ភ្នំពេញៈ ស​ហ​រដ្ឋ​អា​មេរិក​កាល​ពី​ចុង​សប្ដា​ហ៍​កន្លង​មក​បាន​សរសេរ​សារ​នៅ​លើ​ទំ​ព័រ​ហ្វេស​ប៊ុក​របស់​ស្ថានទូត​ខ្លួន​នៅ​រាជ​​ធា​នី​​ភ្នំ​ពេញ​ដោយ​បាន​​​បង្ហាញ​ទស្សនៈ​លើ​ទំ​នាក់​ទំ​នង​ពាណិជ្ជ​កម្ម​ទ្វេភា​គី​រវាង​ប្រ​ទេស​ចិន​ និង​កម្ពុជា មិន​ជួយ​បង្កើត​ឲ្យ​មាន​ការ​ងារ​ ឬ​ជួយ​ដល់​ឧស្សា​ហ​កម្មកម្ពុជា​នោះ​ទ បើ​ប្រៀប​ជា​មួយ​ទំ​នាក់​ទំនង​ទ្វេភា​គី​ កម្ពុជា-សហរដ្ឋ​អាមេរិក។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ស្ថាន​ទូត​សហ​រដ្ឋ​​អាមេ​រិក​ បាន​សរសេរ​ថា​៖​​ «​ប្រហែល​ ៨៧% នៃ​ទំនិញ​ដោះ​ដូរ​គ្នា​គឺ​ជា​ទំនិញ​នាំ​ចូល​មក​ពី​ប្រទេស ​ចិន​ ដែល​មិន​ជួយ​ដល់​ការ​ធ្វើ​ឱ្យ​មាន​ការងារ​ ឬ​ជួយ​ដល់​ឧស្សា​ហ​កម្ម​ដូច​ទំនាក់​ទំនង​របស់​ប្រទេស​ កម្ពុជា​ ជា​មួយ​សហ​រដ្ឋ​អាមេរិក​ ឬ​សហ​ភាព​អឺរ៉ុប​នោះ​ទេ។ ​នេះ​គ្រាន់​តែ​ជា​ផ្លូវ​មួយ​ទៀត​ដែល​ប្រទេស​ កម្ពុជា ​បាន​ងាក​ចេញ​ពី​យុទ្ធសាស្ត្រ​សេដ្ឋ​កិច្ច​ ដែល​មាន​តុល្យភាព​ និង​លក្ខណៈ​ចម្រុះ​ច្រើន​ ទៅ​រក​យុទ្ធ​សាស្ត្រ​សេដ្ឋ​កិច្ច​ ដែ​ល​​មាន​ការ​ពឹង​ផ្អែក​ច្រើន​ទៅ​លើ​ប្រទេស​ ចិន»។​

​ជា​មួយ​គ្នា​នេះ​ដែ​រ​ កាល​ពី​ថ្ងៃ​សៅរ៍​ស្ថាន​ទូត​ចិន​ប្រ​ចាំ​នៅ​រាជ​ធានី​ភ្នំ​ពេញ​ក៏បាន​សរសេរ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​ដូច​គ្នា​ដោយ​បង្ហាញ​អំ​ពី​ស្ថិតិ​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដូច​ជា​ផ្លូវ​ថ្នល់​ ស្ពាន​ និង​ទំនប់​វារី​អគ្គិស​នី​នៅ​កម្ពុជា ក្នុង​នោះ​កសាង​ផ្លូវ​ Highways​ ចំនួន ​៣១ ​ខ្សែ ​និង​ស្ពាន​ចំនួន​ ៨​ ដែល​មាន​ប្រវែង​សរុប​ជាង​ ៣ ០០០ ​គីឡូ​ម៉ែត្រ​ និង​ស្ថានីយ​វា​រី​អគ្គិស​នី​​ជា​ច្រើន​ទៀត។​

សារ​របស់​ស្ថាន​ទូ​ត​ចិន​ បាន​សរ​សេរ​ថា​៖​ «​វា​គឺ​ជា​រឿង​ធម្មតា​ទេ​ ព្រោះ​នៅ​ក្នុង​ពិភព​នៃ​សកល​ភាវូប​នី​យក​ម្ម ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​តែង​តែ​ធ្វើ​ដំណើរ​ហួស​ពី​កម្រិត​ទ្វេ​ភាគី។​ នៅ​ក្នុង​ករណី​កម្ពុជា​វិញ​ ប្រទេស​ កម្ពុជា​ បាន​នាំចូល​នូវ​វត្ថុធាតុ​ដើម​វាយ​នភណ្ឌ និង​គ្រឿង​ម៉ាស៊ីន​វាយនភណ្ឌ​យ៉ាង​ច្រើន​ពី​ប្រទេស​ ចិន​ សម្រាប់​បម្រើ​វិស័យ​កាត់​ដេរ ​ខណៈ​ដែល​ខ្លួន​បាន​នាំ​ចេញ​ផលិត​ផល​សម្រេច​ទៅ​កាន់​គ្រប់​ទី​កន្លែង​ទូទាំង​សកល​លោក​ ក្នុង​នោះ​រួម​មាន​ទាំង​សហ​រដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប​ផង​ដែរ។​ នៅ​ក្នុង​ករណី​នេះ ​វា​គឺ​ជា​ភាព​សកម្ម​បំផុត​របស់​កម្មករ​ខ្មែរ​ ដែល​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម»។

ជា​មួយ​នឹង​សារ​ឆ្លើយឆ្លង​គ្នា​រវាង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​និង​ស្ថាន​ទូត​ចិន​ ​លោក​ ខៀវ​ កាញា​រីទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ ក៏បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​ ​ដោយ​បង្ហាញ​ទស្សន:ថា​ ប្រហែ​ល​​មាន​តែ​នៅ​ស្រុក​ខ្មែរ​ទេ​ ដែល​ស្ថាន​ទូត​មួយ​បញ្ចេញ​ដំណឹង​ក្លែង​បន្លំ​ (Fake News)​ វាយ​ប្រហារ​ប្រទេស​ម្ចាស់​ផ្ទះ​ផង​ វាយ​ប្រហារ​ប្រទេស​មួយ​ទៀត​ដែល​ខ្លួន​មាន​ទំនាក់​ទំនង​ស្ថានទូត​ជាមួយ​ផង។​

​លោក ​កាញា​រីទ្ធ​ ​សរសេរ​ថា​៖​ «​អ្នក​វិភាគ​នៅ​ទី​នេះ​ខំ​បង្ហាញ​ថា​ គឺ​ពាណិជ្ជ​កម្ម​ជា​មួយ​សហរដ្ឋ​អា​មេរិក​ទេ​ដែល​បាន​បង្កើត​ការងារ​នៅ​ស្រុក​ខ្មែរ​ តែ​គេ​ «​ភ្លេច​»​ បង្ហាញ​រឿង​មួយ​ដ៏​សំខាន់​នៅ​ក្នុង​សេដ្ឋ​កិច្ច​ផង​ដែរ​ នោះ​គឺ​ទំហំ​វិនិ​យោគ​ចូល​មក​ក្នុង​ប្រទេស​កម្ពុ​ជា​វិញ​តើ​មាន​ប៉ុន្មាន? ​យើង​មា​ន​តែ​ចង់​កសាង​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្រប់​ប្រទេស​ ពិសេស​ជា​មួយ​សហ​រដ្ឋ​អា​មេរិក តែ​មនុស្ស​ខ្លះ​ប្រឹង​ដុត​កម្លោច​ទំនាក់​ទំនង​នេះ ​ព្រោះ​តែ​អគ​តិ​របស់​ខ្លួន​ទៅ​វិញ»។

ទោះ​​ជា​យ៉ាង​ណា​ក៏ដោយ​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូ​តអា​មេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ លោក ​Arend Zwartjes កាល​ពី​ម្សិល​មិញ​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​ទៅ​លើ​សារ​ដែល​បាន​ឆ្លើយ​ឆ្លង​គ្នា​កន្លង​មក​នោះ​ទេ។​

​លោ​ក​ សុខ​ ទូច​ ប្រធាន​រាជ​បណ្ឌិត្យសភា​ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិ​ល​មិញ​ ដោយ​អះ​អាង​ថា​ សារ​ឆ្លើយ​ឆ្លង​គ្នា​រវាង​ស្ថាន​ទូត​អាមេរិក​ និង​ចិន​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ទិដ្ឋ​ភាព​ប្រ​វត្តិ​សាស្ត្រ​ និង​បច្ចុប្បន្ន​ភាព​ ដែល​បាន​យក​កម្ពុជា​ធ្វើ​ជា​ឈ្នាន់។​​ ​

​លោក​ សុខ​ ​ទូច​ ថ្លែង​ថា​ ទី១​ ប្រទេស​ទាំង​ ២​ នេះ​ ធ្លាប់​បាន​ប្រើប្រាស់​ទឹក​ដី​កម្ពុជា​សម្រាប់​សាក​ល្បង​គ្នា ​ហើយ​ក្នុង​ពេល​នេះ​ក៏​មិន​ខុស​គ្នា​ដែរ​ ដោយ​ប្រើ​ប្រាស់​គ្រប់​រូប​ភាព ​ដើម្បី​បាន​កម្ពុជា។

​-​ទី២​ គឺ​នៅ​ពេល​នេះ ​ជា​ពេល​វេលា​ដែល​ប្រទេស​ធំៗ ​ចាប់​ផ្តើម​ប្រមូល​យក​ប្រទេស​តូចៗ​ ដូចជា​កម្ពុជា​ជា​ដើម​ តាម​រយៈ​ទំនាក់​ទំនង​សេដ្ឋ​កិ​ច្ច​ ដែល​មើល​ឃើញ​ថា​ បច្ចុប្បន្ន​ ចិន​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​សេដ្ឋ​កិច្ច​របស់​កម្ពុជា​ តាម​រយៈ​ទំនាក់​ទំនង​គ្រប់​ជ្រុង​ជ្រោយ ដូច​ជា​លើ​វិស័យ​អចល​ន​ទ្រព្យ​ លើ​វិស័យ​ទេស​ចរណ៍ ​និង​លើ​លំហូរ​ចូល​សម្ភារ​ប្រើប្រាស់​ជា​ច្រើន​មក​កម្ពុជា​ ហើយ​អ្វី​ទាំង​នេះ ​គឺ​អា​មេរិក​គ្មាន​នោះ​ទេ។​ ​

​-​ទី​៣ ​លោក​ សុខ​ ទូច​ និយាយ​ថា​ ដោយ​សារតែ​ប្រទេស​មហា​អំណាច​នេះ​មិន​ហ៊ាន​វាយ ប្រហារ​គ្នា​ចំពោះ​មុខ​ ដូច្នេះយក​កម្ពុជា​ជា​ឈ្នាន់ដើម្បី​វាយប្រហារ​គ្នា។​

លោក​ សុខ ​ទូច​ ថ្លែង​ថា​៖ ​«​ព្រឹតិ្តការណ៍​លើក​នេះ​មិន​អាច​ធ្វើ​ឲ្យ​កម្ពុជា​ដើរ​ជាន់​ដាន​ប្រវ​ត្តិ​សាស្ត្រ​នោះ​ទេ​ ព្រោះ​តែ​កម្ពុជា​បាន​ធ្វើ​នយោ​បាយ​វៃឆ្លាត ​ដោយ​មិន​យក​អ្នក​ណា​ជាស​ត្រូវ​នោះ​ទេ​ ហើយ​ស្វា​គមន៍​គ្រប់​ប្រទេស​ទាំង​អស់​ ឲ្យ​តែ​ផ្តល់​ផលចំណេ​ញ​ដល់​កម្ពុជា​ក្នុង​ការ​អភិ​វឌ្ឍ​ប្រ​ទេស​របស់​ខ្លួន​​។​ ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិ​វឌ្ឍន៍ ​ជា​ប្រទេស​មួយ​រក​ដៃគូ ​ដោយ​ប្រើប្រាស់​នយោ​បាយ​ចម្រុះ​ពណ៌ ដែល​មិន​សំខាន់​ប្រទេស​នោះ ជា​ប្រទេស​អ្វី​ទេ​?​ ​សំខាន់​ប្រទេស​នោះ ​ផ្តល់​ផល​ប្រយោជន៍​មក​កម្ពុជា​សូម្បី​តែ​អាមេរិក​ក៏​ដោយ»។​

​លោ​ក ស ខេ​ង រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ម​ហា​ផ្ទៃ បា​ន​ថ្លែ​ង​ក្នុ​ង​ពិ​ធី​បុ​ណ្យ​ព្រះ​យេ​ស៊ូ​គ្រិស្ដកាល​ពី​​ថ្ងៃ​អាទិ​ត្យ​ ​នៅ​​ខេ​ត្ត​បា​ត់​ដំ​ប​ង​ថា ក​ម្ពុ​ជាប្រ​​កា​ន់​យ​ក​ន​យោ​បា​យ​កា​រ​ប​រ​ទេ​ស​ទា​ក់​ទ​ង​គ្រ​ប់​ប្រ​ទេ​ស​ទាំ​ង​អ​ស់​ ​ដោ​យ​មិ​ន​ប្រ​កា​ន់​និ​ន្នា​ការ​ន​យោ​បា​យ ដែ​ល​ជា​ប្រ​ទេ​ស​អ​ព្យា​ក្រឹ​ត ហើ​យ​មិ​ន​ចងប​ក្ស​ស​ម្ព័​ន្ធ​ ​និ​ង​មិ​ន​​អ​នុ​ញ្ញា​តឲ្យ​មាន​មូលដ្ឋាន​យោធា​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ទេ។

លោ​ក​ ស ខេង ថ្លែង​ថា​៖ «​មា​ន​គេ​ចោ​ទ​ថា (កម្ពុជា)​ ​ម៉េច​​ក៏​ងា​ក​ទៅ​ចិ​ន​ខ្លាំ​ង​ម្ល៉េះ​​ ​មិ​ន​ងា​ក​ទៅ​លោ​ក​ខា​ង​លិ​ច​ផ​ង​ ​ឧ​ទា​ហ​រ​ណ៍​អ៊ីចឹង? តែ​យើ​ង​មិ​ន​មា​ន​បំ​ណ​ង​អ៊ីចឹ​ង​ទេ?។ កា​រ​ពិ​ត​ទៅ​គឺ​ត្រូ​វ​តែ​ទា​ក់​ទ​ង​ទាំ​ង​អ​ស់​ ​តា​ម​រ​ដ្ឋ​ធ​ម្ម​នុ​ញ្ញ​​ដែ​ល​បា​ន​​ចែ​ង ហើ​យ​យើ​ង​ទាក់​ទ​ង​ទាំ​ង​អ​ស់ ​ចិ​ន​ ​ក៏​ទាក់​ទ​ង​អា​​មេ​រិ​ក​ក៏​ទា​ក់​ទ​ង​ ​អឺ​រ៉ុ​ប​ក៏​ទា​ក់​ទ​ង​ ​ដែ​ល​យើ​ង​​កំពុ​ង​ធ្វើ​ស​ព្វ​ថ្ងៃ​ហើយ​តើ»។​

​លោក​ ឡៅ ​ម៉ុង​ហៃ​ អ្នក​វិភាគនយោបាយ​ និង​លោក​ អ៊ូ វីរៈ ប្រធាន​វេទិកាអ​នាគត​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ៕