ភ្នំពេញៈ កូនប្រុសច្បងសពលោក ស៊ិន សុង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម័យរដ្ឋកម្ពុជា នាទសវត្សរ៍ ១៩៨០ និងប្រជាពលរដ្ឋប្រមាណជិត ១០០ នាក់ដែលជាសាច់ញាតិបាននាំគ្នាតវ៉ា ដើម្បីស្នើសុំដល់រដ្ឋាភិបាល និងអគ្គនាយកធនាគារកាណាឌីយ៉ា លោក ពុង ឃាវសែ ជួយសម្របសម្រួលដោះស្រាយបញ្ចប់ជម្លោះដីធ្លីដែលបានអូសបន្លាយអស់រយៈពេលជិត ២០ ឆ្នាំមកហើយនេះ។
ការតវ៉ា និងការស្នើសុំនេះធ្វើឡើងបន្ទាប់ពីធនាគារ កាណាឌីយ៉ា បានទាមទារនិងព្យាយាមរឹបអូសយកផ្ទះដែលជាកេររបស់លោក ស៊ិន សុង ដែលបាននិងកំពុងកាន់កាប់ និងរស់នៅរាល់ថ្ងៃដោយលោក ស៊ិន វិសាល ដែលជាកូនប្រុសច្បងរបស់លោក ស៊ិន សុង។
ការទាមទារ និងព្យាយាមរឹបអូសរបស់ធនាគារកាណាឌីយ៉ានេះ ដោយសារតែលោកស្រី ឡុង សាខន ដែលត្រូវជាប្រពន្ធរបស់លោក ស៊ិន សុង និងជាម្តាយរបស់លោក ស៊ិន វិសាល បានយកផ្ទះកេររបស់លោក ស៊ិន សុង ដែលលោក ស៊ិន វិសាល កំពុងរស់នៅដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ និងប្លង់ដីមួយចំនួនទៅបញ្ចាំនៅធនាគារ។
ដីដែលលោកស្រី ឡុង សាខន យកទៅបញ្ចាំនោះរួមមានប្លង់ដីទំហំ ១៦៩៩៩ ម៉ែត្រការ៉េដែលស្ថិតនៅខណ្ឌឫស្សីកែវ ដីទំហំ ៧៦៧៥០ ម៉ែត្រការ៉េ ៥០០០០ ម៉ែត្រការ៉េ ៣៩៨៤៣ ម៉ែត្រការ៉េដែលទាំង ៣ ប្លង់នេះស្ថិតនៅក្រុងព្រះសីហនុ និងដីទំហំ ៧៤១៤៦ ម៉ែត្រការ៉េស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាកន្លែងបញ្ចុះសពឪពុកលោក។
ផ្ទះ និងដីប៉ុន្មានប្លង់ខាងលើត្រូវលោកស្រី ឡុង សាខន យកទៅបញ្ចាំធនាគារកាលពីឆ្នាំ ២០១២ ចំនួន ៦ លានដុល្លារ ដោយមានអត្រាការប្រាក់ចំនួន ១៣,២ ភាគរយប្រចាំឆ្នាំ។
ធនាគារកាណាឌីយ៉ាបានប្ដឹងទៅតុលាការទាមទារប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យ ហើយសាលក្រមចូលស្ថាពររួចហើយ។ បើយោងតាមឯកសារពីខាងធនាគារទំហំទឹកប្រាក់ដែលត្រូវសងតាមអំណាចសាលក្រមគឺមានរហូតដល់ទៅជាង ១៥ លានដុល្លារឯណោះ។ លោក ស៊ិន វិសាល បានជួបពិភាក្សាជាមួយខាងធនាគារជាច្រើនដងរួចមកហើយ តែមិនមានលទ្ធផល ព្រោះតែខាងធនាគារមានបំណងរឹបអូសយកផ្ទះជាថ្នូរសំណងតែម្ដង។
លោក ស៊ិន វិសាល បានប្រាប់អ្នកសារព័ត៌មានថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះមានព័ត៌មានចេញពីស្ថាប័នពាក់ព័ន្ធថា ធនាគារបាននិងកំពុងធ្វើការកាត់ឈ្មោះផ្ទះរបស់លោកដែលកំពុងរស់នៅជាមួយប្រពន្ធ និងកូន។ លោក អះអាងថា លោក និងប្រជាពលរដ្ឋធ្វើការតវ៉ាដើម្បីស្នើសុំដល់រដ្ឋាភិបាល និងអគ្គនាយកធនាគារកាណាឌីយ៉ា ជួយសម្របសម្រួលដោះស្រាយបញ្ចប់ជម្លោះដីធ្លីនេះ។
លោកបញ្ជាក់ថា៖ «ខ្ញុំព្យាយាមដោះស្រាយបំណុលជាង ៦ លានដុល្លារដែលម្តាយខ្ញុំ និងកូនៗរបស់គាត់ដែលបានឃុបឃិតគ្នាយកទៅបញ្ចាំនៅធនាគារដោយរូបខ្ញុំបាទដែលជាកូនប្រុសបងឪពុកខ្ញុំ មិនបានដឹងអ្វីសោះ ដូច្នេះស្នើសុំរកដំណោះស្រាយដើម្បីដោះស្រាយសងជំនួសម្តាយរបស់ខ្ញុំ។ ខ្ញុំសំណូមពរឲ្យពូឧកញ៉ា ពុង ឃាវសែ ទទួលយកលុយ ៦ លានដុល្លារដែលម្តាយរបស់ខ្ញុំ ឡុង សាខន បានជំពាក់»។
លោកបន្ថែមថាធនាគារមិនព្រមដោះស្រាយ ប៉ុន្តែបែរជាកាត់យកដីផ្នូរបស់ឪពុកលោកនៅកៀនស្វាយដោយពុំមានការយល់ព្រមពីរូបលោកដែលដីនោះលោកអះអាងថា មានទំហំ ៧៤១៤៦ ម៉ែត្រការ៉េស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
ភ្នំពេញប៉ុស្តិ៍មិនអាចធ្វើការទាក់ទង ដើម្បីសុំការបំភ្លឺពីលោកស្រី ឡុង សាខន និងលោក ប៉ែន រដ្ឋា តំណាង អគ្គនាយកធនាគារកាណាឌីយ៉ាបាននោះទេកាលពីម្សិលមិញ។
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលមិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមបានទេពីម្សិលមិញ។ ដោយឡែកលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល និងលោក ឯក ស៊ុនរស្មី អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាលបានបដិសេធក្នុងការធ្វើអត្ថាធិប្បាយទៅលើបញ្ហាជម្លោះដីធ្លីនេះ៕