ភ្នំពេញៈ ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​បាន​ធ្វើការ​ណែនាំ និង​ផ្សព្វផ្សាយ​ស្តីពី​ការថែទាំ​សុខភាព​នា​រដូវវស្សា​ទៅដល់​ពលករ សិស្ស-និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​ ៦ ​ម៉ឺន​នាក់​ដែល​កំពុង​ធ្វើការ និង​រស់នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង ដើម្បី​ការពារ និង​ទប់ស្កាត់​នូវ​ហានិភ័យ​ផ្សេងៗ​ព្រោះ​តែមាន​អ្នកស្លាប់​ជា​រៀងរាល់ឆ្នាំ​ជា​មធ្យម​ពី​ ១០ ​ទៅ​ ១៥ ​នាក់​ក្នុង​ ១ ​ឆ្នាំ​។

យោងតាម​សេចក្តី​ណែនាំ​របស់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​កូរ៉េ​បាន​ធ្វើការ​ណែនាំ​ចំនួន​ ៩ ​ប្រការ​សម្រាប់​ការពារ លើកកម្ពស់​សុខុមាលភាព និង​ទប់ស្កាត់​នូវ​ហានិភ័យ​មួយចំនួន​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​ដ៏មានតម្លៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅពេល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​នៅ​ប្រទេសមួយ​នេះ​។

លិខិត​បានឱ្យ​ដឹងថា នៅពេល​ធ្វើដំណើរ​ឬ​ទៅ​ធ្វើការ​នៅ​ខាងក្រៅ​ផ្ទះ​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ឱ្យបាន​ក្រាស់ និង​ប្រើ​កន្សែង​រុំក ពាក់មួក ព្រមទាំង​ពាក់​ស្រោមដៃ​, សម្រាក​ឱ្យបាន​គ្រប់គ្រាន់ និង​ធ្វើ​លំហាត់ប្រាណ​ងាយៗ​នៅក្នុង​ផ្ទះ​ឱ្យបាន​ទៀងទាត់​។

សេចក្តី​ណែនាំ​នេះ​បាន​បន្តថា​៖ «​ពេល​គេង​ត្រូវ​បើក​ម៉ាស៊ីន​សំណើម ឬ​ត្រូវដាក់​ទឹក​មួយ​ផ្តិល​នៅក្នុង​បន្ទប់​ ឬ​បង្ហើប​បង្អួច​បន្តិច ប៉ុន្តែ​កុំ​បើក​ម៉ាស៊ីនកម្តៅ​ខ្លាំងពេក ដោយ​រក្សា​កម្តៅ​ក្នុង​បន្ទប់​ឱ្យនៅ​ត្រឹម​សីតុណ្ហភាព​ពី​ ២០ ​ទៅ​ ២៥ ​អង្សារ​។ កុំ​បិទ​បង្អួច​បន្ទប់​ជិត​ពេក​ត្រូវ​ទុកចន្លោះ​បង្អួច​ឱ្យមាន​ខ្យល់​អុកស៊ីហ្ស៊ែន​ចេញចូល​គ្រប់គ្រាន់​ក្នុង​ ១ ​ថ្ងៃ ២ ​ទៅ​ ៣ ​ដង​អាច​បើក​ម្តង​រយៈពេល​ ១០ ​នាទី​»​។

ស្ថានទូត​បាន​បន្តថា ប្រជាពលរដ្ឋ​ និង​ពលករ​ទាំងអស់​ត្រូវ​បរិភោគ​អាហារ​ដែល​សម្បូរ​​ជីវជាតិ​ឱ្យបាន​គ្រប់គ្រាន់ ជាពិសេស​ប្រភេទ​អាហារ​ដែលមាន​វីតាមីន​ D ដូចជា​ត្រី ស៊ុតលឿង ថ្លើម ឈីស ជាដើម និង​ត្រូវ​ពិសា​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ចៀសវាង​ការបាត់បង់​ជាតិ​ទឹក​នៅក្នុង​ខ្លួន​។

នៅក្នុង​ការ​ Live វីដេអូ កាលពី​សប្តាហ៍​មុន លោក​ ឡុង ឌីម៉ង់ អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​បាន​លើកឡើង​ថា សព្វថ្ងៃនេះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ និង​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​មាន​ប្រមាណ​ជាង​ ៦ ​ម៉ឺន​នាក់​ក្នុង​នោះ​មាន​ពលករ​ប្រមាណ​ជា​ ៥ ​ម៉ឺន​នាក់​ក្នុង​នោះ​មាន​ពី​ ១០ ​ទៅ​ ១៥ ​ភាគរយ​ជា​ពលករ​ខុសច្បាប់ (​ពលករ​ដែល​ចប់​អាណត្តិ​ហើយ​មិនទាន់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​) ​ស្ត្រី​ ឬ​បុរស​ខ្មែរ​ដែល​រៀបការ​ស្វាមី​ ឬ​ភរិយា​ជនជាតិ​កូរ៉េ​មាន​ប្រមាណ​ជា​ជិត​ ១ ​ម៉ឺន​នាក់ និង​និស្សិត​ប្រមាណ​ជា​ ៤០០ ​នាក់​។

លោក​បាន​ថ្លែងថា​៖ «​ពលករ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅក្នុង​ប្រទេស​កូរ៉េ​នេះ ជួបប្រទះ​ទាំង​សុខ និង​ទុក្ខ ហើយ​យើង​បានធ្វើការ​ដោះស្រាយ​នូវ​បញ្ហា​ជាច្រើន​បន្តបន្ទាប់​គ្នា​ដល់​ពួកគាត់​។ ដោយឡែក​មាន​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ទាំងអស់​ដែល​យើង​បាន​ជួបប្រទះ​ដែលជា​ទុក្ខព្រួយ​ដ៏ធំ​របស់​ពួកយើង​គឺ​ការទទួល​មរណភាព​របស់​ពលរដ្ឋ​ និង​ពលករ​របស់​ខ្មែរ​យើង​មួយចំនួន ដែល​ក្នុង ១​ឆ្នាំៗ​ជា​មធ្យម​មាន​ចន្លោះ​ពី ១០ ទៅ​ ១៥ ​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​»​។

លោក​ ឡុង ឌីម៉ង់ ​បានបញ្ជាក់​បន្ថែមថា អ្នក​ទាំងនោះ​ស្លាប់​ដោយសារ​បញ្ហា​ផ្សេងៗ​គ្នា​គឺ​អ្នកខ្លះ​ស្លាប់​ដោយសារ​បញ្ហា​បេះដូង ជំងឺ​រ៉ាំរ៉ៃ គ្រោះថ្នាក់​ចរាចរណ៍ អត្តឃាត និង​ឃាតកម្ម​ជាដើម​។ លោក​ថា​៖ «​ខ្ញុំ​ចង់​ជម្រាបជូន​ផងដែរ​ថា ក្នុង​ចំនួន​បងប្អូន​ដែល​ស្លាប់​ចន្លោះ​ពី​ ១០ ​ទៅ​ ១៥ ​នាក់​នោះ គឺ​មាន​ប្រមាណ​ជា​ ៦០ ​ភាគរយ​ដែល​យើង​ទទួលបាន​របាយការណ៍​មក​ថា ស្លាប់​ដោយសារ​ជំងឺ​គាំង​បេះដូង​ដែល​អ្នកខ្លះ​ស្លាប់​នៅក្នុង​បន្ទប់​គេង​តែង​ម្តង​»​។

លោក​ ឡុង ឌីម៉ង់ ពន្យល់ថា មូលហេតុ​ដែល​នាំឱ្យ​ពលករ​ខ្មែរ​ភាគច្រើន​មាន​ជំងឺ​គាំងបេះដូង​នេះ​មាន​កត្តា​ផ្សេងៗ​គ្នា​ដូចជា បញ្ហា​ផ្លូវចិត្ត ការហូប​មិន​គ្រប់គ្រាន់ គេង​មិន​គ្រប់គ្រាន់ អាកាសធាតុ​ត្រជាក់​ខ្លាំង​ជាដើម​។

លោក​ថា​៖ «​យើង​តែងតែ​ខិតខំ​ដោះស្រាយ​ដោយ​មិនដែល​គិតថា​ពលរដ្ឋ​ខ្លួន​ទទួល​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ​បែរជា​បោះបង់ចោល គឺ​យើង​មិនដែល​បោះបង់ចោល​នោះទេ គឺ​យើង​តែងតែ​គិតគូរ​ជួយ​សម្របសម្រួល​ដោះស្រាយ​ជូន​ពលរដ្ឋ​យើង​ជានិច្ច​»៕