ពោធិ៍សាត់ៈ សំណង់ទំនប់ទឹកដំណាក់ឈើក្រំដែលមានសំណង់មេស្ទាក់ទឹកចំនួន ១ កន្លែង និងប្រឡាយមេប្រវែងជាង ៩០ គីឡូម៉ែត្រ ដែលអាចផ្តល់អត្ថប្រយោជន៍ស្រោចស្រពលើផ្ទៃដីសរុប ១៦ ១០០ ហិកតាក្នុង ៥១ ភូមិនៃស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ ខេត្ដពោធិ៍សាត់ កំពុងស្ថាបនាបានជាង ៩០ ភាគរយហើយ ដែលគ្រោងបញ្ចប់ការស្ថាបនានៅខែមិថុនា ឆ្នាំនេះ។
រដ្ឋបាលខេត្ដពោធិ៍សាត់ដែលបានផ្សព្វផ្សាយពីម្សិលមិញអំពីការស្ថាបនាសមិទ្ធផលទំនប់ទឹកដំណាក់ឈើក្រំស្ថិតក្នុងភូមិព្រែក ១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឱ្យដឹងថា សំណង់នេះស្ថាបនាឡើងតាមរយៈគម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងរាំងស្ងួតក្នុងមហាអនុតំបន់ទន្លេមេគង្គ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
លោក ង៉ែត សីហា មន្ដ្រីនាំពាក្យរដ្ឋបាលខេត្ដពោធិ៍សាត់បញ្ជាក់ថា៖ «សំណង់នេះបាននិងកំពុងលេចចេញជារូបរាងឡើងដើម្បីបម្រើផលប្រយោជន៍លើការងារបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បច្ចុប្បន្ន សំណង់ទំនប់នេះស្ថាបនាបានជាង ៩០ ភាគរយហើយ ដែលអាចផ្តល់អត្ថប្រយោជន៍ស្រោចស្រពផ្ទៃដីសរុប ១៦ ១០០ ហិកតា លើ ៥១ ភូមិក្នុងស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ»។
លោកឱ្យដឹងថា សំណង់ទំនប់ទឹកដំណាក់ឈើក្រំនេះ បានចាប់ផ្តើមសាងសង់ កាលពីខែសីហា ឆ្នាំ ២០១៧។ តាមផែនការនឹងត្រូវបញ្ចប់ការស្ថាបនានៅខែមិថុនា ឆ្នាំ ២០២១ នេះ។
បើតាមលោក សីហា សំណង់ទំនប់ដែលមានសំណង់មេស្ទាក់ទឹកចំនួន ១ កន្លែង ប្រឡាយមេប្រវែងជាង ៩០ គីឡូម៉ែត្រក៏មានសំណង់សិល្បការ (សំណង់ប្រឡាយចេញពីប្រឡាយមេ) សរុបចំនួន ៣៦២ កន្លែងទៀតដែរ ដែលអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម។
លោកថា ទំនប់ទឹកដំណាក់ឈើក្រំក៏អាចក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀតស្របនឹងទីតាំងអំណោយផលបែបធម្មជាតិ ដែលមានខ្សែទឹកធ្លាក់មកពីស្ទឹងប្រមោយនៃស្រុកវាលវែង។
លោកថ្លែងថា៖ «បើទោះបីជាស្ថានភាពកូវីដ ១៩ កំពុងតែតានតឹងយ៉ាងណាក្តី ក៏សមិទ្ធផលទាំងអស់នេះយើងនៅតែដំណើរការទៅបានគឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមមគ្គុទ្ទេសក៍ ដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «អរគុណសន្តិភាព»។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយមប្រាប់ថា កំពុងរវល់ប្រជុំពីម្សិលមិញ។ ឯលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ទូរស័ព្ទគ្មានអ្នកទទួល៕