ឯកអគ្គរដ្ឋទូត​ថ្មី​របស់​អាមេរិក លោក W.Patrick Murphy ជួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដោយ​បាន​ពិភាក្សា​លើ​ប្រធាន​បទ​រសើប​ដែល​ប្រទេស​ទាំង​ពីរ​យល់​ឃើញ​ផ្សេង​គ្នា ជុំវិញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ការ​ឃុំ​ខ្លួន​រឿង​នយោបាយ។

នៅ​ព្រឹក​​ថ្ងៃ​សុក្រ​នេះ លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ជួប​ជាមួយ​លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​ថ្មី​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង សហការរី​ចូល​ជួប​សម្តែង​ការ​គួរសម និង ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ។

ក្រោយ​បញ្ចប់​ជំនួប​សម្តែង​ការ​គួរសម លោក W.Patrick Murphy បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​យ៉ាង​ដូច្នេះ​ថា ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​តាម​រយៈការ​រួមគ្នា​យ៉ាង​ជិតស្និត​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ​សត្វព្រៃ និង​ការ​ការពារ​កុមារ ជាពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អន្តរជាតិ។

ជាមួយ​នឹង​ភាព​ជិតស្និត​នេះ លោក Murphy បាន​បញ្ជាក់​ទៅ​កាន់​លោក ស ខេង ដោយ​ត្រង់​ចំពោះ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស​នៅ​កម្ពុជា និង ជុំវិញ​ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ជំទាស់​មួយ​ចំនួន ដែល​លោក​ចង់​ឲ្យ​មាន​ដោះស្រាយ​ណា​មួយ​ឲ្យ​បាន​ល្អ​ប្រសើរ។

លោក Murphy បាន​ថ្លែង​ថា៖ «យើង​បាន​យល់ស្រប​ជាមួយ​គ្នា​ក្នុង​ការ​ពិភាក្សា​លើ​ប្រធានបទ​ខ្លះ​ដែល​ភាគី​ទាំង​ពីរ​យល់​ឃើញ​ផ្សេង​គ្នា។ ហើយ​យើង​សង្ឃឹម​ថា កម្ពុជា អាច​ធ្វើឲ្យ​មាន​ការ​រីក​ចម្រើន​ដើម្បី​សម្រេច​បាន​នូវ​ប្រជាធិបតេយ្យ​សេរីពហុបក្ស ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ ហើយ​យើង​សង្ឃឹម​ថា ពលរដ្ឋ​កម្ពុជា​ទាំងអស់​ទាំង​នៅ​ក្នុង​ប្រទេស និង ក្រៅ​ប្រទេស​អាច​ចូលរួម​​ក្នុង​ដំណើរការ​នយោបាយ ទោះ​បី​ជា​ពួកគេ​មាន​ទស្សនៈ​ផ្សេង​គ្នា ឬ​សូម្បី​ពួកគេ​មាន​ទស្សនៈ​ជំទាស់​ក៏​ដោយ»។

លោក​បន្ត​ថា៖ «យើង​បាន​កត់​សម្គាល់​ឃើញ​ថា ការ​ឃុំ​ខ្លួន​ថ្មីៗ​នេះ​បាន​ធ្វើឲ្យ​បាត់បង់​សិទ្ធិ​ខ្លះ​របស់​ពលរដ្ឋ​កម្ពុជា យើង​សង្ឃឹមថា ទាំង​នេះ​អាច​ត្រូវ​បាន​ស្ដារ​ឡើង​វិញ។ នេះ​នឹង​ក្លាយ​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា និង​ជា​រឿង​ល្អ​សម្រាប់​ទំនាក់​ទំនង​ទ្វេ​ភាគី ហើយ​ក៏​សម្រាប់​ឋានៈ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ»។

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក៏​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្នុង​ឱកាស​នោះ​ដែរ​ថា ទំនាក់​ទំនង​ល្អ​ជា​យូរឆ្នាំ​របស់​ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​មាន​ការ​វិឌ្ឍន​បន្ថែម​​ទៀត តាម​រយៈការ​បង្កើត​កម្មវិធី​ថ្មីៗ​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ កាន់​តែ​ល្អ​បន្ថែម​ទៀត។

ចំពោះ​ការ​លើក​ឡើង​របស់​អាមេរិក លោក​បញ្ជាក់​ថា កម្ពុជា​នឹង​យក​មក​ពិចារណា ហើយ​នឹង​ធ្វើអ្វីៗ​ដែល​សមស្រប ដើម្បី​ឈាន​ទៅ​ពង្រឹង​សុខ​សន្តិភាព ស្ថេរភាព និង មាន​ការ​អភិវឌ្ឍ របស់​ប្រទេស។

លោក​បញ្ជាក់​ថា៖ «យើង​ក៏​បាន​ជជែក​ពិភាក្សា​អំពី​បញ្ហា​ដែល​ឯកឧត្តម​បាន​លើក​ឡើង​ចុង​ក្រោយ​អម្បាញមិញ​នេះ ក្នុង​ក្រប​ខណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​មួយ​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះ យើង​នឹង​ខិតខំ​ធ្វើអ្វីៗ ដែល​សមស្រប​នាំ​ឲ្យ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព ស្ថេរភាព និង​មាន​ការ​អភិវឌ្ឍ​បន្ត​ទៀត»។

ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​ណា​បច្ចុប្បន្ន លោក ស ខេង ត្រូវ​បាន​អ្នក​សារព័តមាន​សួរ​ថា នឹង​មាន​ការ​សម្រប​សម្រួល​ណា​មួយ​ដែរ​ឬ​ទេ ហើយ​លោ​ក​បាន​ឆ្លើយតប​ថា៖ «ខ្ញុំ​មិន​ទាន់​អាច​ជម្រាប​ជូន​បាន​ទេ ប៉ុន្តែ​យើង​នឹង​ខិតខំ​ធ្វើអ្វីៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​របស់​យើង»។

បើ​ទោះ​ជា​មាន​ការ​យល់​ឃើញ​ផ្សេង​គ្នា​បែប​នេះ ក៏លោក Murphy មិន​ភ្លេច​ប្រកាស​ពី​ចូលរួម​របស់​លោក ដោយ​ក្តី​គោរព​ក្នុង​ឱកាស​ដែល​កម្ពុជា​ប្រារព្វពិធី​បុណ្យ​ឯករាជ​ជាតិ និង ព្រះ​រាជ​ពីធី​បុណ្យ​អុំទូក​នៅ​ចុង​សប្តាហ៍​នេះ ជាមួយ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស ដោយ​លោក សង្ឃឹម​ថា ទាំង​លោក និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល នឹង​ទទួល​បាន​សុវត្ថិភាព​ទាំង​អស់​គ្នា៕