ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើកិច្ចការអនុវត្តច្បាប់ហាក់ដូចជាស្ងប់ស្ងាត់ និងមិនដែលបង្ហាញឱ្យដឹងដល់សាធារណជន ប៉ុន្តែប្រទេសទាំង ២ ធ្វើកិច្ចការនេះជាមួយគ្នាបានជោគជ័យយ៉ាងច្រើន។
លោក Murphy បានថ្លែងដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញក្នុងពេលលោកជួបជាមួយអ្នកសារព័ត៌មានដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់រវាងប្រទេសទាំង ២ ដែលស្ថានទូតបានកំណត់យកមកបង្ហាញនៅក្នុងខែតុលានេះ។ ការពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ជាមួយកម្ពុជាគឺជាផែនការមួយរបស់ស្ថានទូតអាមេរិកសម្រាប់ប្រារព្ធខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំគិតថា នេះជាកិច្ចសហប្រតិបត្តិការមួយដែលស្ងប់ស្ងាត់ និងមិនដែលប្រកាសឱ្យដឹងន័យថា វាមិនបានទាក់ទាញចំណាប់អារម្មណ៍ ប៉ុន្តែយើងមានភាពជោគជ័យជាច្រើនដែលត្រូវបង្ហាញ។ យើងមានភ្នាក់ងារអនុវត្តច្បាប់ពីសហរដ្ឋអាមេរិកដែលកំពុងធ្វើការនៅកម្ពុជាជារៀងរាល់ថ្ងៃជាមួយសមភាគីកម្ពុជា ដើម្បីធ្វើឱ្យកម្ពុជាកាន់តែមានសុវត្ថិភាព សុខុមាលភាព វិបុលភាព និងជាប្រទេសអភិវឌ្ឍន៍»។
លោកបន្តថា សហរដ្ឋអាមេរិកចង់ប្រឆាំងទប់ស្កាត់ និងបំផ្លាញបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនដែលកើតមាននៅទូទាំងពិភពលោកក្នុងនោះក៏មានកម្ពុជាផងដែរ។ អាមេរិកព្យាយាមបញ្ឈប់បណ្ដាញឧក្រិដ្ឋជនមិនឱ្យចូលមកកម្ពុជា ប្រឆាំងការជួញដូរមនុស្ស និងគ្រឿងញៀន សត្វព្រៃ និងគាំពារកុមារ។ អាមេរិកក៏ធ្វើកិច្ចការដើម្បីការពារដល់មរតកវប្បធម៌កម្ពុជា ដូចជាការបញ្ជូនវត្ថុបុរាណដែលគេលួចយកទៅអាមេរិកត្រឡប់មកកម្ពុជាវិញ។ លើសពីនេះ សហរដ្ឋអាមេរិកចង់ធ្វើការជាមួយកម្ពុជាដើម្បីទប់ស្កាត់ការរីកសាយភាយអាវុធ។
ចំពោះបទល្មើសផ្នែកបរិស្ថានវិញសហរដ្ឋអាមេរិកតាមរយៈអង្គការ USAID បានបណ្ដុះបណ្ដាលមន្ត្រីឧទ្យានុរក្សរាប់រយនាក់ ហើយមន្ត្រីទាំងនោះបានចាប់យកអន្ទាក់ដាក់សត្វព្រៃ និងរណារយន្តរាប់រយគ្រឿងព្រមទាំងមានការចាប់ខ្លួន ៦០ ករណី។ លើសពីនេះទៀតសត្វព្រៃជិតផុតពូជរាប់សិបក្បាលត្រូវបានលែងទៅវិញ។ នេះបើតាមលោក Murphy ដដែល។
លោកនិយាយថា សហរដ្ឋអាមេរិកក៏បានព្យាយាមរារាំងជនជាតិអាមេរិកាំងដែលបានប្រព្រឹត្តបទល្មើសនៅអាមេរិកមិនឱ្យចូលមកកម្ពុជា។ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះជនជាតិអាមេរិចកាំងជាង ២០ នាក់ត្រូវបានកំណត់អត្តសញ្ញាណ និងរកឃើញនៅកម្ពុជា ហើយត្រូវបានបញ្ជូនទៅប្រឈមមុខនឹងច្បាប់នៅសហរដ្ឋអាមេរិកវិញ។ លើសពីនេះការិយាល័យស៊ើបអង្កេតសហព័ន្ធ នឹងបើកការិយាល័យក្រុមការងាររួមជាមួយនឹងអគ្គស្នងការនគរបាលជាតិ។
លោកថ្លែងដូច្នេះថា៖ «ទាំងអស់នេះគឺជាជោគជ័យដែលយើងបានធ្វើ។ ដូចខ្ញុំបានលើកឡើងអ៊ីចឹង គឺថាវាស្ងប់ស្ងាត់ និងមិនត្រូវបានបង្ហាញឱ្យឃើញ ឬដឹងជាសាធារណៈ។ ប៉ុន្តែវាពិតជារឿងសំខាន់ សំខាន់ពិសេសសម្រាប់សុវត្ថិភាព សុខភាព និងវិបុលភាពនៃប្រជាជនកម្ពុជា»។
លោកបន្តថា សហរដ្ឋអាមេរិកក៏សហការជាមួយកម្ពុជាក្នុងការទប់ស្កាត់ក្រុមឧក្រិដ្ឋជន គ្រឿងញៀន ដោយបានរកឃើញមន្ទីរពិសោធន៍សម្រាប់ផលិតគ្រឿងញៀននៅកម្ពុជាផងដែរ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្របក្សប្រឆាំងបានកត់សម្គាល់ថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងមានការចូលរួមពីសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែទាំងអ្នកនៅក្នុងស្រុក និងអន្តរជាតិហាក់ដូចជាចាប់អារម្មណ៍លើកិច្ចប្រឹងប្រែងរួមនេះ។ ពួកគេហាក់ដូចជាមើលលើរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សច្រើនជាង។
លោកថ្លែងថា៖ «នេះជាមូលហេតុដែលធ្វើឱ្យគេមើលឃើញថា ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកហាក់ដូចជាមានចំណុចអវិជ្ជមានច្រើនជាងវិជ្ជមាន។ ខ្ញុំឃើញមានកិច្ចសហការជាច្រើនក្នុងការប្រឆាំងការជួញដូរមនុស្ស គ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន»។
លោកបន្តទោះយ៉ាងណាក៏ដោយគណបក្សប្រឆាំងតែងព្យាយាមធ្វើឱ្យប្រសើរឡើងដល់ស្ថានភាពប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអនុវត្តច្បាប់របស់រដ្ឋាភិបាល ហើយបក្សប្រឆាំងត្រូវតែបង្ហាញការងារទាំងនេះទៅសាធារណជន។ រដ្ឋាភិបាលក៏ត្រូវតែបង្ហាញនូវសមិទ្ធផលដែលខ្លួនសម្រេចបានផងដែរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងពីម្សិលមិញថា ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ហាក់ដូចជាត្រូវបានរាំងស្ទះដោយរូបភាពអវិជ្ជមានរឿងសិទ្ធិមនុស្សប្រជាធិបតេយ្យ និងការដាក់ទណ្ឌកម្ម។
លោកបានថ្លែងថា៖ «តាមពិតទៅទំនាក់ទំនងប្រទេសទាំង ២ មានរឿងល្អច្រើនលើទិដ្ឋភាពនៃការអនុវត្តច្បាប់ អប់រំ បរិស្ថាន វប្បធម៌ និងសុខភាព។ ទាំងនេះគឺជាផ្នែកល្អៗនៃកិច្ចសហប្រតិបត្តិការ។ ប៉ុន្តែចំណុចល្អទាំងនេះហាក់ដូចជាកាត់ផ្ដាច់ដោយពពកខ្មៅ»។
ប្រធានវិទ្យាស្ថានរូបនេះបានថ្លែងឱ្យដឹងបន្តទៀតថា៖ «ប្រទេសទាំង ២ គួរតែមើលលើមេរៀនល្អៗដែលបានធ្វើជាមួយគ្នា ដើម្បីពង្រីកទំនាក់ទំនងរបស់ខ្លួន ជាជាងព្យាយាមភ្ជាប់ខ្លួនទៅនឹងអតីតកាលអាក្រក់ៗ។ ទំនាក់ទំនងល្អនៃប្រទេសទាំង ២ អាស្រ័យលើការគោរពអធិបតេយ្យគា្នទៅវិញទៅមក ចៀសវាងការជ្រៀតជ្រែកផ្ទៃក្នុងគ្នា»៕