សៀមរាបៈ ជន​ជាតិ​ចិន​ដែល​រង​របួស​ នៅ​ក្នុង​គ្រោះថ្នាក់​​​​​ច​រាចរណ៍​ក្រឡាប់​រថយន្ត នៅ​លើ​កំណាត់​ផ្លូវ​ចំណោត​ចុះពី​ភ្នំ​គូលែន​ កាល​ពីថ្ងៃ​អាទិត្យ បាន​ស្លាប់​ម្នាក់​ទៀត​ហើយ​ បន្ទាប់​​​ពីបាន​សម្រាក​ព្យាបាលអស់​រយៈ​​ពេល​ ៣ ថ្ងៃ​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​រស្មី​អង្គរ ខេត្ត​សៀម​រាប​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់ ៣ នាក់។

ស្នងការ​​ខេត្ត​សៀម​រាប លោក​ ទិត្យ ណារ៉ុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា ជន​រងគ្រោះ​ឈ្មោះ Liu Huaxiang ភេទ​ប្រុស​អាយុ ៥៦ ឆ្នាំ បាន​ស្លាប់​កាលពី​វេលា​ម៉ោង​ ៨ និង​ ៣០​ នាទី​ព្រឹក​ថ្ងៃ​ពុធ​ម្សិល​មិញ​។ ជន​រង​គ្រោះ​បាន​ចូល​មក​​កម្ពុជា កាល​ពី​ថ្ងៃទី ១៦ ខែ ​កក្កដា ឆ្នាំ២០១៩ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរ​ជាតិ​សៀម​រាប តាម​រយៈ​ក្រុមហ៊ុន​ទេស​ចរណ៍​ ឆាង ​យ៉ុ​ង (Chhang Yong Tourism)​ និង​បាន​ស្នាក់​នៅ​សណ្ឋា​គារ​ 7 Happy​ Night​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ ភូមិ​វត្ត​បូព៌​ សង្កាត់​ សាលា​កំរើក​​ ក្រុង​ខេត្ត​សៀមរាប។​

លោកថ្លែង​ថា៖ «យោង​តាម​ការ​សន្និ​ដ្ឋាន​របស់​គ្រូពេទ្យ​ជំនាញ នៃ​មន្ទីរ​ពេទ្យ​រស្មី​អង្គរ ការ​ស្លាប់​របស់​ជន​រងគ្រោះ​ខាង​លើ​នេះ គឺ​បណ្ដាល​មក​ពី​មាន​របួស​គ្រាំ​ក្នុង​ធ្ងន់ធ្ងរ​ពេក»។

លោក​បន្ថែម​ថា សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេគ្រោង​នាំយក​ទៅ​បូជា​នៅ​ឈា​បន​ដ្ឋាន​វត្ត​គោកចក។

កាល​ពី​ថ្ងៃទី​ ២១​ ខែ​ កក្កដា ឆ្នាំ ២០១៩ រថយន្ត​​ទេស​ចរណ៍​មួយ​គ្រឿង ពាក់​ស្លាក​លេខ សៀមរាប ​2A-9016 ដែល​មាន​ផ្ទុក​​ទេសចរ​ចិន ១៣ នាក់ បាន​ក្រឡាប់​ជាច្រើន​ត្រឡប់​ផ្ងារ​​ជើង​នៅ​លើកំណាត់​ផ្លូវ​ចំណោត​ចុះពី​ភ្នំគូលែន​ភាគ​ខាង​​កើត បណ្ដាល​​​ឲ្យ​​អ្នក​ដំណើ​រ​ជនជាតិ​ចិនទាំង​អស់​​របួស​ធ្ងន់​និង​ស្រាល។ ចំណែក​អ្នក​បើ​កបរ​រថយន្ត ​គេពុំដឹង​ថា បាន​រងរបួស​​ដែរ​ឬមួយ​យ៉ាង​​ណានោះ​ទេ ដោយ​សារ​តែ​​បានរត់​គេច​ខ្លួនពី​កន្លែង​កើត​ហេតុ មុនពេល​សមត្ថកិច្ច​ទៅ​ដល់។

ស្ត្រីរង​គ្រោះ ​២ នាក់ ដែល​ម្នាក់​ឈ្មោះ CAO JIE អាយុ​ ៥៩ ឆ្នាំ រស់នៅ​ខេត្ត​ Liaoning ភាគ​ខាង​ជើង​ប្រទេស​ចិន និង ម្នាក់​ទៀត​​ឈ្មោះ HOU YUJIE អាយុ ១៧ ឆ្នាំ រស់​នៅ​ខេត្ត​ Hebei ភាគ​ខាង​ជើង​ប្រទេស​ចិនបាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

លោក ហួ ហុក​ម៉េង នាយរង​ផ្នែក​ចរាច​រណ៍​ស្រុក​ស្វាយ​លើ ដែល​បាន​ចុះ​អន្តរា​គមន៍​ជួយ​ជន​រង​គ្រោះ​នៅ​កន្លែង​កើត​ហេតុនាថ្ងៃ​នោះ ថ្លែង​​ថា គ្រោះ​ថ្នាក់​ចរាច​រណ៍​នេះ បង្ក​ឡើង​ដោយ​អ្នក​បើ​កបរ​មាន​ភាព ​«ធ្វេស​ប្រហែ​​ស និងខ្វះ​ការ​ប្រុង​ប្រយ័​ត្ន​​​» ខណៈ​ស្ថាន​ភាព​ផ្លូវ​ មាន​របត់​ច្រើន​កន្លែង និង​ចំណោត​ខ្ពស់​ដែល​អាច​ឲ្យ​រថយន្ត​រអិល​ជាន់​ហ្រ្វាំង​មិនស៊ី។

ចំណែក​​ពលរដ្ឋ​ដែល​បានឃើញ ​ហេតុ​ការណ៍​នោះ បាន​និយាយ​ដាក់​បន្ទុក​ទៅ​លើ​ក្រុម​ហ៊ុន​ទេសចរណ៍​ ដែល​នាំ​ទេស​ច​រ​ចិន​ទាំង​នោះ​ចូល​មក​ទស្ស​នា​​កម្ពុជា​ថា ខ្វះការទ​ទួល​ខុស​ត្រូវជ្រើសរើស​ អ្នក​បើក​បរដែល​គ្មាន​ក្រម​សីល ធម៌ ​វិជ្ជាជីវៈ មក​បម្រើ​ការងារ។

លោក ឈិត ឆាត នាយរង​ការិយា​ល័យ​ចរាច​រណ៍​ខេត្ត​សៀម​រាប បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​​កាលពី​​ម្សិលមិញ​ថា សមត្ថ​​កិច្ច​បាន​ស្វែង​រក​ឃើញ​អត្តញ្ញាណ​ម្ចាស់​រថ​យន្ត​ខាង​លើ​នោះ​ហើយ គឺ​​ឈ្មោះ នាង សំអាត ជា​អ្នក​រស់​​នៅ​សង្កាត់ស្ល​ក្រាម ខេត្តសៀ​ម​រាប ប៉ុន្តែ​ឈ្មោះ​នេះជា​ម្ចាស់​ដើម ចំណែក​ម្ចាស់​ថ្មី​របស់​រថ​យន្ត​នេះ​ នៅ​មិនទាន់​ដឹង​ពី​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ ​«យើង​បាន​ចេញ​លិខិត​កោះ​អញ្ជើញ​ឲ្យ​ឈ្មោះ​នាង សំអាត​មក​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺនៅ​ថ្ងៃព្រហស្បតិ៍នេះ ​ដើម្បី​​ស្វែង​រក​អត្ត​សញ្ញាណ​ម្ចា​ស់​ថ្មី​របស់​រថ​យន្ត​នោះនិង​អ្នកបើ​ក​​​​​​​​បរ ដើម្បី​សាក​សួរ ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ចាត់​​ការ​បន្ត​តាម​នីតិវិធី​ច្បាប់»។

លោក ឆាត បាន​ឲ្យ​ដឹង​ទៀត​ថា សមត្ថ​កិច្ច ក៏​កំពុង​រៀបចំ​ឯកសារ​កោះ​អញ្ជើញ​​ភាគី​ក្រុម​ហ៊ុន​ទេស​​​ចរណ៍ ដែល​​បាន​នាំ​ទេស​ចរ​​ចិន​ទាំង​ ១៣ នាក់​នោះ មក​សាកសួរ​ជុំវិញ​ហេតុ​ការណ៍​ដែល​នាំ​ឲ្យ​ទេសចរ​ចិន​ទាំង​នោះ​​នាំគ្នា​ទៅ​ទស្សនា​​​ភ្នំ​គូលែ​ន​ដោយ​គ្មាន​ភ្នាក់​ងារ​មគ្គុ​ទេ្ទស​ក៍ទេ​ស​ចរណ៍​ទៅ​ជាមួយ​។ «ករណី​នេះ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា»។

កាល​ពី​ម្សិល​មិញ ក្រុម​ហ៊ុន​ទេសចរ​ណ៍ ឆាង យ៉ុង ដែល​មាន​ទីស្នាក់​ការ​នៅ​ខេត្ត​សៀម​រាបមិន​អាច​ទាក់​ទង​សុំ​ការ​ពន្យ​​ល់​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ជា​​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។

យ៉ាង​ណា​ លោក Kelvin Tan ប្រធាន​ក្រុមការ​ងារ​ទីផ្សារ​អាស៊ី នៃ​សមាគម​ទីភ្នាក់​ងារ​ទេសច​រណ៍កម្ពុជា ដែល​មាន​ក្រុម​ហ៊ុន​ទីភ្នាក់ងារ​ទេសច​រណ៍​ប្រមាណ ​៣០០ ក្រុម​​ហ៊ុន ​ជា​សមា​ជិកបាន​ថ្លែង​​ថា ហេតុ​ការណ៍ដែល​បាន​កើត​ឡើ​ង​នាថ្ងៃ​នោះ​ វាមិន​មែន​ជាការ​ទទួល​ខុស​ត្រូវ​របស់​ភាគី​ក្រុមហ៊ុន​ទេ ព្រោះ​វា​ជាថ្ងៃ​ឈប់​សម្រាក ហើ​យ​ក្រុ​ម​ទេសចរ​ចិន​ទាំង​នោះ បាន​ជួល​រថ​យន្ត​ពីខាង​ក្រៅ​តាម​ប្រព័ន្ធ Online ដើម្បី​ទៅ​កម្សាន្ត​នៅ​ទីនោះ​ដោយ​ខ្លួនឯង៕