
កងទ័ពកម្ពុជា និងចិនពេលចូលរួមសមយុទ្ធនាគមាសនៅខេត្តកំពតកាលពីថ្ងៃម្សិលមិញ។ រូបថត FN
កំពតៈ កងទ័ពកម្ពុជា-ចិនសរុបចំនួន ៣ ១៣៦ នាក់ បានចាប់ផ្ដើមធ្វើសមយុទ្ធនាគមាសឆ្នាំ ២០២០ រួមគ្នាក្នុងរយៈពេលកន្លះខែដោយចាប់ផ្ដើមពីថ្ងៃទី ១៥ ខែមីនា ដល់ថ្ងៃទី ៣០ ខែមីនា នៅខេត្តកំពតដែលជាសមយុទ្ធនាគមាសលើកទី ៤ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌កម្ពុជា-ចិន»។
ក្រសួងការពារជាតិបានប្រកាសកាលពីម្សិលមិញថា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីប្រកាសបើកសមយុទ្ធនាគមាសឆ្នាំ ២០២០ ដែលរៀបចំធ្វើឡើងនៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរីរបស់កងពលតូចថ្មើរជើងលេខ ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។
តាមសេចក្ដីប្រកាសសមយុទ្ធនេះគឺមានកងយោធពលខេមរភូមិន្ទចូលរួមចំនួន ២ ៨៧១ នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន ២៦៥ នាក់។
ខាងកងយោធពលខេមរភូមិន្ទកម្ពុជាប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន ៤ គ្រឿង រថក្រោះ T55 ចំនួន ១០ គ្រឿង រថពាសដែក DMT1 ចំនួន ១២ គ្រឿង និងកាំភ្លើងធំ ១២២D30 ចំនួន ៦ ដើមព្រមទាំងកាំភ្លើងត្បាល់ចំនួន ១២ ដើមរួមជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិជាច្រើនដើមទៀត ឧបករណ៍សម្រាប់ស៊ើបការណ៍ ឧបករណ៍សម្រាប់ដោះមីន ឧបករណ៍សម្រាប់រំដោះចំណាប់ខ្មាំង និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាដើម។
រីឯភាគីកងទ័ពរំដោះប្រជាជនចិន ប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន ៦ គ្រឿង កាំភ្លើងធំ ១២២ D30 ចល័តចំនួន ៣ ដើម រថពាសដែកចំនួន ៩ គ្រឿង រថយន្តដទៃទៀតចំនួន ២៨ គ្រឿង និងឧបករណ៍ជាច្រើនទៀតផងដែរ។

ទ័ពកម្ពុជា-ចិន និងឧបករណ៍សមយុទ្ធឆ្នាំនេះ។ រូបថត ក្រសួងការពារជាតិ
លោក ឈុំ សុជាត មន្ត្រីនាំពាក្យក្រសួងការពារជាតិបានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញដែរថា កងទ័ពចិនគឺត្រូវបានត្រួតពិនិត្យសុខភាពយ៉ាងតឹងរ៉ឹង និងហ្មត់ចត់បំផុតក្នុងការស្វែងរករោគសញ្ញានៃកូវីដ ១៩ ដើម្បីជាការគិតគូរអំពីសុវត្ថិភាពប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ធ្វើសមយុទ្ធ និងសុខភាពប្រជាជននៅទូទាំងប្រទេស។
លោកបានបញ្ជាក់ថា៖ «មុននឹងខាងចិនគេមក គេបានត្រួតពិនិត្យសុខភាពកងទ័ពគេហើយ។
កងទ័ពជាង ២០០ នាក់ ហ្នឹងក៏ត្រូវបានត្រួតពិនិត្យកាយសម្បទាទាំងអស់ មិនមែនតែស្គែនកម្ដៅទេ ព្រោះការហ្វឹកហាត់ហ្នឹងត្រូវការកាយសម្បទាច្រើនណាស់។ ដោយឡែកថាកងទ័ពចិនមកពីខាងណាខ្លះ យើងមិនអាចដឹងបានទេ ព្រោះកងទ័ពចិនគឺជាកងទ័ពចល័ត និងជាកងទ័ពស្រួច អ៊ីចឹងគេមកគ្រប់តំបន់មិនថាខេត្តណាទេ ដូចយើងមានកងពលនៅគ្រប់តែខេត្តហ្នឹង»។
លោកបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ ២០២០ នៅតែបន្តផ្តោតសំខាន់លើការប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ដែលជាឱកាសសម្រាប់កងទ័ពប្រទេសទាំង ២ បន្តសិក្សារៀនសូត្រ ដកបទពិសោធទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ ការរក្សាសន្តិភាពក៏ដូចជាសម្រាប់ការបំពេញភារកិច្ចការពារជាតិកាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។
លោកបន្តថា សមយុទ្ធនាគមាសនេះក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញមិត្តភាពទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ខណៈដែលមិត្តភាពជាដែកថែបកំពុងតែរឹងមាំជាងដំណាក់កាលណាៗទាំងអស់ស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
លំហាត់នាគមាសរួមគ្នារវាងកងទ័ពកម្ពុជា-ចិន បានធ្វើឡើងជាលើកដំបូងនៅឆ្នាំ ២០១៦ និងលើកទី ២ នៅឆ្នាំ ២០១៨ លើកទី ៣ នៅឆ្នាំ ២០១៩ ដែលមានកងទ័ពប្រទេសទាំង ២ ចូលរួមជិត ៣ ពាន់នាក់។
លោកឧបនាយករដ្ឋមន្ត្រី ទៀបាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនឹងអញ្ជើញប្រកាសបិទសមយុទ្ធនាគមាសលើកទី ៤ នៅពេលខាងមុខនេះ៕