The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទៀ បាញ់៖ ឡាន​ពាក់​ស្លាក ន.ប, ខ.ម មិន​ក្លែង​ក្លាយ​ទេ

ទៀ បាញ់៖ ឡាន​ពាក់​ស្លាក ន.ប, ខ.ម មិន​ក្លែង​ក្លាយ​ទេ

រថយន្ត​ឯកជន លេខ ខ-ម ដឹក​គ្រញួង​ខុស​ច្បាប់​ត្រូវ​សមត្ថកិច្ច​ឃាត់។
រថយន្ត​ឯកជន លេខ ខ-ម ដឹក​គ្រញួង​ខុស​ច្បាប់​ត្រូវ​សមត្ថកិច្ច​ឃាត់។ រូប អនឡាញ

ទៀ បាញ់៖ ឡាន​ពាក់​ស្លាក ន.ប, ខ.ម មិន​ក្លែង​ក្លាយ​ទេ

ភ្នំពេញៈ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឡើង​បំភ្លឺ​ក្នុង​វេទិកា​របស់​សភា​ពាក់​ព័ន្ធ​នឹង​យានយន្ត​ដែល​ប្រើ​ស្លាក ន.ប និង ខ.ម ថា សុទ្ធ​តែ​ជា​ស្លាក​លេខ​ស្រប​ច្បាប់​គ្មាន​ការ​ក្លែង​បន្លំ​ទេ។

ក្នុង​កិច្ច​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​របស់​រដ្ឋសភា​កាល​ពី​ម្សិល​មិញ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ផ្តល់​អនុសាសន៍​ពី​ការ​គ្រប់​គ្រង​យានយន្ត​និង​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពាក់​ព័ន្ធ​នឹង​យាន​យន្ត​ជាច្រើន​ចរាចរណ៍​ក្នុង​រាជធានី​ដែល​ប្រើ​ស្លាក​លេខ នគរបាល (ន.ប) និង ខេមរភូមិន្ទ (ខ.ម) ដែល​អ្នក​ខ្លះ​មិន​បាន​បំពេញ​ការងារ​ទេ បែរ​ជា​ប្រើ​ស្លាក​លេខ​នោះ​យក​ទៅ​ជិះ​ដើរ​លេង រំលោភ​អំណាច​ពាក់​ស្បែក​ខ្លា ធ្វើ​បាប​ប៉ូលិស​ចរាចរណ៍​ដោយ​បើក​បរ​ខុស​ច្បាប់​ថែម​ទៀត​ផង។

លោក ទៀ បាញ់ បាន​លើក​ឡើង​ថា៖ «ក្រសួង​ការពារ​ជាតិ មាន​មន្ដ្រី​មួយ​ចំនួន​ដែល​មាន​សមត្ថកិច្ច​អាច​ប្រើ​ប្រាស់​យាន​យន្ត​បំពាក់​ស្លាក​លេខ​ក្រសួង​ការពារ​ជាតិ អ្នក​ដែល​ដាក់​ស្លាក​លេខ​ទាំង​នេះ គឺ​ធ្វើ​ដោយ​ស្រប​ច្បាប់​អត់​មាន​ភាព​អនាធិបតេយ្យ​ទេ ដោយ​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កម្លាំង​នគរបាល​និង​ខេមរ​ភូមិន្ទ​យ៉ាង​ពិត​ប្រាកដ ពុំ​មាន​ក្លែង​បន្លំ​ឡើយ»។

ឆ្លើយ​តប​នឹង​រឿង​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គឹមសួរ ភិរិទ្ធ បាន​អះអាង​តប​ភ្លាមៗ​ថា ការ​លើក​ឡើង​របស់​លោក ទៀ បាញ់ គឺ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ឡើយ ព្រោះ​ច្បាប់​មិន​បាន​ចែង​កំណត់​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ស្លាក​លេខ​នោះ លើ​រថយន្ត​ឯកជន​របស់​មន្រ្តី​រាជការ​ឡើយ ជាក់​ស្តែង ឡាន​ស៊ីវិល​ជាច្រើន​បាន​កំពុង​ប្រើ​ប្រាស់​ស្លាក​ទាំង​នោះ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែង​ដែរ​ថា៖ «ប្រជា​ពលរដ្ឋ​តែង​តែ​រអ៊ូរ​ទាំ​ជុំវិញ​រឿង​នេះ មាន​អ្នក​ខ្លះ​ប្រើ​ប្រាស់​ស្លាក​លេខ​ឡាន​នេះ បង្ក​ភាព​មិន​ប្រក្រតី​ហើយ​មិន​ទទួល​ខុស​ត្រូវ ថែម​ទាំង​សំឡុត គំរាម​អ្នក​ដំណើរ​ផង»។

ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ម្សិល​មិញ​នេះ តំណាង​រាស្ត្រ​គណបក្ស​ទាំង​ពីរ បាន​ផ្តល់​ជា​អនុសាសន៍​និង​សំណើ​ទៅ​រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ជុំវិញ​ការ​រៀបចំ​និង​កែ​សម្រួល​ផ្លូវ​ថ្មើរ​ជើង​ផ្លូវ​សម្រាប់​អ្នក​អូស​រទេះ ​ដឹក​សត្វ ការ​បង្កើន​សមត្ថភាព​ដល់​សមត្ថកិច្ច​ក្នុង​ការ​គ្រប់​គ្រង​ស្ថានការណ៍​ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ការ​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​ប័ណ្ណ​បើកបរ កាតព្វកិច្ច​ម្ចាស់​ហាង​លក់​យានយន្ត​ក្នុង​ការ​ផ្តល់​ស្លាក​លេខ​និង​ប័ណ្ណ​សម្គាល់​យាន​យន្ត​ដល់​អ្នក​ទិញ គួប​ផ្សំ​ការ​ពង្រឹង​សមត្ថភាព​អនុវត្ត​ច្បាប់​របស់​គណៈកម្មាធិការ សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក។

ឆ្លើយ​តប​នឹង​អនុសាសន៍​ទាំង​នេះ​រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក បាន​ថ្លែង​ថា ក្រសួង​នឹង​ពង្រឹង​កែ​តម្រូវ​បន្ថែម​តាម​អនុសាសន៍​ទាំង​នេះ បើ​ទោះ​ជា​ការ​រៀបចំ​មួយ​ចំនួន​នៅ​មាន​ភាព​ខ្វះ​ខាត​ច្រើន​ក្តី។

លោក​បន្ថែម​ថា៖ «យើង​ក៏​នឹង​គ្រោង​រៀបចំ​ប្រព័ន្ធ​គ្រប់​គ្រង​ស្លាក​លេខ​យាន​យន្ត​ផង​ដែរ ដើម្បី​អាច​កំណត់​អត្ត​សញ្ញាណ​ម្ចាស់​យាន​យន្ត​ទាំង​នោះ​បាន​រហ័ស និង​មាន​ប្រសិទ្ធ​ភាព»។

រហូត​មក​ទល់​ថ្ងៃ​ព្រហស្បតិ៍ ទី៤ ខែ​ធ្នូ ម្សិល​មិញ​នេះ សភា​បាន​អនុម័ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក បាន​ចំនួន ៤ ជំពូក​ទៀត​បន្ថែម​លើ ៤ ជំពូក​ដែល​បាន​អនុម័ត​កាល​ពី​ពីរ​ថ្ងៃ​មុន។ រដ្ឋសភា​ក៏​គ្រោង​នឹង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​បន្ត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពន្លឿន​ច្បាប់​នេះ​ចូល​ជា​ធរមាន​ក្នុង​គោល​បំណង​ការពារ​សុវត្ថិភាព​ចរាចរណ៍​របស់​ប្រជា​ពលរដ្ឋ​ជា​ចម្បង៕

អត្ថបទគួរចាប់អារម្មណ៍