ភ្នំពេញៈ លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ដែល​នឹង​ចប់​អាណត្តិ​នាពេល​ខាង​មុខ​នេះ​បាន​អះអាង​ថា លោក​នឹង​បន្ត​លើក​យក​ការស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ពិនិត្យ​លទ្ធភាព​សម្រួល ឬ​ក៏​ដក​ចេញ​នូវ​ទណ្ឌកម្ម​ទិដ្ឋាការ​ដែល​បាន​ដាក់​មកលើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ដែល​ការលើក​ឡើង​នេះ​ធ្វើ​នៅក្នុង​ជំនួប​ពិភាក្សា​ និង​ជម្រាប​លា​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​នៅ​ទីស្តីការ​ក្រសួង​។

លោក​ ផាត សុផានិត អ្នក​នាំពាក្យរង​ក្រសួង​មហាផ្ទៃប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​លោក William A. Heidt ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ពិនិត្យ​លទ្ធភាព​សម្រួល ឬ​ក៏​ដក​ចេញ​នូវ​ទណ្ឌកម្ម​ទិដ្ឋាការ​មក​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​។

លោក​ សុផានិត ថា​បើ​ទោះបី​រហូត​មក​ដល់​ពេល​នេះ​លោក​ឯកអគ្គរដ្ឋទូត​នៅ​មិន​ទាន់​ទទួល​ការឆ្លើយតប​ពី​ខាង​អន្តោប្រវេសន៍​សហរដ្ឋអាមេរិក​ក៏ដោយ លោក​នឹង​នៅតែ​បន្ត​លើក​យក​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អាមេរិក​នៅពេល​ដែល​លោក​ត្រឡប់​ទៅកាន់​ប្រទេស​ខ្លួន​វិញ​។

លោក​ សុផានិត ថ្លែង​ថា​៖ «​ក្នុង​នាម​ឯកឧត្តម​ផ្ទាល់​ខ្លួន​បាន​ស្នើ​ជា​យោបល់​ថា គួរ​សហរដ្ឋអាមេរិក​អាច​ពិនិត្យ​លទ្ធភាព​សម្រួល​ ឬ​ក៏​ដកចេញ​នូវ​ទណ្ឌកម្ម visa ដែល​បាន​ដាក់​មក​លើ​មន្ត្រី​របស់​កម្ពុជា​មួយ​ចំនួន ហើយ​ទោះបី​ជា​មក​ដល់​ពេល​នេះ​ឯកឧត្តម​មិន​ទាន់​ទទួល​បាន​ការឆ្លើយតប​យ៉ាង​ណា​ពី​ខាង​អន្តោប្រវេសន៍​សហរដ្ឋអាមេរិក ក៏​ប៉ុន្តែ​ឯកឧត្តម​ក៏​នឹង​បន្ត​យក​បញ្ហា​នេះ​ទៅ​ជជែក​ជាមួយ​ខាង​សហរដ្ឋអាមេរិក​»​។

លោក​បន្ត​ថា​ជា​ការ​ឆ្លើយតប​លោក ស ខេង បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ឯកអគ្គរដ្ឋទូត​ដែល​បាន​ស្នើឱ្យ​រដ្ឋាភិបាល​អាមេរិក​ពិនិត្យ​លទ្ធភាព​សម្រួល ឬ​ក៏​ដកចេញ​នូវ​ទណ្ឌកម្ម​ទិដ្ឋាការ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន ហើយ​លោក​បាន​អះអាង​ថា ប្រសិន​បើ​រដ្ឋាភិបាល​អាមេរិក​លុបចោល​នូវ​បម្រាម​នោះ​បាន នេះ​ជា​ការ​ផ្ដល់​កាដូ​មួយ​សម្រាប់​កម្ពុជា ដើម្បី​លើក​កម្ពស់​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​ឡើង​វិញ​។

លោក​ថ្លែង​ថា​៖ «​សម្តេច​ [​ស ខេង​] ​ក៏​បាន​លើកឡើង​ថា​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ជា​គោលការណ៍​យើង​មិន​មាន​អ្វី​ប្រែប្រួល​ទេ​គឺ​នឹង​បន្ត​អនុវត្ត​តាម​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​»​។

លោក​ សុផានិត បន្ថែម​ថា​លោក William A. Heidt បាន​ថ្លែង​អំណរគុណ​ដល់​កម្ពុជា​ដែល​បន្ត​អនុវត្ត​ការធ្វើ​មាតុភូមិ​និវត្តន៍​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក​ស្រប​តាម​ស្មារតី​ MoU ​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​៕