ភ្នំពេញៈ ក្រុមសកម្មជនស្ត្រីនៃសហគមន៍បឹងកក់ កាលពីព្រឹកម្សិលមិញ បានចោទថា អាជ្ញាធររាជធានីជាអ្នកនៅពីក្រោយការអុជអាលឲ្យមានការបែកបាក់នៅក្នុងសហគមន៍ពួកគេ ដើម្បីលេបត្របាក់ចំណែកដី១២,៤៤ហិកតា ដែលនាយករដ្ឋមន្ត្រីផ្ដល់ឲ្យ។
ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីសកម្មជនដឹកនាំដោយអ្នកស្រី ហេង មុំ លោក ដួង គា និងអ្នកស្រី តុល ស្រីពៅ ដើរចេញពីសហគមន៍និងធ្វើសន្និសីទសារព័ត៌មានចោទអ្នកស្រី ទេព វន្នី ជាតំណាងសហគមន៍នេះថា បានយកពួកគេធ្វើឧបករណ៍ក្នុងការដើរតវ៉ាបម្រើប្រយោជន៍បក្ខពួកខ្លួន។
ក្រុមអ្នកស្រី ហេងមុំបានទម្លាក់កំហុសទៅលើអ្នកស្រីទេព វន្នី និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនថា ជាអ្នកនៅពីក្រោយការអុជអាលនិងជួលអ្នកភូមិឲ្យដើរតវ៉ាប្រឆាំងទៅនឹងផែនការអភិវឌ្ឍរបស់អាជ្ញាធរ ដើម្បីរកកម្រៃពីអង្គការក្រៅរដ្ឋាភិបាលបរទេស។
នៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ អ្នកស្រី ទេព វន្នី បានច្រានចោលការចោទប្រកាន់ទាំងនោះថា តំណាងសហគមន៍ដែលបានដើរចេញទាំងនោះគឺទំនងធ្វើតាមការរៀបចំរបស់ អាជ្ញាធរដើម្បីពន្យារពេលដោះស្រាយ។ អ្នកស្រីលើកឡើងថា ការរៀបចំនេះបានលាតត្រដាងពីការមិនទទួលខុសត្រូវរបស់អាជ្ញាធរ ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីនៅក្នុងសហគមន៍បឹងកក់។
អ្នកស្រីបន្តថា៖ «ការរៀបចំបែបនេះដើម្បីងាយស្រួលក្នុងការលេបត្របាក់យកចំណែកពី ដី១២,៤៤ហិកតា ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើប្រទានកម្មឲ្យពលរដ្ឋនៅបឹងកក់»។
លោក ចាន់ ពុទ្ធិស័ក្តិ តំណាងអ្នកភូមិបឹងកក់ថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីបានសន្យាជួយដោះស្រាយបញ្ចប់វិវាទដីធ្លីបឹងកក់ឆាប់ៗនេះ ប៉ុន្តែដាក់លក្ខខណ្ឌមិនឲ្យអ្នកភូមិដើរតវ៉ានៅតាមទីសាធារណៈទៀតទេ។
លោក អ៊ី សារ៉ុម ប្រធានសមាគមធាងត្នោតថ្លែងថា ថ្វីដ្បិតតែវាជាការដាក់សម្ពាធមួយមិនឲ្យចូលរួមនៅក្នុងចលនាតស៊ូមតិប៉ុន្តែពួកគាត់គួរតែទទួលយកព្រោះវាជាពន្លឺថ្មីនៃការទទួលបានដំណោះស្រាយដែលរង់ចាំយូរមកហើយ។
លោកថ្លែងថា ការហែកហួរមកលើក្រុមសកម្មជនសហគមន៍បឹងកក់ពីសំណាក់ក្រុមអ្នកដើរចេញនោះអាចជាការរៀបចំនិងគាំទ្រដោយអាជ្ញាធរឬបក្សនយោបាយនៅពីក្រោយ។
មន្ត្រីសាលារាជធានីមិនអាចសុំការបំភ្លឺបានទេពីម្សិលមិញ៕