ភ្នំពេញៈ ក្រោយភ្លៀងធ្លាក់អស់ជាង ៣ ម៉ោងកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ផ្លូវស្ទើរទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវកកស្ទះ ដោយសាររងការជន់លិច ហើយបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនដែលប្រឈមនឹងការធ្វើដំណើរ ការជន់លិចផ្ទះ និងការមិនអាចប្រកបអាជីវកម្មបានថ្នាំងថ្នាក់ជាខ្លាំងនឹងអាជ្ញាធររាជធានី ដែលអូសបន្លាយការដោះស្រាយបញ្ហានេះរាប់ឆ្នាំមកហើយ។
នៅពេលដែលទឹកកំពុងជន់លិច អាជីវករលក់ផ្លែឈើផ្សារកណ្តាល អ្នកស្រី ចាន់ផល ដែលឈរមើលទឹកលិចផ្សារ បានត្អូញត្អែរថា បរិវេណផ្សារលិចទឹកជារៀងរាល់ពេលភ្លៀងធំម្តងៗ ហើយចំណាយពេលជាច្រើនម៉ោង ទម្រាំស្រកទៅវិញ។ អ្នកស្រីថា៖ «លូ ឃើញធ្វើរហូត តែទឹកនៅតែលិច»។
ចំណែកយុវជន ហង្ស តារា កំពុងជួសជុលម៉ូតូនៅម្តុំ ផ្សារបឹងកេងកង បានឲ្យដឹងថា ម៉ូតូគាត់បានគាំង ហើយរលត់ម៉ាស៊ីន ដោយសារទឹកលិចជ្រៅពេក។ លោកថា៖ «ទឹកលិចចង់ត្រឹមចង្កេះខ្ញុំទៅហើយ ម៉ូតូខ្ញុំទាបមិនអាចទៅមុខបាន ឥឡូវខូចទៀត ចំជាស៊យមែន!»។
បញ្ហានេះមិនថា តែនៅ ផ្សារកណ្តាល ឬផ្សារបឹងកេងកង នេះទេ បើតាមបណ្តាញសង្គមហ្វេសប៊ុក អ្នករស់នៅតាម ផ្សារដេប៉ូ ផ្សារអូឡាំពិក ផ្សារដើមគ និងតាមមហាវិថីនានា ដូចជា មហាវិថីព្រះមុនីវង្ស ម៉ៅ សេទុង មុនីរ៉េត និងមហាវិថី កម្ពុជាក្រោម ត្រូវបានបង្ហោះរូបថត ដែលបង្ហាញពីទឹកលិចផ្លូវដល់ទៅជាងកន្លះម៉ែត្រឯណោះ។ ខ្លះបង្ហាញពីស្ថានភាពទឹកលិចក្នុងផ្ទះ និងក្នុងបន្ទប់ស្នាក់នៅផង ហើយនៅថែមសរសេរបែបបញ្ចើចបញ្ចើរថា រាជធានីភ្នំពេញ ពិតជាទីក្រុងគជ់មែន! ដែលអាចជិះទូកលេងកម្សាន្តបានថែមទៀតផង។
ជំនន់ទឹកភ្លៀងកាលពីម្សិលនេះ កញ្ញា សុង ស្រីលាភ សកម្មជនដីធ្លីតំបន់បឹងកក់ឲ្យដឹងថា ទាំងព្រឹកទាំងល្ងាច បន្ទាប់ពីភ្លៀង អ្នកមានជម្លោះដីធ្លីតំបន់បឹងកក់ ប្រមាណ ៥០ នាក់បានមកតវ៉ាបិទផ្លូវខាងមុខសាលារាជធានី ក្នុងបំណងស្នើឲ្យអាជ្ញាធរអន្តរាគមន៍បូមទឹករំដោះចេញពីតំបន់បឹងកក់ដែលគាត់ស្នាក់នៅ ប៉ុន្តែ កញ្ញា អះអាងថា សំណើពួកគាត់នេះមិនត្រូវបានអាជ្ញាធរអើពើនោះទេ។
កញ្ញា ស្រីលាភ បាននិយាយថា៖ «អាជ្ញាធរមិនខ្វល់សោះ មិនត្រឹមតែធ្វើឲ្យស្ទះលូទេ ថែមទាំងបូមទឹកបង្ហូរចូលឲ្យលិចលង់ទាំង ៧ ភូមិនៅតំបន់បឹងកក់ ពួកយើងមិនសុខចិត្តទេ»។

ជុំវិញការរអ៊ូរទាំទាំងនេះ អ្នកនាំពាក្យសាលារាជធានី លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា បញ្ហាភ្លៀងធ្លាក់ជន់លិចផ្លូវនិងតំបន់ខ្លះៗក្នុងរាជធានី គឺមានស្ទើរគ្រប់ខណ្ឌ ហើយនេះ គឺជាការប្រែប្រួលអាកាសធាតុ ដែលមិនអាចព្យាករមុនបាន។ លោកថា អាជ្ញាធរបានខិតខំត្រៀមជាមុននូវការបើកប្រឡាយលូ និងត្រៀមរថយន្តបូមលូជាច្រើនគ្រឿង អន្តរាគមន៍អំឡុងមានភ្លៀង និងក្រោយភ្លៀង ប៉ុន្តែ ដោយរាជធានីជាតំបន់ទំនាប ទើបភ្លៀងដក់ច្រើនបែបនេះ។
ចំពោះករណីរបស់អ្នកភូមិបឹងកក់ លោកបញ្ជាក់ថា៖ «ពួកគេ គួរជួយស្តារលូ ដើម្បីរំដោះទឹកជាមួយអាជ្ញាធរ មិនគួរប្រមូលផ្តុំគ្នាមកតវ៉ាបិទផ្លូវបែបនេះទេ»។
ឆ្លើយតបនឹងស្ថានភាពនៃការផ្លាស់ប្តូរអាកាសធាតុនេះ សាលារាជធានីភ្នំពេញ ក៏បានជូនដំណឹងពីបញ្ហាភ្លៀងធ្លាក់នេះដែរថា នឹងបន្តកើតមានរហូតដល់ ៧ ថ្ងៃជាប់គ្នាសម្រាប់រាជធានីភ្នំពេញ។ សាលារាជធានី ក៏បានចាត់វិធានការបច្ចេកទេសដោយបញ្ជាគ្រប់ស្ថានីយបូមទឹក រួមមាន ស្ថានីយព្រះគម្លង់ ១ ព្រះគម្លង់ ២ ផ្សារចាស់ ចតុមុខ បឹងត្របែក បឹងទំពុន និងកប់ស្រូវ ត្រូវត្រៀមជាស្រេចការបូមទឹកចេញពីប្រឡាយ ឬអាងស្តុក ជាពិសេសបានត្រៀមម៉ូទ័របម្រុងគ្រប់ស្ថានីយបូមទឹក បង្ការពេលទឹកជន់ខ្លាំង ព្រមទាំងបានណែនាំឲ្យអាជ្ញាធរ គ្រប់ខណ្ឌបោសសម្អាត និងបារសំរាមចេញពីមាត់លូ ដើម្បីឲ្យទឹកហូរបានងាយស្រួល។
បើតាមអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានឲ្យដឹងកាលពីម្សិលមិញនេះថា ភ្លៀងនឹងបន្តធ្លាក់ចាប់ពីពេលនេះ រហូតដល់ដើម ខែវិច្ឆិកា ក្នុងកម្រិតតិចឬច្រើន នៅបណ្តាខេត្ត-ក្រុង ដោយសារតែប្រទេសកម្ពុជា កំពុងទទួលរងនូវប្រព័ន្ធសម្ពាធទាបក្នុងរដូវវស្សា។
លោក យុត្ថា បន្តថា ភ្លៀងនឹងចាប់ផ្តើមធ្លាក់ខ្លាំងនៅគ្រប់ខេត្ត-ក្រុង ចាប់ពីថ្ងៃ ទី១ និងទី២ ខែតុលា រហូតដល់ពាក់កណ្តាលខែ ទើបបន្តធ្លាក់ក្នុងកម្រិតតិចវិញ រហូតដល់ដើម ខែវិច្ឆិកា ចុងរដូវវស្សានេះ។ លោក យុត្ថា បានអះអាងថា៖ «ភ្លៀងនេះ មិនមានអ្វីជាការព្រួយបារម្ភនោះទេ។ បើមានភាពមិនប្រក្រតី ក្រសួងនឹងជូនដំណឹងជាក្រោយ ព្រោះក្រសួងកំពុងតាមដានប្រព័ន្ធសម្ពាធទាបនេះ»។
អ្នកស្រាវជ្រាវលើអភិវឌ្ឍន៍សង្គម លោក កែម ឡី ធ្លាប់លើកឡើងថា បញ្ហាចោទនៃទឹកលិចផ្លូវ គឺបណ្តាលមកពីអាជ្ញាធររៀបចំប្រព័ន្ធលូមិនទាន់បានល្អ និងមិនមានគុណភាព។ ទន្ទឹមនឹងនេះ ពលរដ្ឋមួយចំនួន បានបញ្ចេញមតិ រិះគន់តាមរយៈហ្វេសប៊ុកថា បណ្តាលមកពីរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនចាក់ដីលុបបឹងមួយចំនួន ដូចជាបឹងកក់ និងបឹងទំពុន ជាដើម ដែលធ្លាប់ជាទីតាំងរំដោះទឹកកន្លងមក។ តែទោះយ៉ាងនេះក្តី ភ្លៀងធ្លាក់លិចផ្លូវនេះ ត្រូវគេសង្កេតឃើញកើតមានជាញឹកញាប់ ក្រោយពីភ្លៀងធំម្តងៗ ហើយសូម្បីតែនៅមុខព្រះបរមរាជវាំង ក៏ត្រូវជន់លិចមិនរាក់ប៉ុន្មានដែរ៕