ខេត្តសៀមរាបៈ លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៨ ខែ​មករា បាន​បើកសម្ពោធ​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ស្តីពី​ការស្វែងរក​ព័ត៌មាន​អំពី​ការអប់រំ​នៅ​សហរដ្ឋអាមេរិក​នៅក្នុង​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ក្នុង​ខេត្ត​សៀមរាប​ ដែល​ជា​មជ្ឈមណ្ឌល​ទី​៣ ​នៅ​កម្ពុជា​។ ក្រោម​ជំនួយ​គាំទ្រ​ពី​ថវិកា​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​។

លោក Patrick Murphy ថ្លែងថា​៖ «​មជ្ឈមណ្ឌល​ថ្មី​នេះ ​គឺជា​កន្លែង​ដែល​ឪពុកម្តាយ អាណាព្យាបាល និង​សិស្ស និស្សិត​អាច​មក​ទទួល​ការផ្តល់​ប្រឹក្សា​ដោយផ្ទាល់ ដើម្បី​ស្វែងយល់​ពី​ការសិក្សា​នៅក្នុង​សហរដ្ឋ​អាមេរិក​។ មជ្ឈមណ្ឌល​នេះ​ផ្តល់​ការណែនាំ​ស្តីពី​របៀប​ស្វែង​រកមើល​សាកលវិទ្យាល័យ​នានា និង​ឱកាស​អាហារូបករណ៍ ផ្តល់​ព័ត៌មាន​ស្តីពី​​កម្មវិធី​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ហើយ​ផ្តល់​ប្រឹក្សា​ក្នុង​ការដាក់ពាក្យ និង​សរសេរ​ពាក្យសុំ​ចូលរៀន​នៅ​តាម​មហាវិទ្យាល័យ​នៅ​ទីនោះ​»​។

លោក Murphy បានឱ្យដឹងថា កន្លងមក​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ស្តីពី​ការអប់រំ​នៅ​សហរដ្ឋអាមេរិក​មាន​ចំនួន ២ រួច​មក​ហើយ​នៅក្នុង​រាជធានីភ្នំពេញ ដោយមាន​ទីតាំង​មួយ​ស្ថិត​នៅក្នុង​ស្ថានទូត​សហរដ្ឋអាមេរិក និង​មួយទៀត​ស្ថិត​នៅក្នុង​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​។

លោក Murphy បញ្ជាក់​ថា​ក្រោម​ជំនួយ​គាំទ្រ​ពី​ថវិកា​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក មជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន​ទាន់ពេល ច្បាស់លាស់ ពេញលេញ មិន​លម្អៀង និង​ត្រឹមត្រូវ​ស្តីពី​ស្ថាប័ន​អប់រំ​ក្នុង​សហរដ្ឋអាមេរិក ហើយ​ផុ្តល់​ការណែនាំ​ចំពោះ​អ្នក​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ឱ្យ​ចាប់យក​ឱកាស​ទាំងនោះ​។

លោក Patrick Murphy សង្ឃឹម​ថា​នឹង​មាន​កំណើន​នៃ​និស្សិត​កម្ពុជា​បន្ថែមទៀត ទៅ​សិក្សា​នៅក្នុង​សហរដ្ឋអាមេរិក ពិសេស​អ្នករស់នៅ​តាម​បណ្តា​ខេត្ត ក្រៅពី​រាជធានី​ភ្នំពេញ​។

របាយការណ៍​អប់រំ​ឆ្នាំ​ ២០២០ របស់​វេបសាយ Open Door ស្តីពី​ការផ្លាស់ប្តូរ​លើ​ការសិក្សា​អប់រំ​ជា​អន្តរជាតិ បាន​បង្ហាញ​ឱ្យដឹងថា មាន​និស្សិត​កម្ពុជា​ចំនួន ៧៤២ នាក់​ បាន​សិក្សា​នៅក្នុង​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​សិក្សា ២០១៩-២០២០​។ ចំនួន​នេះ​គឺ​កើន​ជាង ៨% លើស​ឆ្នាំមុន ដែល​បង្ហាញ​ពី​ការបន្ត​នូវ​កំណើន​ជា​វិជ្ជមាន​ក្នុង​រយៈពេល ៦ ឆ្នាំ​កន្លង​មក​នេះ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​លើ​វិស័យ​អប់រំ​ក្នុង​ពេល​កន្លងទៅ​មាន​ភាពល្អប្រសើរ​ដោយសារ​តែ​សហរដ្ឋអាមេរិក​បាន​ជួយ​កម្ពុជា​ច្រើន​ពាក់ព័ន្ធ​វិស័យ​អប់រំ​ខុសពី​បញ្ហានយោបាយ​ដែល​មាន​ការរកាំរកូស​។

លោក ភា ថ្លែងថា​៖ «​ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក​ក្នុង​វិស័យ​អប់រំ ខ្ញុំ​យល់ថា​ល្អ ដោយសារ​តែ​សហរដ្ឋអាមេរិក​ក៏បាន​ជួយ​កម្ពុជា​ច្រើន​ដែរ​លើ​វិស័យ​អប់រំ ព្រោះ​វា​ជា​វិស័យ​មួយ​ដែល​មិនមាន​លក្ខណៈ​រសើប​ទេ ខុសពី​វិស័យ​នយោបាយ​ដែល​យើង​មើលទៅ​ឃើញ​ថា មាន​ការចម្រូងចម្រាស​បន្តិច​»​។

លោក ជា សានច័ន្ទថន អធិការបតី​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា ថ្លែងថា មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ស្តីពី​ការអប់រំ​នៅ​សហរដ្ឋអាមេរិក​គឺជា​មជ្ឈមណ្ឌល​មួយ​ដ៏សំខាន់​សម្រាប់​និស្សិត​ខ្មែរ ជាពិសេស​សិស្ស​ដែល​ទើប​បញ្ចប់​ថ្នាក់​ទី-១២ ដែល​អាច​ទទួល​បាន​ព័ត៌មាន​ពី​អាហារូបករណ៍ ឬ​ព័ត៌មាន​ពី​សាកលវិទ្យាល័យ​នានា​នៅ​សហរដ្ឋអាមេរិក ហើយ​មាន​ការផ្តល់​ប្រឹក្សា​ជា​រៀងរាល់ថ្ងៃ ដោយ​សាស្ត្រាចារ្យ​ដែលមាន​បទពិសោធ​ផ្ទាល់​។ សម្រាប់​ការណែនាំ​សិស្ស​និស្សិត​គឺ​បើក​ឡើង​ ៧ ​ថ្ងៃ​តែម្តង​៕