ភ្នំពេញៈ បើ​ទោះបី​ជា​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​មាន​ទឹកជំនន់​ធំ ហើយ​ខេត្ត​ក្រុង​ជាច្រើន​ត្រូវ​បាន​ទឹក​ជន់​លិច​ក៏ដោយ ក៏​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់ឌុប​) ដែល​ចាប់ផ្តើម​ពី​ម្សិលមិញ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​ការរាំងស្ទះ​ឡើយ​ក្នុង​ចំណោម​មណ្ឌល​ប្រឡង​ ១៩៦ នៅ​ទូទាំង​ប្រទេស បើ​ទោះបី​ជា​មណ្ឌល​ប្រឡង​មួយ​នៅ​ខេត្ត​កំពត​ត្រូវ​បាន​ផ្លាស់ប្តូរ​ដោយសារ​តែ​ទឹក​ជន់​លិច​ក៏ដោយ​។

នៅក្នុង​ពេល​បើក​វិញ្ញាសា​ប្រលង​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​នា​ព្រឹក​ថ្ងៃទី​ ២០ ខែ​សីហា ម្សិលមិញ​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​ថា​ថ្វី​ដ្បិត​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​មាន​ទឹកជំនន់​ធំ ប៉ុន្ដែ​ដោយសារ​តែ​ក្រសួង​អប់រំ​បាន​សហការ​គ្នា​ល្អ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ចំពោះ​ការប្រឡង​គឺ​មាន​ការរៀបចំ​បាន​ល្អ​ប្រសើរ ហើយ​មាន​តែ​មួយ​មណ្ឌល​ប៉ុណ្ណោះ​ស្ថិត​នៅ​ខេត្ដ​កំពត​ត្រូវ​ប្ដូរ​មណ្ឌល​ប្រឡង ព្រោះ​ទឹកជំនន់​ទឹកភ្លៀង​ដែល​ធ្លាក់​ ២-៣ ​ថ្ងៃ​ជាប់​គ្នា​។

លោក​បញ្ជាក់​ថា​៖ «​តាមរយៈ​ការសហការ​គ្នា​បាន​ល្អ និង​កំណែទម្រង់​បាន​កាន់តែ​ល្អ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​នេះ​បាន​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​សិស្ស​ក៏​ដូចជា​គ្រូ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​ដែល​ជំរុញ​ឲ្យ​ការប្រឡង​កាន់តែ​ដំណើរការ​ទៅ​បាន​រឹតតែ​ល្អប្រសើរ ហើយ​ការផ្លាស់ប្ដូរ​ឥរិយាបថ​របស់​សិស្ស​កាន់តែ​លឿន ព្រោះ​ពេល​បញ្ចប់​ការប្រឡង​ម្ដងៗ​យើង​តែងតែ​ប្រជុំ​គ្នា​ដក​បទពិសោធ​»​។

លោក​បញ្ជាក់​ថា​ជាក់ស្ដែង​ក្នុង​ថ្ងៃ​ប្រឡង​ទី​ ១ ​កាលពី​ម្សិលមិញ​មិន​បាន​ឃើញ​សិស្ស​ណា​ម្នាក់​កាន់​សំណៅ​ឯកសារ និង​សម្ភារ​អេឡិចត្រូនិក​ចូល​ក្នុង​មណ្ឌល​ប្រឡង​ទេ បើ​ប្រៀបធៀប​កាលពី​ ៥ ​ឆ្នាំ​មុន​គឺ​ខុស​គ្នា​មែនទែន​។

លោក ជាវ តាយ អភិបាលខេត្ត​កំពត​បាន​ឲ្យ​ដឹង​ថា​បេក្ខជន​ប្រឡង​ទាំងអស់​មិន​ត្រូវ​ចំណាយ​ការបង់ប្រាក់​សម្រាប់​ផ្ញើ​ម៉ូតូ-កង់​នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំង ៩ ទូទាំង​ខេត្ត​នោះ​ទេ ព្រោះ​រដ្ឋបាល​ខេត្ត​ជា​អ្នក​ទទួល​បន្ទុក​ជំនួស​។

លោក​បន្ថែម​ថា​៖ «​មាន​តែ​ករណី​មួយ​ទេ​គឺ​មណ្ឌល​សាលា​គរុកោសល្យ​ខេត្ត​កំពត ភ្លៀង​ ២-៣ ​ថ្ងៃ​ជាប់​គ្នា​បណ្ដាល​ឲ្យ​លិច​ទឹក​។ ដូច្នេះ​ទេ​យើង​ក៏​សម្រេច​ប្ដូរ​មណ្ឌល​មក​វិទ្យាល័យ ឯកជន​វឌ្ឍន​វិជ្ជា​ថ្នាក់​វិទ្យាសាស្ត្រ​ដែល​មាន ២០​ ​បន្ទប់​»​។

លោក នួន យ៉ង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ខណៈ​កំពុង​អង្គុយ​ជាមួយ​កូនស្រី និង​ក្មួយៗ​ ៥ ​នាក់​ទៀត បរិភោគ​បាយ​ថ្ងៃ​ត្រង់​លើ​ខឿន​ចិញ្ចើមថ្នល់ ក្បែរ​វិទ្យាល័យ ជា ស៊ីម បឹង​កេងកង​ក្នុង​ខណ្ឌ​ចំការមន​ថា លោក​មាន​ទី​លំនៅ​ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ ប៉ុន្ដែ​លោក​ត្រូវ​ក្រោក​ពី​ដំណេក​តាំងពី​ពាក់កណ្ដាល​អធ្រាត្រ​ដើម្បី​រៀបចំ​បាយទឹក និង​ជូន​កូន​មក​មណ្ឌល​ប្រឡង​តាំងពី​ម៉ោង​ ៤ ​ទៀប​ភ្លឺ​។

លោក​បន្ដ​ថា​៖ «​កូន​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​ព្រែកកំពឹស​ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ តែ​ខ្ញុំ​ងើប​តាំងពី​ម៉ោង​ ៤ ​ជូន​កូន​មក​ប្រឡង​ព្រោះ​ចេញ​មក​ពេល​ភ្លឺ​ខ្លាច​ស្ទះ​ផ្លូវ​មក​មិនទាន់​»​។

លោក​បន្ត​ថា​៖ «​ប្រឡង​ឥឡូវ​ខុស​ពី​កាល​សម័យ​ខ្ញុំ ឥឡូវ​ទាល់​តែ​ចេះ​បាន​ប្រឡង​ជាប់​។ ការ​មាន​វិន័យ​តាំងពី​អ៊ីចឹង​ល្អ​ណាស់ ខ្ញុំ​គាំទ្រ​»​។

អ្នកស្រី ហែម សុខ ដែល​មាន​កូន​កំពុង​ប្រឡង​នៅ​វិទ្យាល័យ ជា ស៊ីម បឹងកេងកង​នេះ​ដែរ​បាន​លើក​ឡើង​ថា អ្នកស្រី​តែងតែ​ផ្ដាំ​កូន​ឲ្យ​ខិតខំ​រៀន មិន​ឲ្យ​មាន​ការយក​ប្រ៊ុយយ៉ុង​ចូល​មណ្ឌល​ប្រឡង​ឡើយ​។

អ្នកស្រី​បន្ថែម​ថា​៖ «​ខ្ញុំ​តែងតែ​ប្រាប់​កូន​តាំងពី​មុន​ប្រឡង មិន​ឲ្យ​យក​ប្រ៊ុយយ៉ុង​ចូល​មណ្ឌល​ប្រឡង​ទេ​។ ព្រោះ​ចំណេះ​ក្នុង​ខ្លួន​ទើប​ជួយ​កូន​បាន​។ ចំពោះ​វិន័យ​​តឹងរ៉ឹង​នេះ ខ្ញុំ​មិន​មាន​ការបារម្ភ​ទេ ព្រោះ​កូន​ខ្ញុំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​មក​»​។

យុវសិស្ស យឿន រតនា ទើប​បញ្ចប់​ការប្រឡង និង​កំពុង​ចេញ​ទៅ​រក​ទទួលទាន​បាយ​ថ្ងៃត្រង់​ជាមួយ​មិត្ដភក្ដិ​នៅ​ក្បែរ​វិទ្យាល័យ ជា ស៊ីម បឹងកេងកង​ដែរ​នោះ​បាន​ឲ្យ​ដឹងថា ២ ​វិញ្ញាសា​ពេល​ព្រឹក​មិន​សូវ​លំបាក​ទេ គេ​អាច​ធ្វើ​បាន​ច្រើន​។ យុវសិស្ស​វ័យ ១៩ ឆ្នាំ​រូប​នេះ​បន្ដ​៖ «​ប្រឡង​ឆ្នាំ​នេះ​រាង​តឹង​ចំពោះ​វិន័យ​ក្នុង​ថ្នាក់ ប៉ុន្ដែ​មិន​អី​ទេ ព្រោះ​វិញ្ញាសា​មិន​សូវ​លំបាក​ដែរ​»​។

យុវតី លី គឹមឡាំង សិស្ស​ប្រឡង​នៅ​វិទ្យាល័យ ជា ស៊ីម បឹងកេងកង​នេះ​ដែរ​ជឿជាក់​ថា​នាង​អាច​ប្រឡង​ជាប់​និទ្ទេស B ឬ C ព្រោះ​នាង​បាន​ធ្វើ​បាន​ច្រើន​។

លោក សន ជ័យ នាយកប្រតិបត្ដិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​សង្គម លើក​ឡើង​ថា​ការពង្រឹង​ចំពោះ​ក្រឹត្យក្រម​វិន័យ​នៃ​ការប្រឡង​បាក់ឌុប​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ អ្វី​ដែល​សំខាន់ និង​បញ្ជាក់​ពី​គុណភាព​អប់រំ​គឺ​ការដាក់​វិញ្ញាសា​ប្រឡង​។ លោក​បន្ដ​ថា​៖ «​យើង​មើល​ទៅ​លើ​នីតិវិធី ក្រសួង​អប់រំ​គាត់​មាន​ភាព​ចាស់ទុំ​ចំពោះ​ការរៀបចំ​ការប្រឡង​នេះ ហើយ​ប្រសិទ្ធភាព​ផ្សេងៗ​ទៀត​ក៏​យើង​សង្កេត​ឃើញ​ថា​បាន​ដំណើរការ​ទៅ​រលូន​ដែរ​។ ប៉ុន្ដែ​អ្វី​ដែល​យើង​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​នោះ​គឺ​គុណភាព​នៃ​វិញ្ញាសា​ដែល​អាច​មាន​ភាព​ស្មើ​គ្នា​ទាំង​សិស្ស​ជនបទ និង​ទីក្រុង ពិសេស​មិន​មាន​ការខូចខាត​»​។

បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​សម្រាប់​ការប្រឡង​ឆ្នាំ​នេះ បើ​ទោះបី​ជា​មាន​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​តិច​ក៏ដោយ ក៏​ក្រសួង​មិន​មាន​គម្រោង​ឲ្យ​ប្រឡង​ជា​លើក​ទី​ ២ ដូច​ឆ្នាំ​ ២០១៤ ​នោះ​ដែរ ខណៈ​ឆ្នាំ​នេះ​ក្រសួង​ចំណាយ​ថវិកា​ជិត ៥ លាន​ដុល្លារ​សម្រាប់​ដំណើរការ​ប្រឡង​។

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ ២០១៨ នេះ​សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ចំនួន ១១៧០៦២ នាក់ ស្រី ៤៥៧០៨ នាក់​មាន​មណ្ឌល​ប្រឡង​ចំនួន ១៩៦ មាន​ចំនួន ៤៧១៨ បន្ទប់ ចែក​ជា​ ២ ​ក្រុម​គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧ ​​ភាគរយ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៤៨,៣ ភាគរយ​៕