ព្រៃវែងៈ ទូកងរបស់ប្រទេសកម្ពុជាបានបំបែកកំណត់ត្រាឯតទគ្គកម្មទូកងវែងជាងគេលើពិភពលោករបស់ World Guinness Record កាលពីម្សិលមិញ ដោយត្រូវបានដាក់សម្ពោធនៅត្រើយខាងកើតនៃទន្លេមេគង្គនៅអ្នកលឿងក្នុងស្រុកពាមរក៍ ខេត្តព្រៃវែងជាកំណត់ត្រាថ្មីមួយបន្ទាប់ពីធ្លាប់បានបំបែកឯតទគ្គកម្មនានាកន្លងមក។
ពិធីប្រកាសបំបែកកំណត់ត្រាឯតទគ្គកម្មនេះត្រូវបានប្រកាសដោយលោក Pravin Patel អ្នកវាយតម្លៃពី World Guinness Record។ លោក Pravin Patel ថ្លែងក្រោយពេលបានវាស់វែងទូក «ង» នេះថា៖ «ដោយមានប្រវែងសរុប ៨៧,៣ ម៉ែត្រសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងរដ្ឋបាលខេត្តព្រៃវែង អ្នកគឺជាអ្នកទទួលបានកំណត់ត្រា Guinness ថ្មីជាមួយនឹងទូកដែលវែងជាងគេ»។
លោកបានថ្លែងថាកម្ពុជាបានយកឈ្នះលើកំណត់ត្រាពិភពលោករបស់ចិនដែលមានទូក «ង» វែងជាងគេ ប៉ុន្តែមានប្រវែងត្រឹមតែ ៧៧,៨ ម៉ែត្រដែលបានបង្កើតឡើងកាលពីខែឧសភា ឆ្នាំ ២០១៦។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែងបានថ្លែងថាទូកនេះមានប្រវែង ៨៧,៣ ម៉ែត្រទទឹងធំបំផុត ១,៩៤ ម៉ែត្រ និងជម្រៅជ្រៅបំផុត ០,៨ ម៉ែត្រដែលមានចំណុះមនុស្ស ១៧៩ នាក់។ ទូកនេះត្រូវបានរចនាឡើងដោយមានក្បាលជានាគហើយកន្ទុយជាកន្ទុយហង្ស។ លោកបានថ្លែងថាទូកនេះត្រូវបានចំណាយពេលសាងសង់ ៦ ខែ ចាប់ពីខែមេសាដល់ខែតុលា ឆ្នាំ ២០១៨ ដោយមានពលរដ្ឋចូលរួមប្រមាណ ១ ម៉ឺន ៤ ពាន់នាក់ និងអស់ថវិកាប្រមាណ ៦ ម៉ឺនដុល្លារអាមេរិក។
លោកបានថ្លែងថា៖ «ថ្ងៃនេះយើងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង រដ្ឋបាលខេត្តព្រៃវែងបំបែកកំណត់ត្រាពិភពលោកដោយទូក «ង» វែងជាងគេនៅលើពិភពលោក ដើម្បីបញ្ជាក់ពីវីរភាព ពលិកម្ម និងសមត្ថភាពរបស់ប្រជាជនកម្ពុជាដែលបានសហការគ្នាក្រោមពាក្យស្លោក «ខ្មែរសាមគ្គី ខ្មែរឈ្នះ» ដែលជាមោទនភាពរបស់កម្ពុជា»។
លោក ស សុខា តំណាងរាស្ត្រខេត្តព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងបានថ្លែងថា ទូកនេះត្រូវបានដាក់ឈ្មោះថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។ លោកក៏បានបញ្ជាក់ដែរថាចំណុះមនុស្ស ១៧៩ នាក់គឺតំណាងឲ្យថ្ងៃរំដោះ ៧ មករា ១៩៧៩ ពីរបបប៉ុលពត។
លោក ស សុខា បន្ថែមថាទូកនេះត្រូវបានកសាងឡើងដោយមានគោលដៅ ៣ យ៉ាងរួមមានទី ១ គឺដើម្បីរំឭកដល់ប្រវត្តិសាស្ត្រទូកងដែលត្រូវបានប្រើប្រាស់ដោយព្រះមហាក្សត្រខ្មែរជំនាន់ដើមគ្រប់ជំនាន់ក្នុងការការពារជាតិទី ២ ដើម្បីលើកកិត្យានុភាពជាតិដោយបង្ហាញពិភពលោកថា កម្ពុជាបានបង្កើតស្នាដៃដ៏អស្ចារ្យ និងទី ៣ ដើម្បីជំរុញទឹកចិត្តស្នេហាជាតិរបស់យុវជន និងមនុស្សជំនាន់ក្រោយ។ លោកបន្ថែមថាការបង្កើតឯតទគ្គកម្មនេះក៏ជួយលើកស្ទួយដល់សេដ្ឋកិច្ចជាតិតាមរយៈការទាក់ទាញភ្ញៀវទេសចរផងដែរ។
នេះជាលើកទី ៤ ហើយដែលកម្ពុជាទទួលបានឯតទគ្គកម្មពិភពលោកគឺនៅឆ្នាំ ២០១៥ កម្ពុជាបំបែកកំណត់ត្រាដោយការរាំចង្វាក់ម៉ាឌីហ្សុនមានអ្នកចូលរួម ២០១៥ នាក់នំអន្សមយក្សមានទម្ងន់ជាង ៤ តោនកាលពីឆ្នាំ ២០១៥ និងចុងក្រោយគឺក្រមាវែងជាងគេលើពិភពលោកដែលមានប្រវែងជាង ១១៤៩ ម៉ែត្រ៕