ភ្នំពេញៈ លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង កាលពីម្សិលមិញ បានដឹកនាំការដើរដង្ហែមួយទៀត ចេញពីទីលានប្រជាធិបតេយ្យដែលជាតំបន់កំណត់ឲ្យធ្វើបាតុកម្មឆ្ពោះទៅស្ថានទូត បារាំង អង់គ្លេស និងសហរដ្ឋ អាមេរិក ដើម្បីដាក់ញត្តិស្នើឲ្យប្រទេសមហាអំណាចទាំងបីនេះ ជួយអន្តរាគមន៍ ចំពោះភាពមិនប្រក្រតីក្នុងការបោះឆ្នោតនៅកម្ពុជា។
ញតិ្តដែលដាក់ទៅស្ថានទូតប្រទេស មហាអំណាចទាំងបីនេះ ធ្វើឡើងបន្ទាប់ពីបានដាក់ញត្តិ ទៅកាន់ការិយាល័យឧត្តមស្នងការសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ដោយភ្ជាប់ទៅជាមួយនូវស្នាមមេដៃប្រជាពលរដ្ឋខ្មែរចំនួន ២ ០៣២ ៦៥២ នាក់។ ញត្តិដែលបានដាក់ទៅនោះសរសេរថា អនុសាសន៍របស់លោក សូរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិពុំត្រូវបានអនុវត្តតាមទេ មុនពេលបោះឆ្នោត ជាហេតុធ្វើឲ្យកើតមានភាពមិនប្រក្រតីធ្ងន់ធ្ងរ។ ញត្តិបានបន្ថែមថា ការបង្កើតរដ្ឋសភា ដោយអវត្តមានតំណាងរាស្រ្ត ៥៥ រូប របស់គណបក្សប្រឆាំង បានរំលោភលើរដ្ឋធម្មនុញ្ញនិង «គោលការណ៍នៃលទិ្ធប្រជាធិបតេយ្យសេរីពហុបក្ស ដែលត្រូវបានធានានៅក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ដែលព្យាយាមនាំមកនូវសន្តិភាពជូនកម្ពុជា។
លិខិតដែលផ្ញើជូនលោកប្រធានាធិបតីសហរដ្ឋ អាមេរិក បារ៉ាក់ អូបាម៉ា លោកនាយករដ្ឋមន្រ្តី អង់គ្លេស David Cameron និងលោកនាយករដ្ឋមន្រ្តី បារាំង Jean-Marc Ayrault បានឲ្យដឹងទៀតថា៖ «ដោយពិនិត្យមើលស្ថានការណ៍ខាងលើ យើងស្នើសុំជំនួយពីលោក ក្នុងការដោះស្រាយភាពជាប់គាំងខាងនយោបាយនាពេលបច្ចុប្បន្នដោយ ធានាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ដែលជាមូលដ្ឋានគ្រឹះតែមួយគត់សម្រាប់លទិ្ធប្រជាធិបតេយ្យសេរីពហុបក្ស និងការអភិវឌ្ឍប្រទេសជាតិយើង»។ លិខិតដូចគ្នាមួយទៀត ដែលផ្ញើជូនលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវបានប្រគល់ឲ្យការិយាល័យឧត្តមស្នងការសិទិ្ធមនុស្សអង្គការ សហប្រជាជាតិ ជាមួយនឹងញត្តិកាលពីថ្ងៃពុធ។
នៅក្រៅទីធ្លាស្ថានទូត បារាំង កាលពីម្សិលមិញ ដែលជាតំបន់បៃតងធំជាងគេ នៅក្នុងរាជធានីភ្នំពេញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា ក្នុងឋានៈជាសហប្រធាននៃសន្និសីទ ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុង ប៉ារីស បារាំង មានតួនាទីសំខាន់ក្នុងប្រទេសកម្ពុជា។ លោកបានប្រាប់អ្នកយកព័ត៌មាន មុនពេលចូលក្នុងស្ថានទូតថា៖ «បារាំងមានតួនាទីសំខាន់ ក្នុងការជំរុញរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នឲ្យគោរព[កិច្ចព្រមព្រៀងទីក្រុង ប៉ារីស] គោរពគោលការណ៍លទិ្ធប្រជាធិបតេយ្យ និងធានាលទិ្ធប្រជាធិបតេយ្យសេរីពហុបក្ស»។
បន្ទាប់ពីបានជួបលោក Serge Mostura ឯកអគ្គរដ្ឋទូត បារាំង ក្នុងស្ថានទូត និងចាកចេញមកជួបក្រុមបាតុករដែលស្រែកសាទរ លោក សម រង្ស៊ី បានពន្យល់នូវអ្វីដែលស្ថានទូតបានប្រាប់លោកផ្ទាល់។ លោកបានថ្លែងថា៖ «បារាំង បានបញ្ជាក់ថា អ្វីដែល បារាំង បានទាមទារ គឺឲ្យភាគីកម្ពុជា គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ហើយ បារាំង បានជំរុញភាគីខ្មែរទាំងអស់ឲ្យស្វែងរកដំណោះស្រាយដោយយុត្តិធម៌។ ជំនួបនេះបានដំណើរការទៅយ៉ាងល្អ»។

លោក Nicolas Baudouin លេខា ទី ១ ស្ថានទូត បារាំង បានបញ្ជាក់ក្រោយមកថា ស្ថានទូតនឹងបញ្ជូនលិខិតបន្តទៅការិយាល័យលោកនាយករដ្ឋមន្រ្តី បារាំង នៅទីក្រុង ប៉ារីស។ លោកបានសរសេរតាមអ៊ីមែលថា៖ «យើងបានរំឭកជាថ្មី នូវក្តីសង្ឃឹមរបស់យើង ដែលចង់ឃើញការចាប់ផ្តើមការពិភាក្សាខាងនយោបាយឡើងវិញ ដើម្បីឈានដល់ការយោគយល់គ្នាដែលនឹងធានាបាននូវការប្រព្រឹត្តទៅរបស់កម្ពុជាដែលសំខាន់ ចំពោះលទិ្ធប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់ប្រទេស»។
ដោយមានការកកស្ទះចរាចរណ៍នៅមហាវិថី មុនីវង្ស ការដើរដង្ហែក្រោយមក បានបន្តទៅដល់ស្ថានទូត អង់គ្លេស ដែលនៅជិតស្ថានទូត បារាំង នោះដែរ។ មេដឹកនាំនិងមន្រ្តីគណបក្សដទៃទៀតត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងស្ថានទូត អង់គ្លេស ហើយពួកគេបានប្រគល់លិខិតរបស់ខ្លួនទៅឲ្យលោក Bryony Mathew អនុប្រធានបេសកកម្ម។
លោក Mathew បានឲ្យដឹងតាមអ៊ីមែលថា៖ «ស្ថានទូតអង់គ្លេស បានទទួលញត្តិដែលផ្ញើជូនលោក David Cameron នាយករដ្ឋមន្រ្តី ហើយស្ថានទូត នឹងបញ្ជូនទៅលោកនាយករដ្ឋមន្រ្តី»។
អ្នកដើរដង្ហែ ដែលរួមមានអ្នកតវ៉ាសិទិ្ធដីធ្លី ពីខេត្ត មណ្ឌលគិរី និងព្រះសង្ឃខ្មែរក្រោមផងនោះ បានបន្តទៅចំណុចចុងក្រោយ គឺស្ថានទូតសហរដ្ឋអាមេរិក។
នៅស្ថានទូតសហរដ្ឋអាមេរិក សន្តិសុខមានលក្ខណៈតឹងរ៉ឹងខ្លាំង ដោយទាំងសន្តិសុខស្ថានទូត និងគណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកយកព័ត៌មានកុំឲ្យនៅក្បែរច្រកទ្វារ។ ខុសពីលើកមុនៗ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រគល់ញត្តិរបស់ខ្លួន ទៅឲ្យមន្រ្តីសន្តិសុខស្ថានទូត មិនមែនប្រគល់ជូនលោកឯកអគ្គរដ្ឋទូត ឬឯកអគ្គរដ្ឋទូតរងនោះទេហើយបាននៅក្រៅបរិវេណស្ថានទូត។
លោក សម រង្ស៊ី បានអះអាងថា លោកបានផ្ញើលិខិតទៅលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដោយស្នើសុំសហរដ្ឋអាមេរិក ដែលជារដ្ឋហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ជំរុញឲ្យមានការគោរពសិទិ្ធមនុស្សនៅកម្ពុជា។ លោកបានបន្តថា៖ «គោលជំហរសំខាន់បំផុតរបស់អាមេរិកពេលនេះ គឺគេបានទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យ ដើម្បីបញ្ជាក់ការពិត និងដោះស្រាយភាពមិនប្រក្រតី ហើយយើងថ្លែងអំណរគុណ ចំពោះអាមេរិក ដែលមានជំហរពិតជួយឲ្យលទិ្ធប្រជាធិបតេយ្យដុះឫសនៅកម្ពុជា»។
ប៉ុន្តែ លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានចាត់ទុកស្នាមមេដៃ ដែលប្រមូលដោយគណបក្សសង្គ្រោះជាតិផ្ញើទៅអង្គការសហប្រជាជាតិ និងលិខិតផ្ញើទៅប្រទេសមហាអំណាច គឺជារឿងគ្មានន័យ ដោយលោកថ្លែងថា កិច្ចព្រមព្រៀងទីក្រុង ប៉ារីស រហូតមកដល់នេះ គឺអស់សុពលភាពហើយ បន្ទាប់ពីរដ្ឋធម្មនុញ្ញកម្ពុជា បានបង្កើតឡើង ហើយវាយឺតពេលហើយ សម្រាប់គណបក្សសង្គ្រោះជាតិ ព្រោះរដ្ឋសភា និងរដ្ឋាភិបាលបានបង្កើតរួចហើយ អនុលោមតាមរដ្ឋធម្មនុញ្ញ។
លោកបានបន្ថែមថា៖ «កម្ពុជា ជាប្រទេសមានឯករាជភាព សេរីភាព អធិបតេយ្យ និងបូរណភាព ទឹកដីពេញលេញ។ [ដូច្នេះ] គ្មានអ្នកណាម្នាក់ អាចមកបញ្ជាបានទេ...។ រដ្ឋសភាបានបន្តដំណើរការ។ វាមិនចាំបាច់ត្រូវឈប់ដើម្បីរង់ចាំគណបក្សសង្គ្រោះជាតិទេ»។
ពេលសួរអំពីលោកនាយករដ្ឋមន្រ្តី បារាំង Jean-Marc Ayrault ដែលបានគាំទ្ររដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សកាន់អំណាច លោក សម រង្ស៊ី បានពន្យល់ថា បើទោះបីជានាយករដ្ឋមន្រ្តី បារាំង គាំទ្រក៏ដោយ ប៉ុន្តែ លោកនាយករដ្ឋមន្រ្តី បានសរសេរលិខិតផ្លូវការជំរុញឲ្យកម្ពុជាគោរពកិច្ចព្រមព្រៀងទីក្រុង ប៉ារីស៕ TK