ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy នៅ​ថ្ងៃទី​ ៨ មករា បាន​កោតសរសើរ​ពី​ការរីកចម្រើន​នៃ​ប្រទេសមួយ​នេះ​ហើយ​អះអាង​ថា កម្ពុជា និង​សហរដ្ឋ​អាមេរិក​ដែល​មាន​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ និង​មាន​ទំនាក់ទំនង​ល្អ​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ល្អប្រសើរ​។

លោក Patrick Murphy ថ្លែង​ដូច្នេះ​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​ពិធី​ប្រារព្ធ​ខួប​ទី​ ៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋ​អាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ក្នុង​បរិវេណ Future Factory ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ដែល​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ជាច្រើន​ផងដែរ​។

លោក​លើកឡើង​ថា ប្រទេស​ទាំង​ ២ ​មាន​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ​ដែល​មាន​ស្រាប់ ដើម្បី​ជួយ​ឲ្យ​មាន​ទំនាក់ទំនង​ល្អ និង​រីកចម្រើន​ទៅមុខទៀត​។ មូលដ្ឋានគ្រឹះ​រឹងមាំ​នេះ​ក៏​នឹង​ជួយ​បោះជំហាន​ទៅ​រក​ការ​សហការ​គ្នា​ក្នុង​ការដោះស្រាយ​ការលំបាក និង​ការខ្វែងគំនិត​គ្នា​ដែល​ធ្លាប់​មាន​នាពេល​កន្លងមក​។

លោក​បញ្ជាក់ថា​៖ «​យើង​មាន​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ​ល្អ និង​ទំនាក់ទំនង​ល្អ ដូច្នេះ​យើង​ផ្តោត​ទៅលើ​គ្រឹះ​នេះ​ដើម្បី​ឲ្យ​ទំនាក់ទំនង​របស់​យើង​រីកចម្រើន​ទៅមុខទៀត​ទាំង​វិស័យ​វប្បធម៌​ក្តី សេដ្ឋកិច្ច​ក្តី និង​វិស័យ​ផ្សេងៗ​ទៀត​។ ជាមួយ​នឹង​មូលដ្ឋានគ្រឹះ​រឹងមាំ​នេះ​យើង​អាច​ធ្វើការ​ច្រើន ដើម្បី​កែលម្អ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ហើយ​យើង​ក៏​បាន​សម្តែង​កង្វល់​របស់​យើង​ផងដែរ​បញ្ហា​អស់ទាំង​នេះ ហើយ​យើង​សង្ឃឹម​ថា យើង​នឹងមាន​ការរីកចម្រើន​ទៅមុខ​»​។

ឆ្លើយតប​នឹង​អ្នកសារព័ត៌មាន​ចោទ​សួរថា ក្រោម​កិច្ចសហការ ៧០ ​ឆ្នាំ កម្ពុជា-អាមេរិក តើ​អ្វី​ជា​លទ្ធផល​សម្រេចបាន​ហើយ​លោក​ពេញចិត្ត​ជាងគេ​បំផុត​? លោក Patrick Murphy ​ប្រាប់ថា​៖ «​អ្វីដែល​យើង​ឃើញ​កន្លងមក​យើង​ឃើញថា កម្ពុជា​បាន​ឆ្លងកាត់​កាលៈទេសៈ​ដ៏លំបាក​ហើយ​ក្នុង​ពេល​ ២ ​ទសវត្សរ៍​កន្លះ​មកនេះ យើង​ឃើញ​ថា មាន​ការរីកចម្រើន​ខ្លាំង​បោះ​ទៅមុខ​»​។

លោក​ក៏​ចង់ឃើញ​ឲ្យ​មាន​ការកែលម្អ​ច្រើន​ទៀត​ផ្អែក​ទៅ​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។ លោក​សង្ឃឹមថា ជាមួយ​នឹង​ការខិតខំ​ប្រឹងប្រែង​លើ​វិស័យ​ទាំងនេះ​រួមមាន​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​នឹង​មាន​ការរីកចម្រើន ហើយ​សង្ឃឹម​ថា នឹង​មាន​ការបោះ​ជំហាន​ជាមួយ​គ្នា​ទៅមុខទៀត​។

លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​សម្តែង​ការស្វាគមន៍​ការលើកឡើង​របស់​លោក Patrick Murphy​។ លោក​ចាត់ទុក​ការលើក​ឡើង​នេះ​នឹង​ជួយ​ពង្រឹង និង​ពង្រីក​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក​។ លោក​ថា​​ លោក​ Patrick Murphy បាន​ឈរ​នៅលើ​មូលដ្ឋាន​ដែល​គោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញ​ទៅមក​ដោយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​។

លោក​ថា​៖ «​ប្រសាសន៍​របស់លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​គឺជា​ការ​ថ្លែងការណ៍​ពិតជាក់​ពី​កម្ពុជា​។ លោក Patrick Murphy ​បានបង្ហាញ​ការយកចិត្ត​ទុកដាក់​ក្នុង​ការពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ពិសេស​ទំនាក់ទំនង​ការទូត​ដែល​មាន​ ៧០ ​ឆ្នាំ​កន្លងមកនេះ​។ តាំងតែ​ពី​គាត់​អញ្ជើញ​មកដល់​កម្ពុជា ខ្ញុំ​យល់​ថា គាត់​ដូចជា​អត់​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​»​។

លោក​បញ្ជាក់ថា​៖ «​ការខ្វែង​គំនិត​គ្នា​នាពេល​កន្លងមក​គឺជា​បញ្ហា​បុគ្គល​ទេ គឺ​លោក​អគ្គរដ្ឋទូត​មុន​គាត់​មាន​ទស្សនៈ​ដែល​គាត់​មិន​ចេះ​ធ្វើការងារ​ទូត ហើយ​ដើរ​ផ្ទុយ​គោលនយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​លោក​ ដូណាល់ ត្រាំ​។ យើង​ឃើញថា រវាង​លោក William A. Heidt និង​លោក Patrick Murphy គឺ​និយាយ​ខុសគ្នា​ដូច​មេឃ​ហើយ​ដី​។ មួយ​ហាក់ដូច​ប្រឈម​នឹង​វាយលុក​មក​កម្ពុជា​តែម្តង​»​។

លោក​ កុយ គួង ​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បដិសេធ​ក្នុង​ការធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​លោក Patrick Murphy​។

អ្នកវិភាគ​នយោបាយ​លោក​ ឡៅ ម៉ុងហៃ បាន​ថ្លែងថា នេះ​គឺជា​សេចក្តីថ្លែងការណ៍​វិជ្ជមាន​មួយទៀត​ក្នុង​ការកសាង​ទំនុកចិត្ត​ទៅវិញ​ទៅមក​រវាង​ប្រទេស​ កម្ពុជា និង​សហរដ្ឋ​អាមេរិក​។ សេចក្តី​ថ្លែងការណ៍​នេះ​ក៏​បាន​លើកទឹកចិត្ត​កម្ពុជា​ឲ្យ​ស្តារឡើងវិញ​នូវ​របៀប​រៀបរយ​ទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ និង​គោលនយោបាយ ការបរទេស​នៃ​អព្យាក្រឹតភាព​របស់​ខ្លួន​ផងដែរ​៕