ភ្នំពេញៈ សាលារាជធានីបានស្នើឲ្យគណបក្សសង្គ្រោះជាតិរៀបចំការប្រមូលវិភាគទានទ្រទ្រង់ការបង្កើតស្ថានីយទូរទស្សន៍ព្រះអាទិត្យទៅធ្វើនៅទីស្នាក់ការ និងទីតាំងឯកជនរបស់ខ្លួនវិញដើម្បីធានាសណ្តាប់ធ្នាប់ និងកាត់បន្ថយភាពអសកម្មដែលអាចកើតមាននៅទីសាធារណៈ។
តាមរយៈលិខិតចុះថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៥ សាលារាជធានីបានបង្ហាញការសង្កេតពាក់ព័ន្ធនឹងដំណើរការនៃការរៀបចំឲ្យមានការប្រមូលវិភាគទាននៅតាមទីសាធារណៈមួយចំនួនដើម្បីទ្រទ្រង់ការបង្កើតស្ថានីយទូរទស្សន៍ព្រះអាទិត្យជាង ១ ខែកន្លះកន្លងមកនេះគឺគណបក្សសង្គ្រោះជាតិមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវឡើយដែលប្រការនេះបានបណ្តាលឲ្យមានការប៉ះពាល់ និងបាត់បង់របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈក្នុងរាជធានី។
សាលារាជធានីស្នើឲ្យប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញធ្វើការរៀបចំប្រមូលវិភាគទាននេះនៅតាមទីស្នាក់ការ ឬទីតាំងឯកជនរបស់បក្សវិញដើម្បីកាត់បន្ថយភាពអសកម្មដែលកើតមានកន្លងមក។
អ្នកនាំពាក្យសាលារាជធានី លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា៖ «អ្នកណាក៏បានឃើញដែរ (សង្គ្រោះជាតិ) គាត់ដាក់តុតាមទីសាធារណៈលើចិញ្ចើមផ្លូវអត់មានច្បាប់អនុញ្ញាតត្រឹមត្រូវទេយើងមិនចង់ឲ្យមានសកម្មភាពរៃអង្គាសបែបនោះទេហើយយើងមិនចង់ឲ្យវាក្លាយជាគំរូដល់អ្នកផ្សេងទៀតមករៃអង្គាសហើយនេះជាសកម្មភាពនយោបាយថែមទាំងមិនគួរធ្វើតាមចិញ្ចើមផ្លូវអ៊ីចឹងទេ»។
យ៉ាងណាក៏ដោយលោក ឌីម៉ង់ បញ្ជាក់ថាសាលារាជធានីមិនមានផែនការចាត់វិធានការនោះទេតែរំពឹងថាគណបក្សសង្គ្រោះជាតិនឹងពិចារណាដោយផ្អែកទៅលើវប្បធម៌សន្ទនាទទួលយកនូវការស្នើសុំនេះ។
តំណាងរាស្ត្រ និងជាអ្នកនាំពាក្យស្តីទីគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ បានឲ្យដឹងក្រោយកិច្ចប្រជុំផ្ទៃក្នុងកាលពីល្ងាចម្សិលមិញថាគណបក្សនេះសម្រេចទទួលយកសំណើនេះផ្លាស់ប្តូរការប្រើប្រាស់ទីតាំងសាធារណៈមកកាន់ទីស្នាក់ការបក្ស និងទីតាំងឯកជនវិញសម្រាប់ការរៀបចំប្រមូលវិភាគទាននោះដើម្បីបញ្ចៀសនូវការប្រឈមជាមួយសមត្ថកិច្ច។
យ៉ាងនេះក្តី លោកគិតថា ការប្រើប្រាស់ទីតាំងសាធារណៈសម្រាប់ការធ្វើសកម្មភាពបែបនោះមិនបានបង្កនូវផលប៉ះពាល់ណាមួយឡើយ។
លោក ច័ន្ទឫទ្ធិ ថា៖ «យើងយល់ព្រមបញ្ឈប់មែនប៉ុន្តែខ្ញុំយល់ថាមិនសមហេតុសមផលនោះទេចំពោះការលើកឡើងថាប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ឬសោភណភាពទីក្រុង»។
បើតាមលោក ច័ន្ទឫទ្ធិ រហូតមកទល់ថ្ងៃម្សិលមិញមូលនិធិទូរទស្សន៍ព្រះអាទិត្យប្រមូលបានវិភាគទានជាង ៥០ ម៉ឺនដុល្លារ។
តាមផែនការទូរទស្សន៍ព្រះអាទិត្យត្រូវចំណាយថិវកាប្រមាណពី ២ ទៅ ៣ លានដុល្លារដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅដើមឆ្នាំ ២០១៦ ខាងមុខ។ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមផ្តល់ឲ្យគណបក្សសង្គ្រោះជាតិបង្កើតស្ថានីយទូរទស្សន៍នេះតាមរយៈកិច្ចព្រមព្រៀងនយោបាយថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៤៕