ភ្នំពេញៈ ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុប (EU) ដែលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភា លោក ហេង សំរិន ពីម្សិលមិញ បានបញ្ជាក់អំពីជំហររបស់ខ្លួនក្នុងការខិតខំប្រឹងប្រែង ដើម្បីជួយសម្រួលឲ្យកម្ពុជាអាចរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ EBA (Everything But Arm)។
ក្នុងជំនួបសម្តែងការគួរសមនោះលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុបបានថ្លែងថា ក្នុងអាណត្តិទូតថ្មីនេះលោកស្រីនឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយសហភាពអឺរ៉ុបឲ្យកាន់តែរឹងមាំថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោក កែវ ពិសិដ្ឋ ប្រធានខុទ្ទកាល័យលោក ហេង សំរិន។
លោក កែវ ពិសិដ្ឋ ក៏បានបញ្ជាក់ដែរថាលោកស្រី Carmen Moreno បានបញ្ជាក់ពីជំហរជួយកម្ពុជាក្នុងការរក្សានូវ EBA ដោយលោកបានថ្លែងថា៖ «ទន្ទឹមនឹងនេះទូតថ្មីក៏សម្ដែងការគាំទ្រផងដែរ គឺថាធ្វើយ៉ាងម៉េចដើម្បីឲ្យមានការបន្តការអនុគ្រោះពន្ធ (EBA) ពីសហគមន៍អឺរ៉ុបដល់កម្ពុជា។ លោកជំទាវនឹងខិតខំប្រឹងប្រែង ហើយសង្ឃឹមថាកម្ពុជានឹងរក្សាបាននូវ EBA បន្តទៀត»។
លោក កែវ ពិសិដ្ឋ បន្តថាលោក ហេង សំរិន បានអបអរសាទរចំពោះការដែលលោកស្រី Carmen Moreno ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សហភាពអឺរ៉ុប ហើយលោក ហេង សំរិន បញ្ជាក់ថាសហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា។
លោកបន្តថា ប្រធានរដ្ឋសភាកម្ពុជាសង្ឃឹមថា បេសកកម្មការទូតថ្មីនឹងរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-អឺរ៉ុបឲ្យកាន់តែរឹងមាំមួយកម្រិតទៀត។
លោក ពិសិដ្ឋ បានបញ្ជាក់ថា៖ «ទន្ទឹមនឹងនេះដែរសម្ដេច (ហេង សំរិន) បានថ្លែងអំណរគុណចំពោះលោកជំទាវ Carmen ដែលគាំទ្រដល់ការអនុវត្តរបស់កម្ពុជា។ ពិសេសគាំទ្រនយោបាយអនុគ្រោះពន្ធដល់កម្ពុជាដែលធ្វើឲ្យមានកំណើនពាណិជ្ជកម្ម និងវិនិយោគជាបន្តបន្ទាប់»។
កាលពីថ្ងៃទី ២ ខែធ្នូ លោកស្រី Carmen Moreno ក៏បានជួបសម្ដែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរដោយក្នុងជំនួបនោះ លោកស្រីក៏បានលើកឡើងពីការភ្ញាក់ផ្អើលរបស់លោកស្រីចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងអបអរសាទរការអភិវឌ្ឍនេះ។ នេះបើតាមព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រីក៏បានថ្លែងថា កម្ពុជាមានការអភិវឌ្ឍ និងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព។ លោកស្រីបានបន្តថា លោកស្រីមានមោទនភាពចំពោះកម្ពុជានឹងបន្តជាដៃគូជួយកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។
ជាការឆ្លើយតបលោក ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលបានជួយដល់កម្ពុជា ជាពិសេសក្នុងការកាត់ទោសអតីតថ្នាក់ដឹកនាំកំពូលៗខ្មែរក្រហម និងបានជួយដល់កម្ពុជាជាច្រើនលើវិស័យដទៃទៀត។
បើតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីដដែល លោក ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា៖ «យើងគប្បីឈរលើមូលដ្ឋានត្រឹមត្រូវនូវរាល់កិច្ចការងារដែលយើងបានសហការគ្នាកន្លងមក និងស្វែងរកនូវអ្វីដែលយើងអាចសហការធ្វើការរួមគ្នាបន្តទៀតក្នុងភាពជាដៃគូផង និងក្នុងកិច្ចពង្រឹងពង្រីកទំនាក់ទំនងរវាងសហគមន៍អឺរ៉ុប និងកម្ពុជាផង»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងពីម្សិលមិញថា លោកស្រី Carmen បានឃើញស្ថានភាពពិតនៅកម្ពុជា ថាកំពុងដើរនៅលើគន្លងដ៏ត្រឹមត្រូវ។ លោកថា បើឃើញថាកម្ពុជាដើរលើផ្លូវត្រឹមត្រូវហើយនោះ សហភាពអឺរ៉ុបគួរតែជួយកម្ពុជាបន្តទៀត។
ប៉ុន្តែលោកព្រមានថា បើសហភាពអឺរ៉ុបមិនជួយកម្ពុជាពាក់ព័ន្ធនឹងរឿង EBA ទេ ហើយកម្ពុជានៅតែអាចរស់បានដោយខ្លួនឯងនោះ សហភាពអឺរ៉ុបនឹងបាត់តម្លៃ។ លោកថា ដំណើរការដក EBA នេះគឺជាសម្ពាធនយោបាយគឺថាសហភាពអឺរ៉ុបចង់ជួយដល់លោក កឹម សុខា ឬគណបក្សប្រឆាំង។
លោកថ្លែងថា៖ «ពិភពលោកឥឡូវស្ថិតនៅក្នុងលំអានតែមួយទេ គឺសកលភាវូបនីយកម្ម។
ក្នុងករណីដែលសហភាពអឺរ៉ុបរុញកម្ពុជាឲ្យកាន់តែឆ្ងាយទៅ កម្ពុជាត្រូវបែរទៅរកមហាអំណាចណាមួយដើម្បីភាពរឹងមាំទាំងសេដ្ឋកិច្ច និងនយោបាយ និងអធិបតេយ្យភាព។ ដូច្នេះកម្ពុជាត្រូវសម្លឹងទៅមហាអំណាច ព្រោះកម្ពុជាយើងទទួលស្គាល់ជាប្រទេសតូចនៅខ្សោយ ហើយអ៊ីចឹងត្រូវមានការគាំទ្រពីមហាអំណាចណាមួយ»។
លោក សុខ ទូច បន្តថា៖ «ដូច្នេះសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបត្រូវសម្លឹងមើលលើប្រវត្តិសាស្ត្រ។ បើធ្វើតឹងពេកធ្វើឲ្យកម្ពុជាទៅកៀនជញ្ជាំង។ ខ្មែរយើងមានសុភាសិតមួយថាបើទូកលិច អ្វីៗក៏មានតម្លៃដែរ សូម្បីតែខ្នើយ ឬផ្លែគមួយនៅលើទន្លេ ក៏ក្លាយជានាវាដ៏ស្កឹមស្កៃដែរ»។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីនេះមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេពីម្សិលមិញ៕
វីដេអូ៖