ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា​ប្រកាស​ច្រានចោល​ទាំងស្រុង​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សាយ​លើ​បណ្តាញ​សង្គម ដែល​ថា​ធនាគារជាតិ​ផ្តល់​ជំនួយ​ចំនួន ៣ លាន​រៀល​ទៅ​ឲ្យ​មនុស្ស​ចំនួន ៥០ នាក់។

ជុំវិញ​ព័ត៌មាន​នេះ ធនាគារជាតិ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ដំណាក់កាល​នេះ ចៀសវាង​មាន​ការចាញ់បោក។

ការប្រកាស​បដិសេធ​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​មាន​គណនី​ហ្វេសប៊ុក​មួយ ដែល​មាន​ឈ្មោះថា Cambodia bank បង្ហោះ​សារ​ដោយ​បាន​ប្រកាសថា ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្តល់ជំនួយ​ចំនួន ៣ លាន​រៀល​ទៅ​មនុស្ស ៥០ នាក់ ដែល​បាន​ចុះឈ្មោះ​ឥឡូវនេះ ដើម្បី​ចាប់ឆ្នោត ដោយ​មាន​ភ្ជាប់​ និង​លីង សម្រាប់​ឲ្យ​អ្នកប្រើប្រាស់​ចុច​ចុះឈ្មោះ​ដើម្បី​ផ្តល់​ព័ត៌មាន។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករង​ទី ១ នៃ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​នៅ​ថ្ងៃទី ២៦ មេសា​នេះ​ថា​ការប្រកាស​នូវ​ព័ត៌មាន​យ៉ាង​ដូច្នេះ គឺជា​ករណី​ឆបោក ព្រោះ​ធនាគារជាតិ​នៃ​កម្ពុជា​មិន​ដែល​មាន​កម្មវិធី​ប្រកាស​ផ្តល់ជំនួយ​ដល់​ពលរដ្ឋ​ក្នុង​ចំនួន​ទឹកប្រាក់​ទាំងនេះ​នោះទេ។

លោក​ថ្លែងថា៖ «សូម​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការប្រយ័ត្នប្រយែង កុំ​មាន​ការចាញ់បោក​ឲ្យ​សោះ ព្រោះ​នេះ​ជា​ករណី​ឆបោក​ទេ។ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង សូមកុំ​ជឿ និង​កុំ​ផ្ញើ​លុយ ឬ​ចុះឈ្មោះ​ឲ្យ​សោះ»។

លោក​ គិត សុវណ្ណារិទ្ធ បញ្ជាក់ទៀត​ថា គណនី​ហ្វេសប៊ុក​ទាំងនេះ​មិនមែន​ជា​គណនី​ហ្វេសប៊ុក​របស់​ធនាគារជាតិ​នៃ​កម្ពុជា​នោះទេ។

កាលពី​ថ្មីៗ​នេះ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក្រសួងមហាផ្ទៃ​ធ្លាប់​ប្រកាស​រួចមកហើយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​ជាមួយ​ល្បិចកល​បោកប្រាស់​មួយចំនួន​ក្នុង​ពេល​ដែល​ជំងឺ​កូវីដ១៩ កំពុង​តែ​រីករាលដាល។

នាយកដ្ឋាន​នេះ​បាន​លើកឡើងថា ក្នុង​ពេលនេះ​ជនខិលខូច​មួយចំនួន​បាន​កំពុង​រិះរក​ល្បិចកល​ ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ ដោយ​បន្លំ​ធ្វើ​ជា​អាជ្ញាធរ ឬ​សប្បុរសជន ដើម្បី​ចែក​ម្ហូបអាហារ ជួយ​ឧបត្ថម្ភ​ថវិកា ឬ​ផ្ដល់​ប្រាក់កម្ចី​ជាដើម ដោយ​បាន​ធ្វើឡើង​តាមរយៈ​ទូរស័ព្ទ ឬ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្រោម​រូបភាព​ផ្សេង។

សកម្មភាព​ឆបោក​ទាំងនោះ​គឺ​មាន​ដូចជា ការជួយឧបត្ថម្ភ​ថវិកា ឬ​ម្ហូបអាហារ ការផ្ដល់ប្រាក់​កម្ចីងាយៗ និង​ការក្លែងបន្លំ​ជា​អាជ្ញាធរ ឬ​មន្ត្រី​មន្ទីរពេទ្យ ហើយ​ទាមទារ​ឱ្យ​បង់ប្រាក់​ ដើម្បី​ជួយឧបត្ថម្ភ ឬ​ជួយ​សង្គ្រោះ​បងប្អូន។

ដូច្នេះ​ដើម្បី​ការពារ​ពី​ការបោក​បន្លំ​ដោយ​ជនខិលខូច​មួយចំនួន​តាមរយៈ​រូបភាព​ទាំងនេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ណែនាំ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម សូម​ធ្វើការ​បញ្ជាក់​ប្រភពព័ត៌មាន​ឲ្យ​បាន​ច្បាស់ និង​អាចដាក់​ពាក្យបណ្ដឹង​បាន​តាមរយៈ​អនឡាញ​ដែល​មាន​តំណភ្ជាប់ https://bit.ly/ACCPKH ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​រូបភាព Screenshot ទាក់ទង​នឹង​ការបោក​បញ្ឆោត​ទាំង​នោះ៕