ភ្នំពេញៈ លោកស្រី ទេព វន្នី ជា​សកម្មជន​ដីធ្លី​បឹងកក់ កាលពី​ម្សិលមិញ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដាក់​ញត្តិ​ជាថ្មី​ម្ដង​ទៀត​ទៅកាន់​ខុទ្ទកាល័យ​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួង​យុត្តិធម៌ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ស្នើ​ទៅ​ព្រះមហាក្សត្រ សុំ​លើកលែង និង​បន្ធូរ​បន្ថយ​ទោស​ក្នុង​អំឡុង​ពេល​ថ្ងៃបុណ្យ​វិសាខបូជា​ខាង​មុខ​នេះ​។

អ្នកស្រី ហួត ច័ន្ទសុវណ្ណ ជា​បងស្រី អ្នកស្រី ទេព វន្នី បាន​ឲ្យ​ដឹង​ថា​អ្នកស្រី​បាន​យក​ញត្តិ​មក​ដាក់​ជា​លើក​ទី ៣ ខណៈ​លើក​មុន​មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​មិន​ទទួល​ដោយសារ​ឯកសារ មិន​គ្រប់គ្រាន់ ប៉ុន្ដែ​ពេល​នេះ​មន្ត្រី​ព្រម​ទទួល ព្រោះ​ឯកសារ​មាន​គ្រប់គ្រាន់​ហើយ​។ អ្នកស្រី​រំពឹង​ថា​នៅ​ថ្ងៃ​ ២៩ ខែ​មេសា ដែល​ជា​ថ្ងៃ​បុណ្យ​វិសាខបូជា​នោះ​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​នឹង​ជួយ​សម្រួល​ឲ្យ​មាន​ការ​ដោះលែង ឬ​បន្ធូរ​បន្ថយទោស​អ្នកស្រី ទេព វន្នី​។

តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃទី ៧ ខែ​កុម្ភៈ​ឆ្នាំ​នេះ​បាន​បើក​សវនាការ និង​ប្រកាស​តម្កល់​សាលដីកា​តុលាការ​ថ្នាក់​ក្រោម​ដែល​ផ្តន្ទាទោស​អ្នកស្រី ទេព វន្នី ឲ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំ​កន្លះ​ដដែល​ទាក់ទិន​នឹង​ករណី​បង្ក​របួសស្នាម​នៅ​ជិត​ភូមិ​គ្រឹះ​នាយក​រដ្ឋមន្ត្រី​កាលពី​ដើម​ឆ្នាំ ២០១៣​។ ក្នុង​សវនាការ​ដែល​ដឹកនាំ​ដោយ​ចៅក្រម​លោកស្រី គឹម សត្ថាវី និង​មាន​មេធាវី​ការពារ​ក្តី​អ្នកស្រី ទេព វន្នី ផង​នោះ​បាន​សម្រេច​រក្សា​បទ​ចោទ និង​តម្កល់​សាលដីកា​តុលាការ​ថ្នាក់​ក្រោម​នៅ​ដដែល​។ អ្នកស្រី ទេព វន្នី ដែល​ត្រូវ​បាន​នាំ​មក​សវនាការ​នៅពេល​នោះ​បាន​ឆ្លើយ​ប្រាប់​តុលាការ​ថា អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។ ​នេះ​ជា​សវនាការ​លើ​បណ្តឹង​សារទុក្ខ​ចំពោះ​សំណុំ​រឿង​អ្នកស្រី ទេព វន្នី ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​សីហា ឆ្នាំ​ ២០១៦ និង​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​បង្ក​របួសស្នាម​លើ​សន្តិសុខ​ខណ្ឌ​ដូនពេញ​ ២ ​នាក់​។ សំណុំ​រឿង​នេះ​ត្រូវ​បាន​តុលាការ​ថ្នាក់​ក្រោម​កាត់ក្តី​ឲ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំ​កន្លះ​ពាក់ព័ន្ធ​នឹង​បទប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​។

អ្នកស្រី​ ច័ន្ទសុវណ្ណ ថ្លែង​ថា​៖ «​លើក​នេះ​ខ្ញុំ​មាន​សង្ឃឹម​ច្រើន​ជាង​លើក​មុនៗ ព្រោះ​ថ្ងៃ​បុណ្យ​វិសាខបូជា​ជា​ថ្ងៃ​សំខាន់​មួយ​ក្នុង​ពុទ្ធសាសនា ហើយ​ព្រះមហាក្សត្រ​ក៏​ប្រោស​ព្រះរាជទាន​ការលើក​លែង​ទោស​ដល់​អ្នក​ទោស​ជាច្រើន​ផង​ដែរ​ហើយ​ក្នុង​នោះ ខ្ញុំ​រំពឹង​ថា​នឹង​មាន​ឈ្មោះ វន្នី ប្អូនស្រី​ខ្ញុំ​ម្នាក់​ដែរ​។ ម្យ៉ាង​ទៀត វន្នី ក៏​មិន​មាន​ទោស​អ្វី​ដល់​ថ្នាក់​នេះ​ទេ​អ៊ីចឹង​សូម​សម្ដេច​ជួយ​កូនចៅ​ផង​»​។

លោក គង់ ចំរើន មន្ត្រី​ផ្នែក​ទទួល​ពាក្យ​បណ្ដឹង​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី កាលពី​ម្សិលមិញ​បាន​ទទួល​យក​ញត្តិ ខណៈ​ដែល​កាលពី​ថ្ងៃទី ៥ ខែ​មីនា​ថ្មីៗ​នេះ​លោក​ធ្លាប់​ច្រាន​ចោល​មិន​ទទួល​យក​ដោយ​អះអាង​ថា​គ្មាន​ឯកសារ​គ្រប់គ្រាន់​គឺ​ខ្វះ​សាលក្រម​ស្ថាពរ​។

លោក គង់ ចំរើន អះអាង​ថា​នឹង​យក​ញត្តិ​ទៅ​ពិនិត្យ និង​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​។

លោក គង់ ចំរើន ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ទទួល​ហើយ ប៉ុន្ដែ​យើង​នៅ​ពិនិត្យ​ខ្លឹមសារ​លើ​ឯកសារ​នេះ​សិន​រួច​ហើយ​ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​ថ្នាក់​លើ​ទៀត ហើយ​លទ្ធផល​យ៉ាង​ណា​នោះ​ខ្ញុំ​មិន​ទាន់​និយាយ​បាន​ទេ​»​។

តាម​ញត្តិ​ដែល​អ្នកស្រី ហួត ច័ន្ទសុវណ្ណ ត្រូវ​ជា​បងស្រី​អ្នកស្រី ទេព វន្នី ដាក់​ទៅ​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃទី ២៣ មេសា​នេះ​បាន​បង្ហាញ​ថា​សំណើសុំ​ «​សម្ដេច​ជួយ​អន្តរាគមន៍​លើកលែង ឬ​បន្ថយទោស​ដល់​អ្នកស្រី ទេព វន្នី ដែល​កំពុង​អនុវត្ត​ទោស​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី ២»​។

លោក សុច សុផាន់ណា ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ​ និង​ព្រហ្មទណ្ឌ​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា​ទណ្ឌិត​ចំនួន ២២៨ ​នាក់​ដែល​ជាប់ឃុំ​នៅ​ក្នុង​គុក​ចំនួន​ ១៨ ក្នុង​នោះ​មាន​ស្ត្រី​ ១៨ ​នាក់​ត្រូវ​បាន​ស្នើសុំ​បន្ធូរ​បន្ថយទោស​ និង​លើកលែង​ទោស​នៅ​ក្នុង​ពិធី​បុណ្យ​ពិសាខបូជា​នាពេល​ខាង​មុខ​នេះ​ដែល​ទណ្ឌិត​ទាំង​នោះ​ពាក់ព័ន្ធ​ក្នុង​រឿង​ក្ដី​ឆក់​ និង​ប្លន់​ឆបោក​ឃាតកម្ម​ជាដើម​៕