ក្រចេះ/ស្ទឹងត្រែង/ត្បូងឃ្មុំៈ ផ្ទះយ៉ាងហោចណាស់ចំនួន ១១៣៣ ខ្នងក្នុងខេត្ដក្រចេះត្រូវបានជន់លិចកាលពីម្សិលមិញ ខណៈពលរដ្ឋជិត ១ ពាន់គ្រួសារក្នុងខេត្ដស្ទឹងត្រែង និងត្បូងឃ្មុំត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព រីឯសាលារៀនមួយចំនួនត្រូវបានទឹកលិច និងផ្អាកការសិក្សាដើម្បីសុវត្ថិភាព។ នេះបើតាមមន្ត្រីនៃបណ្ដាខេត្តជាប់ទន្លេមេគង្គពីម្សិលមិញ។
លោក ប៉ែន លីណាត អ្នកនាំពាក្យសាលាខេត្ដក្រចេះបានឲ្យដឹងថា ទឹកជំនន់បានហក់ឡើងខ្លាំង និងបានលិចចូលដល់ក្រុងក្រចេះ និងស្រុកចំនួន ៤ ក្នុងនោះផ្ទះជាងមួយពាន់ខ្នង និងសាលារៀន ៤ កន្លែងភាគច្រើនសាលាបឋមសិក្សាត្រូវបានផ្អាកសិក្សាដោយសារទឹកលិច ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតពលរដ្ឋទេ។
លោកបានបញ្ជាក់ថា៖ «យើងសរុបទៅចំពោះការលិចនេះ មានផ្ទះពលរដ្ឋចំនួន ១១៣៣ ខ្នង...ប៉ុន្ដែនៅក្រចេះមិនអីទេពលរដ្ឋគាត់ស៊ាំនឹងការរស់នៅជាមួយទឹកទន្លេហើយទោះ ទឹកលិចផ្ទះ ប៉ុន្ដែគាត់មិនបានជម្លៀសទៅណាទេពួកគាត់យកតែគោក្របីទៅទីទួលប៉ុណ្ណោះ»...«សាលាខ្លះត្រូវផ្អាកហើយ ព្រោះទឹកជន់លិច ដើម្បីកុំឲ្យប៉ះពាល់ដល់ក្មេង ណាមួយឥឡូវក៏ជិតដល់ពេលបញ្ចប់បវេសនកាលផង។ ចំពោះការប្រឡងបាក់ឌុបមិនមានបញ្ហាអ្វីទេ ព្រោះយើងបានដាក់មណ្ឌលប្រឡងទាំងអស់នៅក្នុងក្រុងដែលជាទីទួលសុវត្ថិភាព»។
ដោយឡែកនៅខេត្ដត្បូងឃ្មុំទឹកបានជន់លិចនៅឃុំចំនួន ៤ ពិសេសក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ ខណៈពលរដ្ឋជាង ៦០០ គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។ នេះបើតាមលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំពីម្សិលមិញ។
លោកថា៖ «ទឹកបានលិច ៤-៥ ឃុំ ហើយលិចច្រើនជាងគេនៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យដែលតម្រូវឲ្យអាជ្ញាធរត្រូវតែផ្អាកការសិក្សា។
យើងបានជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាពជាង ៦០០ គ្រួសារ។ ប៉ុន្ដែមិនមានរងគ្រោះអ្វីទេ ព្រោះយើងបានត្រៀមលក្ខណៈទុកជាមុន ណាមួយពលរដ្ឋរស់នៅតាមតំបន់ទន្លេពួកគាត់មានទម្លាប់រស់នៅតាមតំបន់ទន្លេនេះស្រាប់។ អ៊ីចឹងមិនអីទេ»។
ទន្ទឹមនឹងនេះលោក ម៉ែន គុង អ្នកនាំពាក្យខេត្ដស្ទឹងត្រែងបានឲ្យដឹងដែរថា ទឹកទន្លេមេគង្គកំពុងបន្ដហក់ឡើងខ្លាំងរហូតដល់ល្ងាចថ្ងៃម្សិលមិញបណ្ដាលឲ្យលិចនៅស្រុកមួយចំនួន ដូចជាក្នុងសង្កាត់សាមគ្គី ហើយលិចខ្លាំងជាងគេគឺសង្កាត់ស្រះឫស្សី។
លោកឲ្យដឹងថា៖ «ទឹកទន្លេហក់ឡើងខ្លាំង ឥឡូវលិចចូលដល់ស្រុក ២-៣ ហើយ ប៉ុន្ដែមិនមានអ្វីគួរឲ្យព្រួយបារម្ភទេ ព្រោះលិចចូលនៅតិចតួចនៅឡើយ។
ចំណែកទឹកជំនន់ពីឡាវនៅទន្លេសេកុងក្នុងស្រុកសៀមប៉ាង និងសេសានទឹកកំពុងបន្ដស្រកចុះ»។
លោកបានឲ្យដឹងថាមកដល់ល្ងាចម្សិលមិញពលរដ្ឋចំនួន ៦៧ គ្រួសារត្រូវបានជម្លៀសចេញពីសង្កាត់ទាំង ២ ខាងលើទៅកាន់ទីទួលសុវត្ថិភាព និងជាង ២០០ គ្រួសារទៀតកំពុងត្រៀមជម្លៀសបើទឹកបន្ដឡើងខ្លាំង។
ទាក់ទិននឹងព័ត៌មានដែលថាអាជ្ញាធរខេត្ដស្ទឹងត្រែងស្រង់បានសាកសពប្រជាជនឡាវ ៣០ នាក់នោះលោក គុង បានបញ្ជាក់ថាមិនមែនជាការពិតទេ ប៉ុន្តែលោកថាមានសពមួយត្រូវបានរកឃើញ។
លោកថា៖ «យើងទើបតែស្រង់បានសាកសពមួយទេ ហើយយើងបានទាក់ទងទៅអគ្គកុងស៊ុលឡាវហើយដើម្បីឲ្យគេ មកទទួលយកសាកសពនេះ»។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ពីម្សិលមិញដែរថា តាមសម្ទុះទឹកបែបនេះប្រាកដជាលិចសាលារៀនមួយចំនួនថែមទៀត ប៉ុន្ដែលោកថាអាជ្ញាធរ និងក្រសួងពាក់ព័ន្ធត្រៀមដោះស្រាយបញ្ហានេះរួចហើយ។
លោកថា៖ «បើទឹកនៅតែហក់ឡើងដូចក្រសួងធនធានទឹកបានជូនដំណឹង ២-៣ ថ្ងៃខាងមុខនេះនឹងលិចសាលារៀនខ្លះទៀតហើយ ប៉ុន្ដែមិនអីទេ ព្រោះអាជ្ញាធរខេត្ដតាមដងទន្លេគាត់បានប្រុងប្រៀបរួចអស់ហើយ»។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមលោក ចាន់ យុត្ថា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា មន្ទីរធនធានទឹកខេត្តស្ទឹងត្រែងបានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ១ គ្រឿងដើម្បីបូមរំដោះជំនន់ទឹកភ្លៀងចេញពីក្នុងក្រុងស្ទឹងត្រែង។
បើតាមលោក ចាន់ យុត្ថា ខេត្ដដែលកំពុងប្រឈមមុខនឹងទឹកជំនន់ទាំងនោះរួមមាន ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ដែលមានតំបន់ខ្លះ ទឹកកំពុងតែជន់លិចចូលតាមស្រុកមួយចំនួនហើយ៕