
ភ្នំពេញៈ នាប៉ុន្មានឆ្នាំកន្លងមកនេះ បញ្ហាជម្លោះដីនិងផ្ទះសម្បែងក្នុងសហគមន៍នៅតំបន់បឹងកក់ដែលរួមមានការបណ្តេញចេញដោយហិង្សា និងការចាប់ខ្លួនសកម្មជនតវ៉ាជាទូទៅពុំត្រូវបានរាយការណ៍ឡើយ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងប្រទេសកម្ពុជា។
ប៉ុន្តែ ក្នុងអំឡុងសប្តាហ៍នេះរបាយការណ៍ព័ត៌មានពីតំបន់នេះមានប្រែប្រួលប្លែក។ អ្នកស្រី ទេព វន្នី តំណាងសហគមន៍ដែលបានទទួលរងនូវការវាយប្រហារពីសំណាក់អ្នកភូមិបឹងកក់ដូចគ្នា ដែលបានចោទប្រកាន់លោកស្រី ថា បានប្រព្រឹត្តអំពើពុករលួយ និងមាន«អាកប្បកិរិយាដូចពួកខ្មែរក្រហម ប៉ុល ពត» បានក្លាយជាចំណាប់អារម្មណ៍ និងបានផ្សព្វផ្សាយដោយស្ថានីយទូរទស្សន៍កម្ពុជាស្ទើរទាំងអស់។
ស្ថានីយទូរទស្សន៍ជាច្រើន ដែលគេមើលឃើញថា ស្ថិតក្រោមការបញ្ជាពីរដ្ឋាភិបាល បានផ្សព្វផ្សាយការរិះគន់លើអ្នកស្រី ទេព វន្នី រួមមានការដកនូវសម្រង់នៃសន្និសីទសារព័ត៌មាន ដែលដឹកនាំដោយអ្នកស្រី ហេង មុំ និងអ្នកស្រី តុល ស្រីពៅ ដែលជាអតីតសមមិត្តជាប់ពន្ធនាគារគុកព្រៃសរួមគ្នា។
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តីក៏បានផ្សាយអំពីការបែកបាក់នេះ ផងដែរ គឺយ៉ាងហោចណាស់ ការផ្សាយនេះបានផ្អែកលើទស្សនៈរបស់អ្នករិះគន់ទៅលើលោកស្រី ទេព វន្នី។
កាលពីថ្ងៃសៅរ៍ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានចុះផ្សាយសេចក្តីប្រកាសព័ត៌មានពីក្រុមអ្នកភូមិ រួមមានអ្នកស្រី តុល ស្រីពៅ និងអ្នកស្រី ហេង មុំ នៅលើគេហទំព័ររបស់ខ្លួន ព្រមទាំងរូបថតមិនតិចជាង ២៤ សន្លឹកទេ អំពីការថ្លែងទៅកាន់អ្នកសារព័ត៌មាន និងការដាក់ពាក្យប្តឹងទៅស្ថានទូតបរទេស។
ក្នុងសេចក្តីថ្លែង នោះ អ្នកស្រី ទេព វន្នី ត្រូវបានចោទប្រកាន់ថា បានញុះញង់ឲ្យធ្វើបាតុកម្មហិង្សា ប្រមូលប្រាក់ជំនួយនិងបញ្ជាឲ្យអ្នកដែលត្រូវបណ្តេញចេញដុតខ្លួនឯង ដើម្បីទទួលបានការយកចិត្តទុកដាក់ពីមជ្ឈដ្ឋាននានា។
សេចក្តីថ្លែងនោះឲ្យដឹងទៀតថា៖ «អ្នកស្រី ទេព វន្នី ជាជនអាត្មានិយមដែលចាត់ទុកខ្លួនជាអ្នកដឹកនាំការតវ៉ាផ្តាច់ការ ហើយមិនខ្វល់អំពីផលប្រយោជន៍រួមប្រើអាកប្បកិរិយាដូច ប៉ុល ពត»។
លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ពីម្សិលមិញ។
បន្ទាប់ពីវីដេអូត្រូវបានបង្ហោះលើ YouTube អំពីអ្នកភូមិបឹងកក់ដែលមិនសប្បាយចិត្ត ហើយចោទប្រកាន់អ្នកស្រី ទេព វន្នី អំពីអំពើពុករលួយ សកម្មជនម្នាក់បានកោះធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបដិសេធការចោទប្រកាន់នៅក្នុងសន្និសីទ អ្នកស្រីបានសួរអំពីការសម្រេចលើព័ត៌មានដែលធ្វើឡើងដោយអ្នកផលិតកម្មវិធីទូរទស្សន៍ក្នុងស្រុក។
អ្នកស្រីឆ្ងល់ថា ៖ «អ្នកភូមិរាប់ពាន់នាក់ត្រូវបានបណ្តេញចេញ ... អ្នកខ្លះត្រូវបានចាប់ខ្លួន ក្នុងពេលដើរតវ៉ារកដំណោះស្រាយ។ ប៉ុន្តែ ស្ថានីយទូរទស្សន៍ និងវិទ្យុរដ្ឋនិងស្ថានីយឯកជន ពុំបានផ្សព្វផ្សាយអំពីករណីនេះទេ»។
អ្នកស្រី ហេង មុំ ថ្លែងថា អ្នកស្រី ទេព វន្នី «ធ្វើការតាងនាមឲ្យបក្សប្រឆាំងនិងផលប្រយោជន៍ផ្ទាល់ខ្លួន មិនមែនផលប្រយោជន៍ពួកគាត់ទេ។ គាត់តែងចោទថាយើងលក់ខ្លួនឲ្យគណបក្សប្រជាជនកម្ពុជា ប៉ុន្តែ យើងមិនបានធ្វើដូច្នោះទេ»។
អ្នកស្រី ទេព វន្នី បានច្រានចោលការចោទប្រកាន់ ទាំងនោះនៅក្នុងសន្និកាសែតកាលពីថ្ងៃព្រហស្សតិ៍សប្ដាហ៍មុន ថា តំណាងសហគមន៍ដែលបានដើរចេញទាំងនោះគឺទំនងធ្វើតាមការរៀបចំរបស់ អាជ្ញាធរដើម្បីពន្យារពេលដោះស្រាយ៕ TK