ថ្មីៗ​នេះ ធនាគារ​ឯកទេស​វីង (ខេមបូឌា​) លីមីតធីត​ និង​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បាន​ចាប់​ដៃគូ​សហការ ​ដើម្បី​ផ្ដល់​ជូន​នូវ​ផលិតផល​ថ្មី​ដំបូង​បំផុត​មួយ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន បើក​គណនី​សន្សំ​ដែល​មាន​ការ​ប្រាក់​ខ្ពស់ តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង ដោយ​ចំណាយ​ពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ និង​រីករាយ​ជាមួយ​អត្រា​ការ​ប្រាក់​ខ្ពស់ ព្រម​ទាំង​អាច​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង​ដ៏​ងាយៗ​។ ​

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង​បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​សន្សំ​ប្រាក់​មាន​សារៈសំខាន់​បំផុត​នៅ​គ្រប់​ស្ថានការណ៍​ទាំង​អស់​នៃ​ជីវិត​របស់​យើង ​ព្រោះ​វា​អាច​ជួយ​យើង​បាន​ក្នុង​គ្រា​មាន​តម្រូវការ​ហិរញ្ញវត្ថុ​ជា​បន្ទាន់ ហើយ​ពេល​ខ្លះ​វា​ធ្វើ​ឲ្យ​យើង​ឈាន​ទៅ​ដល់​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ​ទៀត​ផង​។ ផលិតផល​របស់​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្តោត​ជាពិសេស​លើ​អតិថិជន​របស់​វីង​ដែល​មិន​មាន​គណនី​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​។ ពួក​គេ​អាច​ចាប់​ផ្តើម​មាន​គណនី​សន្សំ​ធនាគារ​ជាមួយ​ទឹក​ប្រាក់​ត្រឹមតែ​ ៥ ​ដុល្លារ​ប៉ុណ្ណោះ​ ដែល​អាច​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​។ យើង​មាន​ទំនុក​ចិត្ត​យ៉ាង​មុតមាំ​ថា ផលិតផល​មួយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​វីង​អាច​ទទួល​បាន​ផលប្រយោជន៍​ដ៏​ច្រើន​​ពី​គណនី​របស់​ពួក​គេ​ប្រកប​ដោយ​ប្រសិទ្ធភាព សុវត្ថិភាព និង​ភាព​ងាយ​ស្រួល​»​។

ការ​ផ្ដល់​ជូន​ថ្មី​ដំបូង​បង្អស់ ពី​ធនាគារ​ឯកទេស​វីង និង​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ទីផ្សារ​ទូទាត់​ប្រាក់​តាមរយៈ​ស្មាតហ្វូន ហើយ​ជួយ​ប្រជាជន​កម្ពុជា​ ​ដែល​មាន​អត្តសញ្ញាណ​ប័ណ្ណ​ឲ្យ​បើក​គណនី​ធនាគារ​ផ្លូវ​ការ​មួយ​ដោយ​គ្រាន់​តែ​ចុច ​២ ទៅ ​៣ ដង​លើ​ប៊ូតុង​ក្នុង​កម្មវិធី​ស្មាតហ្វូន​វីង​។ អតិថិជន​នឹង​ទទួល​បាន​ការ​ប្រាក់​ពី​ទឹក​ប្រាក់​ដែល​​ពួក​គាត់​បាន​រក្សា​ទុក​នៅ​ក្នុង​គណនី​សន្សំ​ខ្នាត​តូច​របស់​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែល​អាច​ធ្វើ​ប្រតិបត្តិការ​បាន​គ្រប់​ពេលវេលា​គ្រប់​ទីកន្លែង​ តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង​។

កាន់​តែ​ពិសេស​ជាង​នេះ​ទៀត​នោះ អតិថិជន​ដែល​ដាក់​ប្រាក់​បញ្ញើ​ទៅ​ក្នុង​គណនី​សន្សំ​ខ្នាត​តូច នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​ពិសេស ១,៣៥ ភាគរយ ក្នុង ​១ ឆ្នាំ​។​

ចំណែក​ឯ​ការ​ប្រើប្រាស់​ផលិតផល​ថ្មី​នេះ រឹត​តែ​មាន​ភាព​ងាយ​ស្រួល​ជា​ទីបំផុត​។ អតិថិជន​របស់​ វីង ​គ្រាន់​តែ​ចុច​បើក​កម្មវិធី​ស្មាតហ្វូន​វីង នៅ​ទូរស័ព្ទ​ដៃ​របស់​ពួក​គាត់ រួច​ចូល​ទៅ​កាន់​ប៊ូតុង ផលិតផល​សន្សំ និង​ជ្រើសរើស​ចំនួន​ទឹក​ប្រាក់​បញ្ញើ​ដែល​ចង់​បាន​ជា​ការ​ស្រេច​។

សមតុល្យ​អប្បបរមា ​គឺ​ត្រឹម​តែ ៥ ដុល្លារ​តែ​ប៉ុណ្ណោះ​។ ភ្លាមៗ​នោះ​គណនី​សន្សំ​របស់​ពួក​គាត់​នឹង​ចាប់​ផ្ដើម​ទទួល​បាន​ការ​ប្រាក់​ផង​ដែរ​។ ពួក​គាត់​ក៏​អាច​ដក​ប្រាក់​សន្សំ​នេះ​ចេញ​គ្រប់​ពេល​ដោយ​គ្រាន់​តែ​ផ្ទេរ​វា​ទៅ​គណនី​វីង​របស់​ពួក​គាត់​វិញ ហើយ​ដក​ប្រាក់​ពី​ភ្នាក់ងារ​​វីង​ជាង ៧ ៥០០ កន្លែង ​នៅ​ទូទាំង​ប្រទេស​។ ការ​ផ្ទេរ​ប្រាក់​ទៅ​មក​រវាង​គណនី​វីង​ និង​គណនី​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាច​ធ្វើ​ឡើង​បាន​យ៉ាង​ងាយ​ស្រួល ​មាន​សុវត្ថិភាព​ និង​ឆាប់​រហ័ស​​។​

លោក Toru Myochin នាយក​ប្រតិបត្តិ​នៃ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មាន​ប្រសាសន៍​ថា​៖ «​ក្នុង​ចំណោម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺ​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​ត្រូវ​បាន​ប្រើប្រាស់​បាន​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​​​​​​ព្រះរាជាណាចក្រ​កម្ពុជា​។

វា​ជា​ឯក​​សិទិ្ធ​របស់​​​​យើង ដែល​បាន​សហការ​ជាមួយ​ធនាគារ​ឯកទេស​វីង ទៅ​លើ​ការ​ផ្ដល់​ជូន​ប្រកប​ដោយ​​ភាព​​​​ច្នៃ​ប្រឌិត​មួយ​នេះ ដែល​មាន​ជា​លើក​ដំបូង​បង្អស់​នៅ​លើ​ទីផ្សារ​»​។​

ផលិតផល​របស់​ធនាគារ​ឯកទេស​វីង ដែល​ប្រកប​ដោយ​ភាព​​ច្នៃ​ប្រឌិត​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​គាំទ្រ​ពី​សំណាក់​​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់​។ ស្ថិត​ក្រោម​ការ បណ្ដាក់​ទុន​រួម​ពី​សំណាក់​ក្រុមហ៊ុន J Trust Group (​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​តូក្យូ​) និង​​ក្រុមហ៊ុន Royal Group ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មាន​ទស្សន​វិស័យ​ ហិរញ្ញវត្ថុ​ដូចគ្នា​ទៅ​​នឹង ធនាគារ​ឯកទេស​​​វីង ព្រម​ទាំង​មាន​ចក្ខុវិស័យ​ក្នុង​ការ​ផ្ដល់​ជូន​​​ទៅ​ដល់​​ប្រជាជន​កម្ពុជា​គ្រប់​រូប នូវ​សេវាកម្ម​ដ៏​មាន​ភាព​ងាយ​ស្រួល តាមរយៈ​សេវាហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ដៃ ដើម្បី​កែប្រែ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​៕