
ពិធីចុះ MoU រវាងធនាគារឯកទេសវីង និងអង្គការស្នាមញញឹមកម្ពុជា។
ធនាគារឯកទេសវីងនឹងផ្តល់ការគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជាក្នុងការកំណត់ប្រភេទអ្នកជំងឺ ជួយផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។
ធនាគារឯកទេសវីង និងអង្គការស្នាមញញឹមកម្ពុជាកាលពីថ្ងៃទី ២៧ មិថុនា ឆ្នាំ ២០២០ បានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។
ក្នុងភាពជាដៃគូនេះ ធនាគារឯកទេសវីង នឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ដើម្បីផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ តាមរយៈប្រព័ន្ធទំនាក់ទំនងរបស់ធនាគារឯកទេស វីង ដោយរួមមាន៖ បណ្តាញសង្គម គេហទំព័រ កម្មវិធីស្មាតហ្វូនវីង និងតាមរយៈភ្នាក់ងារវីងជាដើម។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ «មាត់គឺជាផ្នែកមួយដ៏សំខាន់នៃរាងកាយរបស់មនុស្ស។ ទោះបីជាយ៉ាងណាក្តី កុមារមួយចំនួនបានទទួលរងគ្រោះនៃបញ្ហាឆែបមាត់ដែលបណ្តាលឱ្យពួកគេពិបាកបរិភោគអាហារ ពិបាកធ្វើការទំនាក់ទំនង និងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ យើងដឹងពីការឈឺចាប់របស់ពួកគេ ហើយយើងមានគោលបំណងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងយុវជនកម្ពុជាដែលកំពុងរស់នៅជាមួយបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ»។
ក្នុងនាមជាធនាគារឯកទេសឈានមុខគេនៅកម្ពុជា វីងបានបញ្ជ្រាបនូវស្មារតីនៃការចូលរួមកិច្ចការសង្គមទៅដល់និយោជិត និងការប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេផងដែរ។ វីង បានប្តេជ្ញាធ្វើឱ្យប្រទេសកម្ពុជាកាន់តែល្អប្រសើរតាមគ្រប់វិធីទាំងអស់។ ហេតុដូច្នេះហើយទើបកម្មវិធីទទួលខុសត្រូវក្នុងសង្គមរបស់វីងបានផ្តោតសំខាន់លើ៖ អក្ខរកម្មហិរញ្ញវត្ថុ សុខភាព និងសុវត្ថិភាព ការអភិវឌ្ឍសហគមន៍ ការអប់រំ ក៏ដូចជាការពង្រឹងសមភាពយេនឌ័រជាដើម។
លោក ចាន់ កុកចយ នាយកប្រតិបត្តិនៃអង្គការស្នាមញញឹមនៃកម្ពុជាបានមានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយធនាគារឯកទេសវីងនាថ្ងៃនេះនឹងធ្វើឱ្យយើងអាចជួយដល់ប្រជាជនដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗកាន់តែច្រើនក្នុងប្រទេសកម្ពុជាតាមរយៈប្រព័ន្ធទំនាក់ទំនងរបស់វីង។ យើងដឹងពីការឈឺចាប់របស់អ្នកជំងឺ ហើយយើងចង់ឱ្យជីវិតរបស់ពួកគេពោរពេញទៅដោយស្នាមញញឹម និងប្រកបដោយទំនុកចិត្ត។ យើងចង់ព្យាបាលអ្នកជំងឺដែលមិនបានទទួលការវះកាត់មាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ យើងនឹងរៀបចំប្រតិបត្ដិការវះកាត់នៅតាមខេត្ដផ្សេងៗដើម្បីព្យាបាល និងផ្ដល់ឱ្យពួកគេនូវអនាគតល្អប្រសើរ»។
បណ្តាអ្នកជំងឺដែលមានឆែបមាត់មានភាពស្ទាក់ស្ទើរក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គមដែលបណ្តាលឲ្យពួកគាត់មានបញ្ហាផ្លូវចិត្ត និងអាកប្បកិរិយាផងដែរ។ ចាប់តាំងពីឆ្នាំ ២០១៥ អង្គការស្នាមញញឹមកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តបុព្វហេតុដ៏មានតម្លៃក្នុងការផ្តល់ជូននូវការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។
ក្នុងរយៈពេលជា ៥ ឆ្នាំមកនេះ អង្គការស្នាមញញឹមកម្ពុជាបានផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺប្រមាណ ១ ៤០០ នាក់ ដោយមានការគាំទ្រពី Smile Asia, Rotary Club of LIkas Bay, Rotary Club of Lu Chou & I-LAN, Taiwan, Face to Face, USA, MdM និង Australia ជាដើម ដោយមានអ្នកស្ម័គ្រចិត្តក្នុងស្រុកជាង ៥០ នាក់រួមមាន គ្រូពេទ្យវះកាត់ គ្រូពេទ្យឯកទេសខាងថ្នាំសណ្ដំ និងគិលានុបដ្ឋាយិកាជាដើមដែលមានបទពិសោធល្អ និងបានគាំទ្រប្រតិបត្តិការវះកាត់។ ចាប់ពីពេលនេះតទៅភ្នាក់ងារវីងជិត ៨០០០ កន្លែងទូទាំងព្រះរាជាណាចក្រនឹងចូលរួមផ្តល់នូវពន្លឺនៃជីវិតដល់កុមារទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ៕