឹក​ក្នុង​ទន្លេ​មេគង្គ និង​តាម​ទន្លេ​សំខាន់ៗ​ដទៃទៀត​នឹង​មាន​ការហក់​ឡើងវិញ​ក្នុង​រយៈពេល​ប្រមាណ​ជា​ ៣ ​ខែ​ទៀត​បន្ទាប់ពី​ទឹកទន្លេ​នេះ​បាន​រីង​ស្រក​ប្រមាណ​ជា​ ២ ​ឆ្នាំ​ដោយសារ​ឥទ្ធិពល​នៃ​បាតុភូត​អ៊ែលនីណូ (Elnino) មិនមែន​ដោយ​ការបិទ​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​ចិន​ និង​ឡាវ​ទេ​។ នេះ​បើតាម​មន្ត្រី​។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​ថា កត្តា​ដែល​នាំ​ឲ្យ​ទឹកទន្លេ​មេគង្គ និង​ទឹក​ទន្លេសាប​មាន​កម្រិត​ទាប គឺ​មាន​ការពាក់ព័ន្ធ​យ៉ាងជិតស្និទ្ធ​ទៅ​នឹង​ឥទ្ធិពល​បាតុភូត​អ៊ែលនីណូ ហើយ​បាតុភូត​នេះ​បាន​ធ្វើឱ្យ​មាន​ការប៉ះពាល់​ទៅនឹង​របប​ទឹកភ្លៀង ប៉ុន្តែ​ក្នុង​រយៈពេល​ប្រហែល​ជា​ ១០ ​ថ្ងៃ​ក្នុង​ខែសីហា​នេះ កម្រិត​ទឹក​ក្នុង​អាង​ទន្លេមេគង្គ និង​ស្ថានីយ​ទន្លេបាសាក់​ចតុមុខ​ក្នុង​រាជធានី​ភ្នំពេញ ទឹកបាន​ហក់​ឡើងវិញ ទោះបី​ជា​មិន​ច្រើន​ក៏ដោយ បន្ទាប់ពី​ឥទ្ធិពល​បាតុភូត​អ៊ែលនីណូ បាន​អូសបន្លាយ​អស់​រយៈពេល​ប្រមាណ​ជា​ ២ ​ឆ្នាំ​កន្លងមក​គឺ​ក្នុង​ឆ្នាំ​ ២០១៩ ​និង​ ២០២០ ​នេះ​។

លោក យុត្ថា បន្តថា​៖ «​នេះ​គឺជា​លើក​ទី​ ១ បើ​គិតពី​ឆ្នាំ​ ១៩៥១ នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ដែល​នៅក្នុង​ខែ​កក្កដា​តែងតែ​មាន​ព្យុះ ២​ ​ឬ​ ៣ ​កើតមានឡើង ហើយ​ដែល​ព្យុះ​នោះ តិច​ ឬ​ច្រើន​ និង​មាន​ឥទ្ធិពល​ទៅលើ​អាង​ទន្លេមេគង្គ ឬ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេ​នេះ​។ លោក​ថា កាលណា​មាន​ឥទ្ធិពល​គឺ​នាំឱ្យ​មាន​ភ្លៀងធ្លាក់​»​។

លោក​បន្ថែមថា ប៉ុន្តែ​ដោយឡែក​ក្នុង​ខែកក្កដា​ឆ្នាំ ២០២០ គឺជា​លើក​ទី​ ១ ​ដែល​មិនមាន​ព្យុះ​កើតឡើង​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ឬ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​ទើបតែ​ឃើញ​មាន​ព្យុះ ភ្លៀង​កើតមាន​ក្នុង​ដើមខែ​សីហា​នេះ​ពី​កម្រិត​បង្គួរ​ទៅ​ច្រើន​នៅ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​ទន្លេមេគង្គ​។

លោក តែ ណាវុធ អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មការ​ទន្លេមេគង្គ​បាន​លើកឡើង​កាលពី​ម្សិលមិញ​ថា កម្ពស់​ទឹកភ្លៀង​តាម​ការវាស់វែង​តាម​ស្ថានីយ​ចំនួន​ ១១៩ ​ស្ថានីយ​ដែល​ប្រមូល​បាន​នៅ​ប្រទេស​ថៃ ឡាវ កម្ពុជា និង​វៀតណាម រកឃើញ​ថា​នៅក្នុង​រយៈពេល​ ៧ ​ខែ​ដើម​ឆ្នាំ​ ២០២០ ​នេះ បរិមាណ​ទឹកភ្លៀង​ជា​មធ្យម​មាន​ ៣៩៧ ​មិល្លីម៉ែត្រ​ដែល​នេះ​ជា​កម្រិត​ទាប​ខ្លាំង បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៨ ​តិច​ជាង​ ៦៧២ ​មិលី្លម៉ែត្រ និង​តិចជាង ២៣១ ​មិលី្លម៉ែត្រ​ក្នុង​ឆ្នាំ​ ២០១៩​។

លោក ណាវុធ ថ្លែងថា​៖ «​បើ​យោង​តាម​ការព្យាករ​ដោយ The National Aeronautics and Space Administration (NASA) សម្រាប់​ ២ ​ខែ​បន្ទាប់​គឺ​ខែ​សីហា និង​ខែកញ្ញា​បង្ហាញ​ថា​នឹង​មាន​ទឹកភ្លៀង​កើនឡើង​លើស​កម្រិត​មធ្យម ដោយ​កើន​ចាប់ពី​ ៤៥ ​មិលី្លម៉ែត្រ​ទៅ​ ១០០ មិល្លីម៉ែត្រ​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម​។ នេះ​នឹង​ជា​ស្ថានភាព​សើម​ជាង​នៅ​ឆ្នាំ​ ២០១៩»​។

លោក​បន្តថា នេះ​បង្ហាញ​ផងដែរ​ថា អាច​នឹងកើត​មាន​វិសម្ពាធត្រូពិក​ (TD) ​ព្យុះត្រូពិក​ (TS) ​ឬ​ព្យុះ​ទីហ្វុង (TY) នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម​នៅ​ខែ​សីហា និង​ខែកញ្ញា ឆ្នាំ​ ២០២០​។

មន្ត្រី​គណៈកម្មាធិការ​ទន្លេមេគង្គ​រូបនេះ​បន្ថែម​ថា ទឹកទន្លេ​មេគង្គ និង​ទន្លេ​សំខាន់ៗ​ដទៃៗ​ទៀត​មាន​កម្រិត​ទាប​នេះ​គឺ​មិនមែន​ដោយសារ​ការបិទ​ទំនប់​វារីអគ្គិសនី​ក្នុងប្រទេស​ចិន និង​ឡាវ​នោះ​ទេ ប៉ុន្តែ​កត្តា​ចម្បង​គឺ​ពី​ដើម​ឆ្នាំ​ ២០២០ ​ភ្លៀង​ធ្លាក់​តិចតួច ឥទ្ធិពល​បាតុភូត​អែលនីណូ ភាពរាំងស្ងួត និង​កម្រិត​ទឹក​ទាប​នៅ​ឆ្នាំ ២០១៩ និង​កម្រិត​លំហូរ​ទឹក​តាម​បណ្តា​ដៃទន្លេ​មេគង្គ ហូរ​ចូលមក​ទន្លេ​មេ មាន​ការ​ធ្លាក់ចុះ​៕