
ពលរដ្ឋលក់គ្រឿងស្រវឹងនៅតាមផ្លូវ ១ ក្នុងខណ្ឌពោធិ៍សែនជ័យម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីបញ្ជាក់ថា ក្លិបកម្សាន្ត ឬខារ៉ាអូខេនៅតែបន្តបិទទ្វារនៅឡើយតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឱ្យមានការកើតឡើងរលកទី ២ នៃជំងឺកូវីដ ១៩ ខណៈខ្លួនក៏អះអាងថា មានការពិបាកក្នុងការចុះទៅហាមឃាត់ពលរដ្ឋមួយចំនួន ដែលបើកមុខរបរលក់ដូរគ្រឿងស្រវឹងនៅតាមចិញ្ចើមផ្លូវ ទោះជាការលក់ដូរទាំងនោះនាំឱ្យមានការប្រមូលផ្ដុំមនុស្សច្រើនក្ដី។
កាលពីសប្តាហ៍មុនមន្ត្រីក្រសួងសុខាភិបាលបានប្រកាសថា រាល់បទបញ្ជា និងវិធានការនានានៅតែបន្តមានសុពលភាពនៅឡើយ ដើម្បីធ្វើយ៉ាងណាការពារកុំឱ្យកម្ពុជាកើតមានរលកទី ២ នៃការឆ្លងជំងឺកូវីដ ១៩ បើទោះបីរយៈពេលជាង ១ ខែមកនេះមិនមានករណីឆ្លងថ្មីក៏ដោយ។
មន្ត្រីក្រសួងសុខាភិបាលបានព្រមានថា ប្រទេសដែលរងការរាតត្បាតខ្លាំង និងឆាប់បំផុតដោយសារជំងឺកូវីដ១៩ គឺនៅពេលមនុស្សនៅបណ្ដុំគ្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើននៅកន្លែងកម្សាន្ត ដូចជាក្លិប និងខារ៉ាអូខេរួមទាំងពិធីសាសនា និងពិធីមង្គលការជាដើម។
លោក វុឌ្ឍ ផូសារវ័ន្ន មេប៉ុស្ដិ៍នគរបាលសង្កាត់ចាក់អង្រែក្រោមបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីសប្តាហ៍មុនថា ក្លិបកម្សាន្ត ខារ៉ាអូខេ និងបៀរហ្គាដិនចំនួន ៦ ទីតាំង នៅមូលដ្ឋានរបស់លោកនៅតែបន្តបិទទ្វារនៅឡើយតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកបន្តថា ការលួចបើកលក់គ្រឿងស្រវឹងនៅតាមចិញ្ចើមផ្លូវដែលនាំឱ្យមានការជួបគ្នាច្រើន គឺនៅតែបន្តមាន ហើយអ្នកលួចបើកមុខរបរទាំងនោះគឺជាអ្នកមានជីវភាពខ្វះខាត។
លោក ផូសារវ័ន្ន ថ្លែងថា៖ «ពួកគាត់នៅតែលួចៗបើកប៉ុន្តែជាអ្នកមានជីវភាព មិនសូវមានបាន។ អ៊ីចឹងគាត់ចេះតែដាក់តុដាក់គ្រែនៅតាមចិញ្ចើមថ្នល់ ហើយពួកគាត់ថាគឺលក់ត្រឹមតែចិញ្ចឹមក្រពះគាត់ ហើយប្រសិនបើមិនឱ្យគាត់លក់ គាត់មិនដឹងទៅរកអី។ ប៉ុន្តែយើងក៏បានណែនាំកុំឱ្យមានការជុំៗគ្នាបានទេ»។
លោកបន្ថែមថា៖ «និយាយឱ្យអស់ទៅដោយសារមនោសញ្ចេតនា ពួកយើងក៏ត្រូវបិទភ្នែកខ្លះដែរ ហើយពេលខ្លះនៅពេលឃើញមានការប្រមូលផ្ដុំគ្នាច្រើន យើងក៏បានសុំឱ្យមានការបំបែកគ្នាដែរ ឬឱ្យស្ថិតនៅគម្លាតឆ្ងាយៗពីគ្នា។ យើងក៏បានសួរនាំពួកគាត់ដែរ ថាពីណាខ្លះ ហើយប្រសិនបើជាកម្មករនៅក្នុងតំបន់ហ្នឹងទេ អាហ្នឹងយើងឱ្យគាត់អង្គុយហូបចុះ ប៉ុន្តែយើងខ្លាចតែអ្នកមកពីខាងក្រៅ។ ភាគច្រើនអ្នកលក់ទាំងហ្នឹងគឺលក់ឱ្យតែពួកកម្មករ ឬអ្នករោងចក្រនៅជិតៗដែលមានហូបនៅតាមផ្លូវ»។
ចំណែកលោក វ៉ិត ដារិទ្ធ ចៅសង្កាត់បឹងកក់ទី ១ លើកឡើងដែរថា នៅក្នុងសង្កាត់របស់លោកមិនដែលមានបញ្ហាដោយសារការជួបជុំគ្នាពីសំណាក់ពលរដ្ឋឡើយ។ កន្លងមកកម្មវិធីមង្គលការនានាគឺត្រូវបានលុបចោលវិញទាំងអស់ បន្ទាប់ពីមានការណែនាំរបស់រដ្ឋាភិបាល។ អាជ្ញាធរបានចុះផ្សព្វផ្សាយអំពីការណែនាំ និងបទបញ្ជានានារបស់រដ្ឋាភិបាលតាមរ៉ឺម៉ក និងយកស្ទីឃ័រទៅបិទនៅតាមប្រជុំជន រួមទាំងការចុះទៅចែកម៉ាស់ ជែល និងអាល់កុលនៅតាមភូមិទៅដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីឱ្យនាំគ្នាចូលរួមបង្ការជំងឺឆ្លងមួយនេះ។
ប៉ុន្តែលោកបន្ថែមថា គ្រប់គ្រួសារទាំងអស់នៅក្នុងសង្កាត់បឹងកក់ទី ១ ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នគ្រប់ពេលវេលាទាំងអស់ដូចជាធ្វើដំណើរតាមដងផ្លូវ និងចូលទៅផ្សារត្រូវនាំគ្នាពាក់ម៉ាស់។ ការលាងសម្អាតដៃឱ្យបានញឹកញាប់ និងត្រូវចម្អិនអាហារត្រីសាច់ឱ្យបានឆ្អិនមុនបរិភោគជាដើម។
លោកថា៖ «មានបងប្អូនយើងមួយចំនួន តែភាគតិចណាស់ គាត់គិតឃើញអ៊ីចេះទេ អាជំងឺកូវីដនៅក្នុងប្រទេសខ្មែរយើងដូចថយ។ អ៊ីចឹង គាត់គិតថា វាមិនអាចកើតឡើងទៀតទេ មានការធ្វេសប្រហែស។ ប៉ុន្តែជារួមប្រជាជនទាំងអស់នៅតែមានស្មារតីប្រុងប្រយ័ត្ន។ គាត់ធ្វេសប្រហែសហ្នឹង មិនមែនជាជួបជុំគ្នាហូបចុកអីទេ គឺគាត់ធ្វើដំណើរខ្ជិលពាក់ម៉ាស់»។
ក្រសួងសុខាភិបាលប្រកាសថា ដើម្បីចៀសវាងការឆ្លងលើកទី ២ នៃជំងឺកូវីដ១៩ ដែលអាចមានទ្រង់ទ្រាយធំក្នុងសង្គមគឺពលរដ្ឋត្រូវតែកែប្រែទម្លាប់ និងឥរិយាបថរស់នៅឱ្យស្របតាមបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ជាចាំបាច់។
សេចក្ដីជូនព័ត៌មានកាលពីសប្តាហ៍មុនរបស់ក្រសួងក៏បានរំឭកដែរថា ថ្វីដ្បិតគ្មានករណីឆ្លងថ្មីជាង ១ ខែ ប៉ុន្តែពលរដ្ឋត្រូវបន្តប្រកាន់យកការអនុវត្តដៃស្អាត ពាក់ម៉ាស់ ក្រមា កន្សែង ឬខ្ទប់មាត់នៅពេលកណ្ដាស់។ ត្រូវបន្តអនុវត្តគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ដោយមិនត្រូវជួបជុំគ្នាច្រើនកុះករដើម្បីស៊ីផឹក ឬនៅតាមកម្មវិធីសាសនាឡើយ។
កាលពីសប្តាហ៍មុន លោកស្រី ឱ វណ្ណឌីន មន្ត្រីនាំពាក្យក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា ការបន្តឱ្យពលរដ្ឋអនុវត្តតាមសេចក្ដីណែនាំទាំងនេះគឺដោយសារកម្ពុជាត្រូវការតាមដានអំពីស្ថានជំងឺកូវីដ ១៩ នៅក្នុងពិភពលោកពី ២ ទៅ ៣ ខែទៀត ខណៈប្រទេសខ្លះនៅមានអ្នកឆ្លងថ្មីខ្ពស់នៅឡើយ។
កាលពីថ្ងៃទី ១៣ ខែឧសភា អង្គការចលនាដើម្បីសុខភាពកម្ពុជាបានស្នើឱ្យរដ្ឋាភិបាល គួរតែហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់ និងហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទមួយរយៈ នៅពេលកម្ពុជាកំពុងព្យាយាមការពារកុំឱ្យមានឆ្លងជំងឺកូវីដ ១៩ ជាលើកទី ២។
អង្គការនេះបានលើកឡើងថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺបានជំរុញឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងកើនឡើង ខណៈការប្រើប្រាស់គ្រឿងស្រវឹងនាំឱ្យមានការប្រឈមខ្ពស់នឹងជំងឺកូវីដ ១៩ ដូចជាមិនបានលាងដៃជាមួយអាល់កុលមិនបានពាក់ម៉ាស់ មិនបានរក្សាគម្លាត ជល់កែវជាមួយគ្នា និងហូបគ្រឿងក្លែមជុំគ្នាជាដើម។
អង្គការដដែលបង្ហាញពីការសង្កេតឃើញរបស់ខ្លួនថា ពលរដ្ឋបានចាប់ផ្ដើមប្រមូលផ្ដុំដើម្បីប្រើប្រាស់គ្រឿងស្រវឹង និងច្រៀងសប្បាយជាហូរហែខុសពីការណែនាំរបស់ក្រសួងសុខាភិបាល ខណៈដែលការប្រើប្រាស់គ្រឿងស្រវឹងធ្វើឱ្យចុះខ្សោយប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយសមត្ថភាពទប់ទល់នឹងជំងឺឆ្លង៕