ភ្នំពេញៈ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ប្រារព្ធ​ខួប​ទី​ ៧០ ​នៃ​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​ដោយ​ប្រកាស​នូវ​សកម្មភាព​សំខាន់ៗ​ដែល​ស្ថានទូត​នឹង​រៀបចំ​ឡើង​ក្នុង​រយៈពេល​ ១២ ​ខែ​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​។ សកម្មភាព​ទាំងនេះ​បង្ហាញ​ពី​ការចូលរួម​របស់​អាមេរិក​ក្នុង​ការអភិវឌ្ឍ​នៅ​កម្ពុជា និង​ភាព​ជា​ដៃគូរ​នៃ​ប្រទេស​ទាំង​ ២​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​សកម្មភាព​សំខាន់ៗ​នៅក្នុង​ខែ​នីមួយៗ​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​នឹង​គ្របដណ្ដប់​លើ​ប្រធានបទ​ជាច្រើន​រាប់​ចាប់ពី​កសិកម្ម ការអប់រំ បច្ចេកវិទ្យា ស្ត្រី និង​ភាពស្មើគ្នា​ផ្នែក​យេនឌ័រ បរិស្ថាន សុខភាព​សាធារណៈ និង​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន​។ ប្រធានបទ​ផ្សេងទៀត​ដែល​ស្ថានទូត​នឹងធ្វើ​រួមមាន​ពាណិជ្ជកម្ម និង​វិនិយោគ ជំនួយ​មនុស្សធម៌ ការអនុវត្ត​ច្បាប់ សហប្រតិបត្តិការ​ក្នុង​តំបន់ និង​អាស៊ាន​។ ក្រៅពីនេះ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ក៏ត្រូវ​បាន​បញ្ជូល​នៅក្នុង​ផែនការ​សកម្មភាព​របស់​ខ្លួន​ផងដែរ​សម្រាប់​ខែធ្នូ​។

ការប្រារព្ធ​ខួប​ទី​ ៧០ ​នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំង​ ២ ចាប់ផ្ដើម​ដោយ​ស្ថានទូត​បាន​ធ្វើ​ដំណើរ​តាម​រ៉ឺម៉ក​កង់​ ៣ ​ចំនួន​ ២៥ ​គ្រឿង​ចេញពី​ស្ថានទូត​ទៅ​វត្តភ្នំ ដើម្បី​បួងសួង​នៅ​ទីនោះ ហើយ​ត្រឡប់​ទៅកាន់ Future Factory នៅ​ខណ្ឌ​ដូនពេញ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា សហរដ្ឋ​អាមេរិក និង​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ការទូត​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៥០ គឺ​ ៣ ​ឆ្នាំ​មុនពេល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​។ ចំណង​ការទូត​នៅ​ធ្វើឡើង​ដោយ​មន្ត្រីការទូត​សហរដ្ឋអាមេរិក Donald Heath ​ដែល​កាលនោះ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សៃហ្គន​។ លោក Donald Heath បានបង្ហាញ​សារតាំង​របស់​លោក​នៅពេល​នោះ​ថ្វាយ​ដល់​សម្ដេច​ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ​។

លោក Patrick Murphy ​បន្តថា ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ធ្វើការ​អស់​រយៈពេល​ជាច្រើន​ក្នុង​ការជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ពង្រឹង​ដល់​បច្ចេកវិទ្យា​កសិកម្ម (AG technologies)​។ នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ក្រុមហ៊ុន​មួយចំនួន​ពី​សហរដ្ឋអាមេរិក​នឹង​មក​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​មួយ​ឈ្មោះថា​ «​ប្រតិភូ​ពាណិជ្ជកម្ម AG»​។

លោក​បាន​ថ្លែងថា​៖ «​យើង​នឹង​ពឹង​ផ្អែកលើ​ដៃគូ​របស់​យើង​ជាច្រើន​ដែល​ពេលនេះ​នៅ​ទីនេះ ដើម្បី​ធ្វើឲ្យ​សម្រេចបាន​នូវ​ការ​ប្រារព្ធ​បុណ្យខួប​ដែល​មាន​រយៈពេល​ ១ ​ឆ្នាំ​ពេញ​។ ដៃគូ​នានា​រួមមាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​អ្នក​បញ្ចប់​ការសិក្សា​ពី​សហរដ្ឋអាមេរិក​ក្នុង​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា​ពី​សាកលវិទ្យាល័យ អ្នកមាន​វិជ្ជាជីវៈ ធុរកិច្ច​អាមេរិកាំង និង​មន្ត្រី​រដ្ឋាភិបាល​ផងដែរ​។ ការរួមចំណែក​របស់​សហរដ្ឋអាមេរិក​នៅ​កម្ពុជា កើត​មាន​ទៅបាន​អាស្រ័យ​ដោយ​ពួកគាត់​ទាំងនេះ ហើយ​ក៏ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ ហើយ​ក៏​ដោយសារ​តែ​សហគមន៍​ខ្មែរ​អាមេរិកាំង អង្គទូត និង​មន្ត្រីការទូត​នានា​ដែល​ជំរុញ​ដល់​ពួកយើង​»​។

លោ Patrick Murphy បាន​បន្តថា ពេញ​ ១ ​ឆ្នាំ​ ២០២០ ​នេះ ស្ថានទូត​នឹង​រៀបចំ​ព្រឹត្តិការណ៍​សាធារណៈ​ជាច្រើន​ដើម្បី​បង្ហាញ​ភាព​ជា​ដៃគូ ដែល​ព្រឹត្តិការណ៍​ទាំងនោះ​រួមមាន​ការប្រគំ​តន្ត្រី សន្និសីទ និង​កម្មវិធី​ថ្មីៗ​ទៀត​។ នៅ​ខែកក្កដា​ជា​ខែ​ដែល​សហរដ្ឋអាមេរិក​រៀបចំ​បុណ្យ​ឯករាជ្យជាតិ និង​រៀបចំ​រំឭក​ខួប​នៃ​ទំនាក់ទំនង​អាមេរិក និង​កម្ពុជា ស្ថានទូត​នឹង​រៀបចំ​កម្មវិធី​ពេញ​ ១ ​ខែ​ដើម្បី​រំឭក​ដល់​ខួប​នៃ​ទំនាក់ទំនង​ការទូត​នេះ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ភាព​រកាំរកូស​ដែលមាន​កន្លងមក​គឺជា​រឿង​ធម្មតា​ទេ​រវាង​ប្រជាជាតិ​មួយ និង​ប្រជាជាតិ​មួយទៀត​ដែល​ភាគី​ទាំង​សង​ខាង​មាន​ផលប្រយោជន៍​រៀងៗ​ខ្លួន និង​អធិបតេយ្យភាព​រៀងៗ​ខ្លួន​»​។

លោក​បន្តថា​៖ «​យើង​នៅតែ​មើលឃើញ​សហរដ្ឋអាមេរិក​គឺជា​ដៃគូ​ដ៏ល្អ​ក្នុង​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​ទំនាក់ទំនង​ល្អ​»​។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​ ៧០ ​នៃ​ទំនាក់ទំនង​ការទូត​នេះ​ថា ទំនាក់ទំនង​រយៈពេល​ ៧០ ​ឆ្នាំ​ ជា​រយៈពេល​វែង​មួយ​ហើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​ទំនាក់ទំនង​នោះ​យល់​គ្នា​បាន​ច្បាស់ និង​គោរព​គ្នា​ទៅវិញទៅមក និង​ស្វែងរក​ចំណុច​រួមមួយ និង​ការផ្ដោត​ការយកចិត្ត​ទុកដាក់​ឆ្ពោះ​ទៅ​រក​ប្រវត្តិសាស្ត្រ​សម័យថ្មី​។

លោក ប្រាក់ សុខុន ក៏បាន​កោតសរសើរ​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​កម្ពុជា​អាមេរិក ជាពិសេស​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង និង​សម្ភារ​សម្រាប់​ការធ្វើ​ដំណើរ​ដែល​មាន​ទឹកប្រាក់​សរុប ៥ ​ពាន់​លាន​ដុល្លារ​។ ទាំងនេះ​បាន​ធ្វើឲ្យ​មាន​លទ្ធផល​វិជ្ជមាន​ដល់​កម្មករ​កម្ពុជា​។ លោក​ក៏បាន​កោតសរសើរ​ដល់​ជំនួយ​នានា​របស់​សហរដ្ឋអាមេរិក​ជាពិសេស​ជំនួយ​ក្នុង​ការជួសជុល​ប្រាសាទបុរាណ​។

លោក ប្រាក់ សុខុន ថ្លែងថា​៖ «​កម្ពុជា​បញ្ជាក់​ជំហរ​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក​ដ៏ជិតស្និទ្ធ ដោយ​គោរព​លើ​ការយល់​គ្នា​ទៅវិញ​ទៅមក និង​ការគោរព​គ្នា​ទៅវិញទៅមក ហើយ​យើង​ត្រៀមខ្លួន​រួចហើយ​ក្នុងការ​ធ្វើ​ឲ្យ​រស់​ឡើងវិញ​ទំនាក់ទំនង​របស់​យើង និង​ស្វែងរក​ចំណុច​មាន​សក្ដានុពល​នៃ​ទំនាក់ទំនង​របស់​យើង ដើម្បី​ជា​ប្រយោជន៍​រួម​នៃ​ប្រជាជន​ទាំង​ ២ ​របស់​យើង​»​។

លោក​បញ្ជាក់ថា ការផ្ញើ​លិខិត​ទៅវិញ​ទៅមក​រវាង​លោក ត្រាំ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​នូវ​ការធ្វើ​កិច្ចសហការ​ថ្មី និង​មិត្តភាព​ថ្មី​រវាង​ប្រទេស​ទាំង​ ២​។ អ្នកវិភាគ​នយោបាយ លោក ឡៅ ម៉ុងហៃ ថ្លែង​ថា​ការរៀបចំ​ខួប​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ ២ ​នេះ​មាន​ន័យ​ថា គឺជា​ការធ្វើ​ទំនាក់ទំនង​ឡើងវិញ និង​ធ្វើឲ្យ​កាន់តែ​រឹងមាំ​។ ដូច្នេះ​ការ​ប្រារព្ធ​ខួប​នេះ​គឺជា​ដំណាក់កាល​មួយទៀត​ក្នុង​ការធ្វើឲ្យ​ប្រសើរឡើង​ទំនាក់ទំនង​អាមេរិក និង​កម្ពុជា​៕