ភ្នំពេញៈ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន​ជួយ​អន្តរាគមន៍​ដល់​ពលការិនី​ខ្មែរ ២ ​រូប​ ដែល​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឱ្យ​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ក្រោយពី​ពួកគេ​ត្រូវ​បាន​និយោជក វាយ​ធ្វើបាប និង​មិន​បើកប្រាក់​ខែ​ឱ្យ​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៥ ខែតុលា ​ថា ក្រោម​កិច្ច​ជួយ​អន្តរាគមន៍​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ពលការិនី​ឈ្មោះ ងួន វ៉ាន់ អាយុ ៣១ ​ឆ្នាំ និង​ពលការិនី​ឈ្មោះ ឯល ម៉ារី អាយុ​ ៣២ ​ឆ្នាំ​ ដែល​អ្នក​ទាំង​ ២ ​បាន​រង​ការវាយ​ធ្វើបាប​ពី​និយោជក ជនជាតិ​ម៉ាឡេស៊ី ត្រូវ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​មកកាន់​ប្រទេស​កម្ពុជា ​កាលពី​ល្ងាច​ថ្ងៃទី​ ៤ ខែ​ តុលា ឆ្នាំ​ ២០២០​។ បើតាម​លោក​ កុយ គួង នៅពេល​នេះ​ពលការិនី​ទាំង​ ២ ​នាក់ ​បាន​ទៅដល់​លំនៅឋាន​របស់​ពួកគេ​រៀងៗ​ខ្លួន ដោយ​សុវត្ថិភាព​ហើយ​។

យោងតាម​ឯកសារ​ដែល​ ភ្នំពេញ ប៉ុស្តិ៍ ​ទទួលបាន​កាលពី​ថ្ងៃទី​ ៥ ខែ​តុលា ពលការិនី​ឈ្មោះ ងួន វ៉ាន់ មាន​លំនៅ​ភូមិស្យា ឃុំ​កណ្ដៀង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ បាន​ទៅ​ធ្វើ​ការងារ​ផ្ទះ​ដោយ​ស្របច្បាប់​ជាមួយ​និយោជក ឈ្មោះ Wing SaiLoong នៅ​ទីក្រុង​​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​ក្រុមហ៊ុន​ឈ្មោះ CECH កាលពី​ឆ្នាំ​ ២០១០​។

ឯកសារ​បាន​គូសបញ្ជាក់​ថា​៖ «​ដោយ​ចង់​ត្រឡប់មក​កម្ពុជា​វិញ វ៉ាន់ បាន​រត់​ចេញពី​ផ្ទះ​និយោជក និង​បាន​មកដល់​ស្ថានទូត​នៅ​ថ្ងៃទី​ ២១ ខែ ​កញ្ញា ឆ្នាំ​ ២០២០​។ ស្ថានទូត​បាន​ជួយ​សម្របសម្រួល​ទាមទារ​ប្រាក់​ខែ​នៅ​ខ្វះ​ពី​និយោជក​ចំនួន​ ៣៨ ៨០០ ​រីងហ្គីត ប្រមាណ​ ៩ ​ពាន់​ដុល្លារ​អាមេរិក និង​ស្នើ​និយោជក​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី ដើម្បី​ឱ្យ​នាង​អាច​ត្រឡប់មក​កម្ពុជា​បាន​»​។

ក្នុង​អំឡុងពេល​នៃ​ការរង់ចាំ​ត្រឡប់​មក​កម្ពុជា​វិញ ស្ថានទូត​ក៏បានផ្ដល់​កន្លែង​ស្នាក់នៅ និង​ម្ហូបអាហារ​ដល់​នាង​ព្រមទាំង​ចាត់​មន្ត្រី​ជូន​ដំណើរ​នាង​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ KLAI ផងដែរ​។ តាម​ឯកសារ​ដដែល ពលការិនី​ឈ្មោះ ឯល ម៉ារី ដែលមាន​លំនៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​បាន​ទៅធ្វើ​ការងារ​ផ្ទះ «​ដោយ​ខុសច្បាប់​» នៅ Bentong រដ្ឋ Pahang កាលពី​ខែមីនា ឆ្នាំ ២០១៨ តាមរយៈ​មេខ្យល់​ឈ្មោះ ហាសាណាស់​។

នៅ​ទីនោះ ម៉ារី ត្រូវ​និយោជក​ប្រើ​ឱ្យធ្វើ​ការងារ​ផ្ទះ និង​ជួយ​លក់​ខោអាវ គ្មាន​ពេល​សម្រាក និង​មិន​ផ្ដល់​ការហូបចុក​គ្រប់គ្រាន់​ទេ​។ ប្រភព​បញ្ជាក់ថា​៖ «​នាង​បាន​រត់​ចេញ​ពី​ផ្ទះ​និយោជក​នៅ​ថ្ងៃទី​ ២ ខែ​ឧសភា ឆ្នាំ ២០២០ បន្ទាប់ពី​ត្រូវបាន​និយោជក វាយ​ធ្វើបាប​ជាប្រចាំ និង​មាន​ស្នាមរបួស​ពេញដៃ​ជើង ហើយ​ជា​ចុងក្រោយ​នាង​ត្រូវបាន​និយោជក វាយ​បាក់ធ្មេញ​មុខ​អស់​ ២»​។

នៅ​តាម​ផ្លូវ នាង​បាន​រត់​ទៅ​ជួប​អ្នកទទួល​ខុសត្រូវ​មជ្ឈមណ្ឌល​សាសនា​ម្នាក់​ឈ្មោះ មហាម៉េត អាសាំអាស៊ីមូត និង​បាន​សូមឱ្យ​គាត់​ជួយ ហើយ​នាង​ត្រូវបាន​អ្នកទទួល​ខុសត្រូវ​នៅ​មជ្ឈមណ្ឌល​នោះ​នាំទៅ​ដាក់ពាក្យ​ប្ដឹង​ប៉ូលិស​នៅ​តំបន់​នោះ​។ បន្ទាប់មក និយោជក​ដែល​នាង​ធ្វើការ​ជាមួយ​នោះ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​​ និង​ចោទប្រកាន់​ពីបទ «​ប្រើប្រាស់​ការងារ​ដោយ​បង្ខំ​» ​និង​កំពុង​ដំណើរការ​ក្តី​នៅ​តុលាការ​។ នេះ​បើតាម​ឯកសារ​ខាងលើ​។

ប្រភព​ដដែល​បន្តថា ក្រោយ​ទទួល​បាន​ការជួយ​អន្តរាគមន៍ នាង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្នាក់នៅ​ក្នុង​មជ្ឈមណ្ឌល​មួយ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​។ ​ចំពោះ​​ប្រាក់ខែ​ និង​សំណង​ផ្សេងៗ អាជ្ញាធរ​ម៉ាឡេស៊ី​នឹង​រៀបចំ​ទៅតាម​ការសម្រេច​របស់​តុលាការ​នៅពេល​បញ្ចប់​ការកាត់ក្តី ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំនេះ​។

ប៉ុន្តែ​ដោយ​នាង និង​គ្រួសារ​នៅ​កម្ពុជា ក្រីក្រ​ខ្លាំង អង្គការ​សម្ព័ន្ធ​ចាប់ដៃ​នៅ​កម្ពុជា​ក៏​បាន​ជួយ​ទិញ​សំបុត្រ​យន្តហោះ​ជូន​នាង​ឱ្យ​បាន​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ​ផង​ដែរ​៕