ភ្នំពេញ: ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ធ.អ.ជ.ក.) បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ចុះ​ជួយ​ប្រមូលផល​ស្រូវ​កសិករ និង​សូម​ឱ្យ​អ្នក​មាន​ម៉ាស៊ីន​ច្រូតកាត់​ស្រូវ កុំ​ដំឡើង​ថ្លៃ​ឈ្នួល ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​របស់​ប្រជាកសិករ​ក្នុង​ការប្រមូលផល​ឱ្យ​បាន​ទាន់​ពេលវេលា និង​ចៀសវាង​ការធ្លាក់​គុណភាព​ស្រូវ​។

សេចក្តី​អំពាវនាវ​របស់ ធ.អ.ជ.ក ចុះ​ថ្ងៃទី ២៩ ​ខែ​វិច្ឆិកា ឱ្យ​ដឹង​ថា ប្រជាកសិករ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​កំពុង​សស្រោកសស្រាំ​ធ្វើការ​ប្រមូលផល​ស្រូវ​សែន​​ក្រអូប និង​ស្រូវផ្កា​ម្លិះ​ឱ្យ​ទាន់​ពេលវេលា ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​នៅ​តំបន់​មួយ​ចំនួន ការប្រមូល​ផល​ស្រូវ​ទាំង​ពីរ​ប្រភេទ​នេះ​កំពុង​ប្រឈម​នឹង​ការខ្វះ​កម្លាំង​ពលកម្ម​ដើម្បី​ច្រូតកាត់​ក៏​ដូចជា​ខ្វះ​ម៉ាស៊ីន​ច្រូតកាត់​ស្រូវ​ធ្វើឱ្យ​ការច្រូតកាត់​មិនទាន់​ពេលវេលា ដោយសារ​ការប្រមូល​ស្រូវ​ក្នុង​រដូវ​ប្រមូលផល​ឆ្នាំ​នេះ​មាន​ការសម្រុក​ខ្លាំង​ផ្ទួនៗ​គ្នា។

ការសម្រុក​ប្រមូលផល និង​កង្វះ​កម្លាំង​ច្រូតកាត់​ធ្វើឱ្យ​ថ្លៃ​ឈ្នួល​ម៉ាស៊ីន​ច្រូតស្រូវ​ក្នុង​​ ១ ​ហិកតា​ឡើង​ថ្លៃ​គុណ​នឹង ៣ ដង​បើ​ធៀប​នឹង​ឆ្នាំ​មុន។ ប្រសិនបើ​ស្ថានភាព​ខ្វះ​មធ្យោបាយ​ច្រូតកាត់​នេះ នៅតែ​អូសបន្លាយ​យូរថ្ងៃ​ទៀត ស្រូវ​របស់​ប្រជាកសិករ​នៅក្នុង​ស្រែ​នឹង​ទុំ​ជ្រុល បាត់បង់​គុណភាព​ស្រូវ ព្រមទាំង​ធ្វើឱ្យ​ស្រូវ​ធ្លាក់​ថ្លៃ​ដែរ។

ដោយ​ឃើញ​បញ្ហា​ដូច​ខាងលើ​នេះ ធ.អ.ជ.ក. បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​​ពាក់ព័ន្ធ​ និង​កងកម្លាំង​​ប្រដាប់​អាវុធ ដែល​​កំពុង​ឈរ​ជើង​នៅ​តាម​តំបន់​ដែល​ប្រមូលផល​ស្រូវ​សែន​ក្រអូប និង​ស្រូវ​ផ្កា​ម្លិះ សូម​ចាត់ចែង​កម្លាំង​ចុះជួយ​ច្រូត​កាត់​ស្រូវ​របស់​ប្រជាកសិករ​ជាបន្ទាន់ និង​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ដើម្បី​ជួយ​សម្រួល​ទុក្ខលំបាក​ក៏ដូចជា​ជួយ​ទប់ស្កាត់​ការធ្លាក់​ថ្លៃស្រូវ​របស់​ប្រជាកសិករ​ដែល​អាច​នឹង​កើតឡើង​ដោយ​ប្រការ​ណា​មួយ។

ធ.អ.ជ.ក. បញ្ជាក់​ថា៖ «សូម​អំពាវនាវ​ដល់​អ្នក​ដែលមាន​ម៉ាស៊ីន​ច្រូត​កាត់​ស្រូវ សូម​មេត្តា​កុំ​ដំឡើង​ថ្លៃ​ឈ្នួល និង​សូម​រក្សា​ថ្លៃឈ្នួល​ដដែល។ ធ.អ.ជ.ក. សង្ឃឹម​ថា អាជ្ញាធរ​ខេត្ត កងកម្លាំង​ប្រដាប់​អាវុធ អាជ្ញាធរ​មូលដ្ឋាន យុវជន​ស្ម័គ្រ​ចិត្ត​នឹង​ចូលរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ជួយ​ចម្លង​ភាពលំបាក​របស់​ប្រជាកសិករ​នៅ​គ្រានេះ»​។

លោកស្រី វុឌ្ឍី អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មិន​ទាន់​អាច​ទាក់ទង​ដើម្បី​សុំការ​បញ្ជាក់​ជុំវិញ​ករណី​ដែល​កសិករ​ជួប​ការលំបាក​​ក្នុង​ការប្រមូលផល​ស្រូវ​នេះ​បាន​​ទេ​ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នក​ទទួល។

ចំណែក​លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ពី​ថ្ងៃ​ទី​ ១​ ធ្នូ​ថា ការអំពាវនាវ​នេះ​គឺជា​ការចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម​ទាំងអស់គ្នា ហើយ​អាជ្ញាធរ​តាម​មូលដ្ឋាន​ទាំងអស់​នឹង​ចូលរួម​តាម​ការស្នើសុំ ឬ​សម្របសម្រួល​តាម​លទ្ធភាព​ជាក់ស្ដែង​នៅ​មូលដ្ឋាន។ ក្រុម​ការងារ ធ.អ.ជ.ក. គួរតែ​ឆ្លៀត​ពេល​នេះ​ ចុះ​​ជួយ​ប្រជាកសិករ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែរ ដើម្បី​បង្ហាញពី​សាមគ្គីភាព។

លោក​បាន​​បញ្ជាក់ថា៖ «យើង​ស្វាគមន៍​ការអំពាវនាវ​នេះ​ហើយ​កន្លង​មក​យើង​ក៏​ធ្លាប់បាន​ជួយ​កសិករ ជួយ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​លទ្ធភាព​ប្រមូលផល​ស្រូវ​ច្រើន​មក​ហើយ គឺ​យើង​ជួយ​ច្រូតកាត់​ដោយ​ផ្ទាល់ដៃ ច្រូតកាត់​ដោយ​ម៉ាស៊ីន ដោយ​យើង​បាន​ជួយ​តាម​ស្ថានភាព​ជាក់ស្ដែង»។

លោក​​ ខៀវ សុភ័គ ​​ក៏​​បាន​អំពាវនាវ​​ឱ្យ​អាជ្ញាធរ​​ពាក់ព័ន្ធ​​បន្ត​ជួយ​ប្រជាកសិករ ព្រោះ​កសិករ​នៅ​​កន្លែង​ ខ្លះ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការប្រមូលផល​ស្រូវ​គាត់​ទេ។

អ្នកស្រី ភីម ស្រីល័ក្ខ តំណាង​កសិករ​ខេត្ត​កំពត​បានឱ្យដឹង​ពី​ម្សិលមិញ​ថា នៅ​ខេត្ត​កំពត​ចាប់ផ្ដើម​ប្រមូលផល​ស្រូវ​បណ្ដើរៗ​ហើយ​ដោយ​មាន​ប្រជាកសិករ​មួយចំនួន​មាន​លទ្ធភាព​ជួល​ត្រាក់ទ័រ ឬ​ម៉ាស៊ីន​ច្រូត​កាត់​ស្រូវ​​ជួយ​សម្រួល​ដល់​ការប្រមូលផល​ស្រូវ ប៉ុន្ដែ​កសិករ​មួយ​ចំនួន​ទៀត ខ្វះ​លទ្ធភាព​ពោល​គឺ​ពួកគាត់​នៅ​តែ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដូចជា ច្រូត​ដោយ​ដៃ បោក​ស្រូវ​ដោយ​ដៃ និង​ដឹក​ជញ្ជូន​ដោយ​​រទេះគោ​ក្របី​ដដែល។

អ្នកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់​ការធ្លាក់​តម្លៃ​ស្រូវ គឺ​ចៀសវាង​នៅពេល​កសិករ​ប្រមូលផល​ស្រូវ​មិនទាន់​ពេលវេលា។ ម្យ៉ាង​ទៀតខ្ញុំ​ស្នើសុំ​ម្ចាស់​គ្រឿងចក្រ​នានា សូមកុំ​ដំឡើង​តម្លៃ​ជួល​ម៉ាស៊ីន​​ច្រូតកាត់​ស្រូវ​ខ្ពស់​ពេក ព្រោះ​​នៅ​ខេត្ត​កំពត​នេះ គឺ​តម្លៃ​ឡើង​ដល់ ៤០ ម៉ឺន​រៀល​ក្នុង ១ ហិកតា ខណៈ​ឆ្នាំ​មុន​ត្រឹម ៣៥ ម៉ឺន​រៀល​ប៉ុណ្ណោះ»។

លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) បាន​ថ្លែង​ពី​ថ្ងៃ​ទី​ ១ ​ធ្នូ​ថា ប្រសិន​មាន​តែ​ការអំពាវនាវ​ដោយ​គ្មាន​ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ក្នុងការបង្ហាញ​ពី​សកម្មភាព​ជួយ​កសិករ​ទេ គឺ​អាជ្ញាធរ​នៅតែ​មិន​អាចជួយ​ដោះស្រាយ​បញ្ហា​របស់​កសិករ​បាន​ទាន់​ពេលវេលា​​ដដែល។ ការជួយ​ពួកគាត់​​គួរ​ធ្វើ​តាមរយៈ​ការជួយ​អន្តរាគមន៍​តម្លៃ​ស្រូវ និង​តម្លៃ​ជួល​គ្រឿងចក្រ​ប្រមូលផល​ស្រូវ​ឱ្យ​សមរម្យ​។

លោក​បន្តថា អាជ្ញាធរ​ត្រូវតែ​រៀបចំ​យុទ្ធសាស្ត្រ​ជំរុញ​លើកទឹក​ចិត្ត ឬ​ដាក់​លក្ខខណ្ឌ​ធ្វើឱ្យ​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ឈ្មួញ​កណ្ដាល​នានា​ដែល​ទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម​ត្រូវតែ​មាន​កាតព្វកិច្ច​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​សមរម្យ​ដែល​ធ្វើឱ្យ​ពួកគាត់​ទទួល​បាន​ប្រាក់កម្រៃ​ទូទាត់​ការចំណាយ​នានា។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​មិន​ទាន់​ដឹងថា អាជ្ញាធរ​អាច​ជួយ​សម្រួល​ការលំបាក​របស់​ប្រជាពលរដ្ឋ​បាន​កម្រិតណា​ទេ ព្រោះ​អាជ្ញាធរ​ភាគច្រើន​ស្ដាប់​បញ្ជា​តែ​រាជរដ្ឋាភិបាល ឬ​ស្ថាប័ន​សាមី​របស់​គាត់ រីឯ​ស្ថាប័ន​ផ្សេងៗ​ទៅ​អំពាវនាវ​បែប​នេះ ខ្ញុំ​គិតថា​មាន​ប្រសិទ្ធភាព​តិចតួច​បំផុត»។ បើ​តាម​លោក សាវឿន ប្រសិន​អាជ្ញាធរ​មិន​ជួយ​ឱ្យ​ការប្រមូលផល​ស្រូវ​ទាន់​ពេលវេលា​ទេ គឺ​ប៉ះពាល់​ដល់​គុណភាព​ស្រូវ និង​តម្លៃ​ដែល​ធ្វើឱ្យ​​ប្រជា​កសិករ​លក់​ស្រូវ​បាន​តម្លៃ​ទាប៕