ភ្នំពេញៈ ធនាគារ PPCBank កាលពី​ម្សិលមិញ​បាន​ផ្ដល់​ថវិកា​ចំនួន​ ៦ ០០០ ដុល្លារ​ ដល់​អង្គការ APOPO ដើម្បី​គាំទ្រ​ដល់​សម្មភាព​បោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ភាគ​ខាងជើង​នៃ​ខេត្ដ​សៀមរាប ដែល​ថវិកា​នេះ​ត្រូវ​រំពឹងថា អាច​បោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅលើ​ផ្ទៃដី​ប្រមាណ​ពី​ ២៣ ០០០ ទៅ ២៥ ០០០ ​ម៉ែត្រការ៉េ​។

លោក Shin Chang Moo នាយកប្រតិបត្តិ ធនាគារ PPCBank ​បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ដល់ជំនួយ​នេះ​កាលពី​ម្សិលមិញ​ថា PPCBank ពិតជា​មាន​ការសោកស្តាយ​ចំពោះ​ប្រជាជន​មួយចំនួន​នៅ​ភាគ​ខាងជើង​នៃ​ខេត្ត​សៀមរាប​ដែល​ពួកគេ​កំពុង​រស់នៅក្នុង​ស្ថានភាព​ប្រថុយប្រថាន និង​គ្មាន​សុវត្ថិភាព​ដែល​សូម្បីតែ​ការបោះ​ជំហាន​ចេញ​ពី​ផ្ទះ ទៅ​ប្រកបរបរ​ចិញ្ចឹមជីវិត ឬ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ក៏​មាន​ការលំបាក​ដែរ​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​វា​ជា​កិត្តិយស​ណាស់ សម្រាប់​ពួកយើង​ក្នុង​ការផ្តល់​ការគាំទ្រ​ដល់ APOPO សម្រាប់​បេសកកម្ម​ដ៏អស្ចារ្យ និង​គួរឱ្យ​កោតសរសើរ​នេះ​»​។

លោក Michael Heiman ប្រធាន​គ្រប់គ្រង​គម្រោង​របស់ APOPO ប្រចាំ​ប្រទេស​កម្ពុជា​ថ្លែង​ថា ការបរិច្ចាគ​របស់​ធនាគារ​នេះ​នឹង​អាចឱ្យ​ក្រុមការងារ​របស់ APOPO អាចធ្វើ​ការស្វែងរក​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅក្នុង​ខេត្តសៀមរាប​លើ​ផ្ទៃដី​ប្រមាណ​ពី​ ២៣ ០០០ ទៅ ២៥ ០០០ ម៉ែត្រការ៉េ​។

លោក​បាន​ថ្លែងថា​៖ «​ពួកយើង​សង្ឃឹមថា ការបរិច្ចាគ​ថវិកា​នេះ​អាច​សង្គ្រោះ និង​ផ្តល់​ក្តីសង្ឃឹម​សាជាថ្មី​ម្តងទៀត​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការរស់នៅ​ប្រកបរបរ​ចិញ្ចឹមជីវិត​ដ៏ពេញលេញ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការផ្ដល់​ជំនួយ​នេះ​លើកឡើង​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ដែលមាន​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បន្សល់​ពី​សម័យ​សង្គ្រាម​អស់​ជាង ៣ ​ទសវត្សរ៍​កន្លងមក​។ ក្នុងនោះ​ខេត្តសៀមរាប គឺជា​ខេត្ដ​ ១ ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា កំពុង​រង​ផលប៉ះពាល់​បណ្តាល​មកពី​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​លើ​ផ្ទៃដី​ប្រមាណ​ ១ ០០០ គីឡូម៉ែត្រការ៉េ​។ ចំនួន​ដ៏ច្រើន​លើសលប់​នេះ​បាន​ធ្វើឱ្យ​ចំនួន​ជនពិការ ដែល​បណ្តាល​មកពី​គ្រោះថ្នាក់​នៃ​គ្រាប់មីន​មាន​ប្រមាណ ៤០ ០០០ ​នាក់​។

សេចក្ដី​ប្រកាស​នេះ​ឱ្យដឹងថា​៖ «​តាមរយៈ​កិច្ចប្រតិបត្តិការ​ជាមួយ​អង្គការ APOPO ប្រជាជន​នៅក្នុង​ភាគ​ខាងជើង​ខេត្ត​សៀមរាប​នឹង​អាច​ប្រើប្រាស់​ដី​របស់​ពួកគេ​ឡើងវិញ​ប្រកប​ដោយ​ទំនុកចិត្ត និង​អាច​ត្រឡប់​ទៅ​រស់នៅក្នុង​ជីវភាព​សមរម្យ និង​មិន​ព្រួយបារម្ភ​អំពី​គ្រោះថ្នាក់​ជាយថាហេតុ​ដែល​បណ្តាល​មកពី​គ្រាប់មីន​ទៀតឡើយ​»​។

បើ​តាម​លោក Michael Heiman ចាប់តាំងពី​ឆ្នាំ​ ២០១៥ APOPO តាមរយៈ​កិច្ចសហប្រតិបត្ដិការ​ជាមួយ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC ) APOPO បាន​នាំយក​កណ្តុរ​ហិត​មីន ពី​ទ្វីប​អាហ្វ្រិក​ចំនួន ៤៣ ​ក្បាល​ មកកាន់​ប្រទេស​កម្ពុជា​ជា​លើកដំបូង​ដើម្បី​រុករក​មីន​។

តាមរយៈ​ភាព​វៃឆ្លាត​ពី​ធម្មជាតិ ក្នុងការ​ហិតក្លិន​ដើម្បី​រុករក​មីន កណ្តុរ​ហិត​មីន ១ ​ក្បាល​អាចធ្វើ​ប្រតិបត្តិការ​ហិត​ស្វែងរក​មីន​លើ​ទំហំ​ដី ៤០០ ​ម៉ែត្រការ៉េ​ក្នុង​រយៈពេល​ត្រឹមតែ ១​ ថ្ងៃ​ប៉ុណ្ណោះ​។ ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅនឹង​ក្រុម​អ្នក​បោសសម្អាត​មីន​តាមរយៈ​ឧបករណ៍​រុករក​មីន​ដោយ​ដៃ គឺ​ត្រូវ​ប្រើ​រយៈពេល​រហូតដល់ ៦ ​ថ្ងៃ​ឯណោះ​។

លោក​បាន​បន្ថែមថា រយៈពេល ៨ ​ឆ្នាំ​កន្លង​មក​នេះ​រហូត​មក​ដល់​បច្ចុប្បន្ន ក្រុមការងារ APOPO បានធ្វើការ​បោសសម្អាត​មីន​លើ​ផ្ទៃដី​សរុប ជិត ២ លាន ម៉ែត្រការ៉េ​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​បាន​រកឃើញ​គ្រាប់មីន​ចំនួន ៥៧៥៩ និង​សំណល់​ជាតិ​ផ្ទុះ​ចំនួន ៤០៩៥៤៕