ភ្នំពេញៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីបានសម្រេចយ៉ាងតក់ក្រហល់ក្នុងការឃុំខ្លួនសកម្មជនដីធ្លីលេចធ្លោនៅតំបន់បឹងកក់ពីររូបដោយចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ក្នុងរឿងធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅហើយស្រី្តពីររូបទៀតត្រូវរបួសដោយសារម៉ូតូប៉ូលិសបុកពីក្រោយនៅពេលពួកគេរត់តាមក្រោយ និងជិះម៉ូតូតាមពីក្រោយរថយន្តប៉ូលិសដឹកជនរងគ្រោះទៅឃុំឃាំងកាលពីល្ងាចមិញ។
សកម្មជនដីធ្លីដែលត្រូវបញ្ជូនទៅឃុំខ្លួនគឺអ្នកស្រី ទេព វន្នី និងអ្នកស្រី ប៊ូវ សោភា ដែលត្រូវបានអាជ្ញាធរឃុំខ្លួននៅអធិការដ្ឋានខណ្ឌដូនពេញរយៈពេលពីរយប់កាលពីយប់ថ្ងៃចន្ទ និងថ្ងៃអង្គារហើយបានបញ្ជូនចេញពីអធិការដ្ឋានខណ្ឌវេលាម៉ោង ៦ និង ៥០ នាទីព្រឹកទៅសាលាដំបូងរាជធានីកាលពីម្សិលមិញ។ បន្ទាប់ពីសាកសួរពេញមួយថ្ងៃចៅក្រមស៊ើបសួរលោក ពេជ្រ វិជ្ជាធរ បានសម្រេចឃុំខ្លួនពួកគេបណ្តោះអាសន្នរយៈពេល ៥ ថ្ងៃ។
អ្នកនាំពាក្យសាលាដំបូងរាជធានីលោក លី សុផាណា ប្រាប់អ្នកសារព័ត៌មានតាម Telegram ថាចៅក្រម«ពេជ្រ វិជ្ជាធរ បានបើកសវនាការជំនុំជម្រះលើជនជាប់ចោទឈ្មោះ ទេព វន្នី និងឈ្មោះ ប៊ូវ សោភា តាមនីតិវិធីបង្គាប់ឲ្យបង្ហាញខ្លួនភ្លាមដែលជាប់ចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍តាមបញ្ញត្តិមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ»។ «បន្ទាប់ពីដំណើរការសវនាការ ចៅក្រមជំនុំជម្រះសម្រេចឃុំខ្លួនជនជាប់ចោទទាំង ២ រូបដើម្បីបន្តសវនាការនៅថ្ងៃចន្ទទី ២២ ខែ សីហាឆ្នាំ ២០១៦ ពេលព្រឹក»។
អ្នកស្រី ទេព វន្នី បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្រោយបញ្ចប់សវនាការថានៅពេលពួកគេធ្វើយុទ្ធនាការស្លៀកខ្មៅម្តងៗមិនដែលព្រួយបារម្ភរឿងជាប់ពន្ធនាគារនោះទេ។
អ្នកស្រីយល់ថា ការឃាត់ខ្លួននេះដើម្បីបំបាក់ស្មារតីពួកគាត់។
អ្នកស្រីថា៖ «ព្រោះខ្ញុំត្រៀមចិត្តត្រៀមកាយហើយមិនដែលគិតរឿងគេដាក់គុកទេព្រោះរាល់ថ្ងៃមិនដែលមានយុត្តិធម៌សម្រាប់ខ្ញុំទេ»។
បើតាមអ្នកស្រី វន្នី អ្នកស្រីមិនដែលទទួលបានលិខិតព្រមាន ឬបម្រាមរបស់រដ្ឋាភិបាលប្រគល់ឱ្យអ្នកស្រីផ្ទាល់ម្តងណាឡើយក្នុងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ «គាត់ (ចៅក្រម) ថាម៉េចបានខ្ញុំបំពានច្បាប់អាជ្ញាធរ ខ្ញុំថាមានបានបំពានណា អាជ្ញាធរមិនដែលឱ្យលិខិតខ្ញុំម្តងទេរឿងធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ មិនដែលដល់ដៃខ្ញុំមួយទេលើកទីមួយដែលចាប់ខ្ញុំមានតែអាជ្ញាធរប្រាប់ថាបើខ្ញុំធ្វើនៅសហគមន៍អត់ចាប់ទេតែបើធ្វើក្រៅខូចសណ្តាប់ធ្នាប់គេចាប់ហើយខ្ញុំខំធ្វើនៅក្នុងសហគមន៍មិនចេញក្រៅហើយនៅតែតាមចាប់ទៀត»។
អ្នកស្រីបន្ថែមថាមន្ត្រីតុលាការ និងមន្ត្រីខណ្ឌដូនពេញបានសួរសំណួរមកលើអ្នកស្រីដូចៗគ្នាថាហេតុអ្វីបានធ្វើទីងមោង និងរឿងផ្សេងៗទៀតទាក់ទងនឹងពណ៌ខ្មៅ។
អ្នកស្រីថា៖ «គេសួរថាទង់ជាតិ UN មានន័យម៉េចក្រវិលខ្មៅទិញនៅណាហេតុអ្វីធ្វើទីងមោងអត់ក្បាល»។
លោកស្រី សាម សុគន្ធា មេធាវីការពារក្តីស្រ្តីទាំងពីររូបថ្លែងថាបន្ទាប់ពីបានស្តាប់កូនក្តីរៀបរាប់ក្នុងសវនាការគឺពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់។ លោកស្រីបានស្នើតុលាការអនុញ្ញាតឱ្យកូនក្តីរបស់លោកស្រីបាននៅក្រៅឃុំបណ្តោះអាសន្ន។

លោកស្រីថា៖ «ដោយខ្ញុំបានលើកហេតុផលថាពួកគាត់មិនមានលទ្ធភាពធ្វើអំពើណាមួយដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈសង្គមទេ ទី ២ គាត់មានលំនៅឋានពិតប្រាកដ ទី ៣ គាត់ធ្លាប់មានរឿងកន្លងមកមិនដែលរត់ទៅណាទេ ទី ៤ ពួកគាត់មានកូនតូចៗដែលត្រូវមើលថែអ៊ីចឹងជាគោលការណ៍ច្បាប់ជនជាប់ចោទត្រូវមានសិទ្ធិនៅក្រៅឃុំហើយចម្លើយគាត់ហ្នឹងមិនបានធ្វើអ្វីខុសទេ»។
ស្របពេលតុលាការកំពុងសាកសួរក៏មានអ្នកគាំទ្រ និងសកម្មជនដីធ្លីប្រមាណ ២០ នាក់បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅខាងមុខតុលាការដោយស្រែកថា «អយុត្តិធម៌ណាស់» និងបានលើកបដាដោយសរសេរថា «យើងត្រូវការសេរីភាព» និង«ដោះលែងអ្នកស្រី ទេព វន្នី និង ប៊ូវ សោភា»។
នៅពេលសមត្ថកិច្ចដឹកសកម្មជនទាំងពីរយកទៅឃុំខ្លួននៅពន្ធនាគារនៅវេលាម៉ោង ៦ ល្ងាចក៏មានការប្រតាយប្រតប់គ្នារវាងប៉ូលិស និងអ្នកតវ៉ាទាំងនោះមួយប្រាវ។ ក្នុងហេតុការណ៍នោះដែរបងប្អូនបង្កើតអ្នកស្រី ប៊ូវ សោភា ត្រូវរងរបួសដោយសារម៉ូតូប៉ូលិសជិះបុកពីក្រោយនៅពេលពួកគេបម្រុងជិះម៉ូតូតាមរថយន្តដឹកស្ត្រីទាំងពីរនាក់យកទៅឃុំខ្លួន។
កញ្ញា ប៉ូវ ស្រីស្រស់ ត្រូវជាប្អូនពៅអ្នកស្រី ប៊ូវ សោភា បានរងរបួសធ្ងន់រហូតដល់សន្លប់ខណៈដែលកញ្ញា ប៊ូវ សោភ័ណ ត្រូវជាបងស្រីបង្កើតអ្នកស្រី ប៊ូវ សោភា របួសនៅស្មាខាងស្តាំ។
លោក លី ហៀប ត្រូវជាស្វាមី អ្នកស្រី ប៊ូវ សោភា ដែលត្រូវបានម៉ូតូប៉ូលិសបុកពីក្រោយថ្លែងថាលោកបានឮគេស្រែកថាឱ្យតាមរូបខ្ញុំដែលពាក់អាវក្រហម។
លោកថា៖ «គេបុកពីក្រោយហ្មងមានគេស្រែកថាឱ្យតាមអាវក្រហមហ្នឹងខ្ញុំគិតថាប្រហែលជាគេបង្អាក់យើងមិនចង់ឱ្យទៅតាមឡានហ្នឹងខ្ញុំតាមឡានដើម្បីដឹងថាគេយកទៅឃុំនៅឯណាស្រណុកទៅសួរសុខទុក្ខ និងយកចំណីអាហារទៅឲ្យ»។
ទាក់ទងនឹងការសម្រេចរបស់តុលាការវិញលោកយល់ថាជារឿងអយុត្តិធម៌បំផុត។ លោកថា៖ «គាត់មិនបានធ្វើអីខុសច្បាប់ផងគ្រាន់តែតវ៉ាសុំឱ្យដោះលែងសកម្មជនសិទ្ធិមនុស្សដល់ថ្នាក់កាត់ទោសចោទពីបទឧក្រិដ្ឋអ៊ីចឹងអយុត្តិធម៌ណាស់»។
ចំណែកអ្នកស្រី ហួត ចាន់សុវណ្ណ ត្រូវជាបងស្រីអ្នកស្រី ទេព វន្នី ថ្លែងថា៖ «ខ្ញុំមានការឈឺចាប់យ៉ាងខ្លាំងដោយគាត់ចោទប្រកាន់ប្អូនខ្ញុំពីបទញុះញង់ប្អូនខ្ញុំមិនបានធ្វើអ្វីខុសទេព្រោះគាត់ជាស្ត្រីបឹងកក់ស្រឡាញ់ជាតិតែគាត់គ្មានកំហុសទៅក្បត់ជាតិ លក់ជាតិទេ អ៊ីចឹងមានភាពអយុត្តិធម៌ចំពោះគាត់ទាំងពីរណាស់ដែលតុលាការកាត់អយុត្តិធម៌អ៊ីចឹង»។
អ្នកស្រីអំពាវដល់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជួយអន្តរាគមន៍ឱ្យពួកគេមានសេរីភាពវិញ។
ក្រោយពីបញ្ជូនសកម្មជនទាំងពីរទៅបាត់នោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ បានចូលមើលហេតុការណ៍នេះ និងបានថ្កោលទោសសមត្ថកិច្ចដែលជិះម៉ូតូបុកស្រី្តដែលតវ៉ានោះ។
លោកបន្តថា៖ «គ្រាន់តែឃាត់ឃាំងពួកគាត់បានហើយមិនចាំបាច់ជិះម៉ូតូបុកគាត់ទេនេះជាអំពើមួយឃោរឃៅដែលខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើកម្លាំងបាយ ប្រើមធ្យោបាយបុករហូតដល់គាត់សន្លប់»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីលោក ផៃ ស៊ីផាន បានសរសេរនៅលើហ្វេសប៊ុករបស់លោកដោយចោទថាអ្នកធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅមានអ្នកចាត់តាំងពីក្រោយ។
លោកថា៖ «ចម្លើយរបស់ខ្ញុំគឺគ្មានអ្វីប្លែកទេអ្នកទាំងនោះ ឬក្រុមប្រឆាំងនោះប្រាកដណាស់មានអង្គការចាត់តាំង ឬសកម្មភាពជាប្រព័ន្ធដែលទទួលកម្រៃពីភ្នាក់ងារបរទេស...»។
ចាប់តាំងពីតុលាការបានសម្រេចឃុំខ្លួនទាំង «អយុត្តិធម៌» ទៅលើមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គជប ចំនួន ៥ រូបកាលពីថ្ងៃទី ២ ខែឧសភាមកក្រុមសកម្មជនដីធ្លី និងសកម្មជនអង្គការសង្គមស៊ីវិលមួយចំនួនបានចាប់ផ្តើមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅដើម្បីទាមទារឲ្យដោះលែងអ្នកទាំងនេះហើយតែងតែត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប និងឃាត់ខ្លួនជាញឹកញាប់៕