ភ្នំពេញៈ លោក ទេព នីថា ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានភាពចម្រូងចម្រាសកាលពីម្សិលមិញត្រូវបានប្រកាសចូលកាន់តំណែងក្នុងអាណត្តិថ្មីជាផ្លូវការខណៈមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅ គ.ជ.ប ជាង ៣០០ នាក់ផ្សេងទៀតត្រូវបានធ្វើសមាហរណកម្មផ្ទេរចូលមន្ត្រីក្របខ័ណ្ឌរដ្ឋ។
ក្នុងពិធីប្រកាសតែងតាំងអគ្គលេខាធិការ អគ្គលេខាធិការរង និងមន្ត្រីក្រោមឱវាទចូលកាន់តំណែង និងការផ្ទេរបញ្ចូលមន្ត្រី គជប ទៅក្នុងក្របខ័ណ្ឌអ្នករាជការប្រធាន គជប លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថាមន្ត្រី គជប ទាំងចាស់ និងថ្មីត្រូវអនុវត្តទៅតាមច្បាប់ដែលមានចែងបទបញ្ជាផ្ទៃក្នុងនីតិវិធី និងពង្រឹងក្រមសីលធម៌ឱ្យបានខ្ជាប់ខ្ជួន។
លោកថា៖ «មន្ត្រីជាប់កិច្ចសន្យាមួយឆ្នាំធ្វើម្តងអត់មានលំនឹងតែឥឡូវនឹងនរហើយព្រោះក្លាយជាមន្ត្រីរាជការហើយមានលក្ខន្តិកៈមន្ត្រីរាជការការពារមានចរិតវែងឆ្ងាយហើយទទួលបានប្រាក់ចូលនិវត្តន៍»។ តែលោកបញ្ជាក់ថាសមាជិក គជប ដែលចូលកាន់តំណែងត្រូវតែឈរលើគោលការណ៍ឯករាជ្យ។
លោកថា៖ «ទោះជាចេញមកពីប្រភពណាក៏ដោយគឺត្រូវតែអនុវត្តតួនាទីរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹតដោយមិនទទួលនូវការគាបសង្កត់ការគំរាមកំហែងពីបុគ្គលណាមួយឡើយ»។
លោកបានព្រមានថាអ្នកប្រព្រឹត្តខុសនឹងគោលការណ៍ច្បាប់ដែលមានចែងប្រឈមនឹងការផាកពិន័យ ឬក្រមព្រហ្មទណ្ឌដោយមិនលើកលែងឡើយ។
ក្រោយពីបញ្ចប់ពិធីប្រកាសចូលកាន់តំណែងលោក ទេព នីថា ពុំបានផ្តល់បទសម្ភាសដល់អ្នកកាសែតនោះទេ។
យោងតាមព្រះរាជក្រឹត្យដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីម្សិលមិញបានតែងតាំងលោក ទេព នីថា ជាអគ្គលេខាធិការ គជប មានឋានៈ និងបុព្វសិទ្ធិស្មើរដ្ឋលេខាធិការ។
លោក ម៉ៅ សុភារិទ្ធ លោក សោម សូរីដា លោក នី ចរិយា និងលោក ម៉ុក ដារ៉ា ជាអគ្គលេខាធិការរងមានឋានៈ និងបុព្វសិទ្ធិស្មើនឹងអនុរដ្ឋលេខាធិការ។ ចំណែកមន្ត្រីជាប់កិច្ចសន្យាធ្លាប់បម្រើការងារនៅ គជប ដែលត្រូវបានបញ្ចូលក្នុងក្របខ័ណ្ឌរដ្ឋសរុបមានចំនួន ៣៦២ នាក់។
អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា បានបញ្ជាក់ពីមូលហេតុដែល គជប ផ្ទេរមន្ត្រីជាប់កិច្ចសន្យាចូលទៅក្នុងក្របខណ្ឌរដ្ឋថាដោយសារពួកគេមានបទពិសោធស្រាប់ និងអ្នកខ្លះធ្វើការជិត ២០ ឆ្នាំមកហើយ។
លោកបាននិយាយថា «គណបក្សទាំងពីរប្រកាសកែទម្រង់អ៊ីចឹងចង់ឱ្យ គជប អព្យាក្រឹតត្រូវបញ្ចូលពួកគាត់ឱ្យពេញសិទិ្ធក្របខ័ណ្ឌរដ្ឋព្រោះកាលណាគាត់ជាមន្ត្រីជាប់កិច្ចសន្យាខ្លាចគេគំរាមកំហែងមិនបន្តកិច្ចសន្យាឱ្យធ្វើឱ្យពួកគាត់លម្អៀង»។
អតីតមន្ត្រីជាន់ខ្ពស់នៅសមាគមអាដហុក និងត្រូវបានតែងតាំងជាអគ្គលេខាធិការរង គជប លោក នី ចរិយា ថ្លែងថាទោះបីជាស្ថាប័នបោះឆ្នោតមួយនេះធ្លាប់រងការរិះគន់ក្តីតែលោកនឹងខិតខំធ្វើយ៉ាងណាកែលម្អដើម្បីឱ្យប្រជាជនទុកចិត្តលើស្ថាប័ននេះវិញ។
លោកបានបញ្ជាក់ថា៖ «មានការរិះគន់ជារឿងពីមុនប៉ុន្តែអ្វីដែលយើងខិតខំប្រឹងប្រែងធ្វើគឺត្រូវយ៉ាងម៉េចកែលម្អឱ្យប្រជាជនមានជំនឿមកលើស្ថាប័នបោះឆ្នោតឡើងវិញនេះជាវត្ថុបំណងរបស់យើង»។ លោកបន្តថានៅពេលប្រជាជនមានជំនឿលើស្ថាប័ន គជប នោះលទ្ធផលការបោះឆ្នោតនឹងអាចទទួលយកបានពីគ្រប់ភាគីទាំងអស់។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា និងជាសមាជិកម្នាក់ក្នុងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ERA លោក ព្រាប កុល បានថ្លែងថាការត្រឡប់មកកាន់តំណែងអគ្គលេខាធិការ គជប របស់លោក ទេព នីថា ចង់មិនចង់នឹងធ្វើឱ្យប្រជាជននៅមានមន្ទិលសង្ស័យដដែលហើយប្រជាជននឹងរង់ចាំមើលការអនុវត្តតទៅមុខទៀត។
លោកថា៖ «អ្វីដែលសំខាន់ការអនុវត្តការងាររបស់គាត់ក្នុងមុខតំណែងអគ្គលេខាធិការក្រោមច្បាប់ និងបែបបទធ្វើការថ្មីរបស់ គជប តើនឹងមានអ្វីជម្រះមន្ទិលសង្ស័យ ឬបំភ្លឺចំណោទដែលប្រជាពលរដ្ឋមានក្នុងចិត្តហើយរង់ចាំមើលទាំងអស់គ្នា»។
ទោះយ៉ាងណាលោក ព្រាប កុល បញ្ជាក់ថាកំណែទម្រង់ថ្មីរបស់ គជប ដែលតម្រូវឱ្យមានអគ្គលេខាធិការរងចំនួន ៤ នាក់កាន់ការងារផ្សេងគ្នាជារឿងល្អមួយក្នុងការកាត់បន្ថយអំណាចអគ្គលេខាធិការ គជប៕