ភ្នំពេញៈ កម្ពុជាប្រកាសករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២៦ នាក់បន្ថែមទៀតពីម្សិលមិញ ដែលជាក្រុមនិស្សិតទើបធ្វើដំណើរមកពីប្រទេសអេហ្ស៊ីប និងរុស្ស៊ី ខណៈនាយករដ្ឋមន្ត្រីអះអាងថា រដ្ឋាភិបាលនឹងមិនរារាំងពលរដ្ឋនៅក្រៅប្រទេសឱ្យឈប់វិលត្រឡប់មកប្រទេសវិញដូចការហាមឃាត់ពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ី កាលពីខែមេសាកន្លងទៅនោះឡើយ។
ក្រសួងសុខាភិបាលប្រកាសថាក្នុងចំណោមពលរដ្ឋខ្មែរឆ្លងជំងឺកូវីដថ្មីទាំង ២៦ នាក់ក្នុងនោះជានិស្សិតមកពីប្រទេសអេហ្ស៊ីបចំនួន ៥ នាក់។ សិក្ខាកាមយោធាមកពីប្រទេសរុស្ស៊ី ២០ នាក់ និងម្នាក់ទៀតគឺជាបុរសអាយុ ៦៥ ឆ្នាំធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង។ អ្នកឆ្លងជំងឺកូវីដ ១៩ ទាំងនេះស្ថិតក្នុងចំណោមអ្នកដំណើរទាំងអស់ចំនួន ២៥៤ នាក់។ ក្នុងនោះមាន ១៤៤ នាក់ជាអ្នកដំណើរមកពីប្រទេសអេហ្ស៊ីប រុស្ស៊ី និងម៉ាឡេស៊ី រីឯ ១១០ នាក់ផ្សេងទៀតជាអ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូង។ ជើងហោះហើរទាំង ២ នេះបានចូលមកកម្ពុជាកាលពីថ្ងៃអាទិត្យ។
អ្នកដំណើរដែលត្រូវបានធ្វើតេស្ដអវិជ្ជមាន ២២៨ នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក ១៤ ថ្ងៃ នៅមណ្ឌលចត្តាឡីស័កទ័ពអាកាស មណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែនបូរី ១០០ ខ្នង និងនៅតាមសណ្ឋាគារមួយចំនួន។ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងសរុបបានកើនដល់ ១៩៧ នាក់ក្នុងនោះ ១៤០ នាក់ត្រូវបានព្យាបាលជាសះស្បើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីម្សិលមិញនៅពេលចុះជួបជាមួយកសិករនៅខេត្តតាកែវថាលោកស្លុតចិត្តនៅពេលទទួលបានដំណឹងកាលពីយប់ថ្ងៃចន្ទថាមានពលរដ្ឋខ្មែរចំនួន ២៦ នាក់បានឆ្លងជំងឺកូវីដ ១៩ ដែលជាករណីឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មាន។
រដ្ឋាភិបាលបានចាប់ផ្ដើមរឹតបន្តឹងវិធានការបន្ថែមតាំងពីថ្ងៃទី ២០ ឧសភា នៅព្រលានយន្តហោះដោយបានតម្រូវឱ្យអ្នកដំណើរទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្ដ និងធ្វើចត្តាឡីស័ក ១៤ ថ្ងៃ មុនអនុញ្ញាតឲ្យទៅជួបជុំជាមួយគ្រួសារ ដើម្បីបង្ការការឆ្លងរាលដាលជំងឺនៅក្នុងសហគមន៍។
លោក ហ៊ុន សែន ប្រកាសថាថ្វីដ្បិតនៅពេលនេះមានការរកឃើញករណីឆ្លងជាបន្តបន្ទាប់ ហើយរយៈកាលចុងក្រោយនេះជាករណីនាំចូលភាគច្រើនតាមរយៈពលរដ្ឋខ្មែរធ្វើដំណើរមកពីក្រៅប្រទេសក្តី ប៉ុន្តែលោកនឹងមិនហាមឃាត់ពលរដ្ឋខ្មែរដែលកំពុងនៅក្រៅប្រទេសមិនឱ្យធ្វើដំណើរមកប្រទេសកំណើតវិញ ដូចជាលោកធ្លាប់ហាមឃាត់ពលរដ្ឋជាង ១០០ នាក់ នៅប្រទេសម៉ាឡេស៊ី កាលពីខែមេសាឡើយ។ លោកថា ការមិនហាមឃាត់នេះ ដោយសាររដ្ឋាភិបាលបានរៀបចំធ្វើតេស្ដ និងធ្វើចត្តាឡីស័ករាល់អ្នកដំណើរពីក្រៅប្រទេស។
លោកថ្លែងថា៖ «និស្សិតយើងដែលរៀននៅក្រៅប្រទេស គឺត្រូវចូលប្រទេស គឺឆ្លងតាមរយៈហ្នឹង។ បើយើងមិនយកពលរដ្ឋយើងចូលប្រទេសទេ តើឱ្យគាត់ទៅនៅឯណា? កាលពីមុនដោយសារខ្វះការរៀបចំនៅក្នុងស្រុក ហើយយើងមិនដឹងច្បាស់លាស់គឺយើងបានស្នើឱ្យបងប្អូនយើងនៅម៉ាឡេស៊ីផ្អាកធ្វើដំណើរមកកាន់ប្រទេសសិន ហើយយើងសុខចិត្តបញ្ជូនលុយពីនេះទៅឲ្យស្ថានទូតយើងជួយចិញ្ចឹម ហើយក្រោយមកយើងទទួលវិញ»។
លោក ហ៊ុន សែន បន្ថែមថានៅថ្ងៃឈប់សម្រាកថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែសីហាខាងមុខ ដែលពលរដ្ឋអាចធ្វើដំណើរកម្សាន្តទៅតាមតំបន់ទេសចរណ៍នានាត្រូវចៀសវាងការប្រមូលផ្ដុំដែលមានទ្រង់ទ្រាយធំ ព្រោះជំងឺកូវីដ-១៩នៅក្នុងពិភពលោកមិនទាន់ធូរស្រាលនៅឡើយទេ ហើយប្រទេសខ្លះចាប់ផ្ដើមឆ្លងជារលកថ្មីជាបន្តបន្ទាប់។
លោកថា៖ «ឥឡូវនេះពាក់ម៉ាស់កាន់តែតិចទៅៗដែលជាការធ្វេសប្រហែសបន្តិច ហើយនៅពេលឈប់សម្រាកខាងមុខនេះប្រជាពលរដ្ឋនឹងធ្វើដំណើរដើរលេង។ ប៉ុន្តែត្រូវចៀសវាងការប្រមូលផ្ដុំទ្រង់ទ្រាយធំជាការល្អដើម្បីចៀសវាងការរីករាលដាលជំងឺកូវីដ»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលប្រកាសដែរថាក្រសួងនឹងប្រឹងប្រែងគោរពតាមការណែនាំរបស់លោក ហ៊ុន សែន ដើម្បីជួយពលរដ្ឋកំពុងជាប់នៅក្រៅប្រទេសឱ្យចូលមកប្រទេសវិញ និងដើម្បីទប់ស្កាត់កុំឱ្យមានការចម្លងនៅក្នុងប្រទេស។
លោកស្រីបញ្ជាក់ថា៖ «យើងនឹងប្រឹងប្រែងធ្វើជាបន្តទៀតទៅតាមការសម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលដោយឈរលើឆន្ទៈ។ ដៃម្ខាងជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនៅជាប់គាំងអស់រយ:ពេលយ៉ាងយូរនៅក្រៅប្រទេស និងដៃម្ខាងទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ ដែលតម្រូវឲ្យមានការចូលរួម និង អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការចត្តាឡីស័ក និងវិធានការការពារផ្សេងៗទៀតពីបុគ្គលគ្រប់រូប»។
លោកស្រីថា៖ «ទាំងអ្នកដំណើរ ទាំងអ្នកនៅក្នុងប្រទេសយើងខ្មែរដូចគ្នាត្រូវចេះជួយគ្នាក្នុងគ្រាលំបាក។ យើងទាំងអស់គ្នាសូមចូលរួមគាំទ្រ និងអនុវត្តវិធានការការពារឲ្យបានល្អប្រសើរដើម្បីទប់ស្កាត់នូវការចម្លងក្នុងសហគមន៍យើង»៕