ភ្នំពេញៈ តំណាងសកម្មជនស្ត្រីដីធ្លីក្នុងតំបន់បឹងកក់អ្នកស្រី ទេព វន្នី បានវិលមកដល់មាតុប្រទេសវិញហើយកាលពីយប់ថ្ងៃពុធ ជាមួយពានរង្វាន់ចំនួនពីរពីកម្មវិធី Vital Voices និង Film That Maker Festival ក្នុងដំណើរទៅកាន់ប្រទេសក្នុងសហគមន៍អឺរុបនិងអាមេរិកនៅចុងខែមីនា។
ជួប ជាភ្នំពេញ ប៉ុស្តិ៍ពីម្សិលមិញ អ្នកស្រី ទេព វន្នី ប្រាប់ថា ក្នុងដំណើរជាងពីរសប្ដាហ៍ទៅបរទេសគាត់ទទួលបានបទពិសោធនិង អនុសាសន៍ជាច្រើនពីមនុស្សសំខាន់ៗ រាប់ពីអនុប្រធានាធិបតី ប្រធានអង្គការសិទ្ធិមនុស្សអន្តរជាតិនិងសកម្មជនសិទ្ធិមនុស្ស មកពីប្រទេសក្នុងតំបន់អាស៊ី សហភាពអឺរុប និងសហរដ្ឋអាមេរិក ដើម្បីពង្រឹងនិងលើកកម្ពស់ការយល់ដឹងសម្រាប់ពួកគាត់។
អ្នក ស្រីបន្តថា មេដឹកនាំនិងសកម្មជនសិទ្ធិមនុស្ស មន្ត្រីជាន់ខ្ពស់មកពីប្រទេស ហូឡង់ បារាំង អាមេរិក ឥណ្ឌា...គុយបា និង ចិន ភាគច្រើន ពួកគេភ្ញាក់ផ្អើលអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ពេលគេបានទស្សនាភាពយន្តឯកសាររឿង«បក្សីក៏ត្រូវការសម្បុក» ដែលពណ៌នាអំពីជីវិតពិតរបស់អ្នកនៅក្នុងសហគមន៍បឹងកក់។
អ្នក ស្រីថា៖ «ខ្ញុំបានលើកឡើងពីក្ដីកង្វល់របស់អ្នកនៅសហគមន៍បឹងកក់ និងកន្លែងផ្សេងទៀតនៅកម្ពុជាជម្រាបលោកអនុប្រធានាធិបតីអាមេរិក Joe Biden និង ប្រធានអង្គការ Amnesty International ព្រមទាំងប្រធានក្រុមប្រឹក្សាភិបាល និងតុលាការ ធនាគារពិភពលោក ហើយពួកគេបានសន្យាថា នឹងបន្តជួយគាំទ្រនិងជំរុញដល់ប្រមុខរដ្ឋាភិបាលកម្ពុជា ពន្លឿនការដោះស្រាយបានឆាប់ ដល់អ្នក៦១គ្រួសារ ឲ្យទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី និងដោះលែងអ្នកស្រី យ៉ោម បុប្ផាផង»។
ក្នុងដំណើរនេះអ្នកស្រីក៏បានជួបសហគមន៍ខ្មែរផងដែរ៕