ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានឱ្យម្ចាស់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការចំពោះសាខា ឬការិយាល័យនៅក្នុងតំបន់បិទខ្ទប់ដែលប្រកាសជាផ្លូវការដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។ នេះបើតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី ១២ មេសានេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាដែលចុះហត្ថលេខាដោយលោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យរបស់ធនគារជាតិនៃកម្ពុជា ផ្ញើជូន លោក លោកស្រី អគ្គនាយក អគ្គនាយិកា នាយក នាយិកា គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្ដោតលើការអនុវត្តវិធានការសុខាភិបាល និងវិធានការបិទខ្ទប់តាមតំបន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
លោក រ័ត្ន សុវណ្ណនរៈ បានសរសេរនៅក្នុងលិខិតនេះថា ត្រូវជូនដំណឹងដល់សាធារណជនឲ្យបានច្បាស់លាស់ អំពីការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នចំពោះសាខា ឬការិយាល័យនោះ និងស្នើសុំអតិថិជនទៅទទួលសេវានៅសាខា ឬការិយាល័យដែលនៅជិតបំផុត ឬធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធអនឡាញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនីមួយៗ។
លោកអគ្គនាយកត្រួតពិនិត្យរបស់ធនគារជាតិនៃកម្ពុជាបានពន្យល់ថា ការជូនដំណឹងនេះ ត្រូវបិទផ្សាយនៅតាមសាខា ឬការិយាល័យដែលផ្អាកប្រតិបត្តិការ និងតាមរយៈមធ្យោបាយនានាដូចជា បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័រផ្លូវការជាដើម និងត្រូវរក្សានូវប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍នានា សម្រាប់បុគ្គលិកគ្រប់រូបដែលខកខានបំពេញការងារនៅសាខា ឬការិយាល័យ ដោយសារការអនុវត្តតាមវិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការបិទខ្ទប់តំបន់។
ទោះជាយ៉ាងណា នៅក្នុងសេចក្តីជូនដំណឹងនេះ មិនបានបញ្ជាក់ពីពេលវេលដែលត្រូវចាប់ផ្តើមអនុវត្ត និងបញ្ចប់នោះទេ ប៉ុន្តែកាលពីកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់នូវទីតាំងមួយចំនួននៅក្នុងខណ្ឌចំនួន ៣ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ របស់រាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩៕