ភ្នំពេញៈ វិស័យអប់រំថ្នាក់ឧត្តមសិក្សានៃក្រសួងអប់រំនៃព្រះរាជាណាចក្រកម្ពុជា ដែលមន្រ្តីអប់រំ កាលពីខែមុនថ្លែងថា ខ្វះចក្ខុវិស័យច្បាស់លាស់ នឹងធ្វើការកែលម្អ ព្រមជាមួយនឹងកំណែទម្រង់ STEM ខណៈសិស្សក្រីក្រនឹងទទួលបានលទ្ធភាពប្រសើរជាងមុនក្នុងការទទួលបានការអប់រំ ក្រោមគម្រោងមួយដែលមានរយៈពេល ៦ ឆ្នាំ ដែលទទួលបានហិរញ្ញវត្ថុដោយឥណទាន ៩០ លានដុល្លារ ពីធនាគារពិភពលោក។
ធនាគារពិភពលោក កាលពីថ្ងៃសុក្រ បានប្រកាសថា គណៈកម្មាធិការនាយកប្រតិបត្តិរបស់ខ្លួនបានអនុម័តការគាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោងនេះ ដែលនឹងជួយកែលម្អគុណភាពអប់រំនិងការស្រាវជ្រាវ ព្រមទាំងពង្រឹងអភិបាលកិច្ចសម្រាប់គ្រឹះស្ថានឧត្តមសិក្សា។
ជាង ៧០ ភាគរយនៃគ្រឹះស្ថានឧត្តមសិក្សា ១១៩ នៅក្នុងប្រទេស គឺជារបស់ឯកជន។ អ្នកជំនាញកាលពីមុនបានថ្លែងថា សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា មិនត្រូវបានបំពាក់ឧបករណ៍ទំនើបៗសមស្របសម្រាប់និស្សិតដែលត្រូវនឹងជំនាញត្រូវការនៅពេលបញ្ចប់ការសិក្សានោះទេ។
គម្រោងនេះមានគោលបំណងពង្រីកសាកលវិទ្យាល័យនៅក្នុងខេត្ត បាត់ដំបង និងខេត្ត ស្វាយរៀង ផងដែរ និងមានគម្រោងសាងសង់អន្តេវាសិកដ្ឋាន ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការប្រកាសព័ត៌មាន។
លោក ប៊ូ សារឿន អ្នកនាំពាក្យធនាគារពិភពលោកថ្លែងថា ថវិកានេះគឺជាឥណទាន មានន័យថា កម្ពុជានឹងត្រូវសងវិញ ប៉ុន្តែមិនមានការប្រាក់។ ក្រុមមួយរបស់ធនាគារពិភពលោកនឹងធ្វើការជិតស្និទ្ធជាមួយក្រសួងអប់រំដើម្បីពិនិត្យមើលគម្រោងនេះ។
លោកបានថ្លែងបន្តថា ៖ «ធនាគារពិភពលោកមានក្រុមការងារមួយនិងក្រុមមួយដែលគាំទ្រគម្រោងទាំងនោះជាមួយនឹងក្រសួងអនុវត្តដើម្បីធ្វើឲ្យប្រាកដថា គម្រោងនេះ ធ្វើទៅតាមកិច្ចព្រមព្រៀង និងដែនដែលធនាគារពិភពលោក និងរដ្ឋាភិបាលបានព្រមព្រៀងគ្នា»។
លោក សារឿន បានថ្លែងថា៖ «ផ្អែកតាមតម្រូវការប្រទេស យើងឃើញសក្តានុពលរបស់គម្រោងនេះ»។
លោក ម៉ក់ ងូយ អគ្គនាយកឧត្តមសិក្សានៅក្រសួង អប់រំ យុវជន និងកីឡា និងលោក រី សុភក្រ្ត អគ្គនាយករងឧត្តមសិក្សា បានបដិសេធធ្វើអត្ថាធិប្បាយ។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយទេ កាលពីម្សិលមិញ៕PS