ភ្នំពេញៈ ប្រធានអង្គការយុវជន និងកិច្ចការសង្គម និងជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិកញ្ញា ធី សុវណ្ណថា បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារដោយប្តឹងមន្ត្រីគណបក្សសង្គ្រោះជាតិ និងអ្នកកាន់ទំព័រហ្វេសប៊ុកដ៏ល្បីឈ្មោះមួយគឺ I love Cambodia Hot News II ពីបទបរិហារកេរ្តិ៍ និងទាមទារសំណងជំងឺចិត្តម្នាក់ ១០ ម៉ឺនដុល្លារ។
សុវណ្ណថា បានចូលបំភ្លឺនៅតុលាការលើបណ្តឹងរបស់នាងកាលពីថ្ងៃទី ២៤ មិថុនាដោយប្តឹងលោក ម៉ោញ សារ៉ាត់ មន្ត្រីគណបក្សសង្គ្រោះជាតិពីបទបរិហារកេរ្តិ៍ និងប្តឹងឈ្មោះ អួន វ៉ាន់សាក់ អ្នកកាន់ទំព័រផេក I love Cambodia Hot News II ដែលនាងចោទថា បានផ្សព្វផ្សាយមិនពិតអំពីចំនួនមនុស្សដែលបានចូលរួមវេទិការបស់នាងនៅខេត្ត ឧត្តរមានជ័យ ថាមានអ្នកចូលរួមតែ ៧០ នាក់ ខណៈនាងអះអាងថាមានទៅដល់ ៩០០ នាក់។
សុវណ្ណថា ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញពីតុលាការថានាងបានប្រាប់ទៅតុលាការថានៅតែរក្សាបណ្តឹងរបស់នាង និងចង់បានយុត្តិធម៌មកវិញ។
បើតាម សុវណ្ណថា «គឺខ្ញុំមកបញ្ជាក់បណ្តឹងរបស់ខ្ញុំគាត់ (ព្រះរាជអាជ្ញា) សាកសួរខ្ញុំនៅរក្សាជំហរប្តឹងដដែលឬអត់? តើមានភ័ស្តុតាងអ្វីខ្លះដើម្បីបញ្ជាក់ការប្តឹងនេះ? យោងហេតុផលអ្វីដែលខ្ញុំចង់បាន? គឺគាត់សួរតែប៉ុណ្ណឹង»។
នាងបញ្ជាក់ថា មូលហេតុដែលប្តឹងគឺដើម្បីឱ្យពួកគាត់ចេះប្រើប្រាស់ហ្វេសប៊ុកឲ្យប្រុងប្រយ័ត្នមិនត្រូវចោទនាងផ្តេសផ្តាស។
នាងថ្លែងថា៖ «យើងមានភ័ស្តុតាងគ្រប់គ្រាន់ ចឹងខ្ញុំចង់បានកិត្តិយសមកវិញគឺចង់ឱ្យតុលាការអនុវត្តតាមនីវិធីច្បាប់ហើយយកជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ហើយខ្ញុំបានប្តឹងទាមទារសំណងជំងឺចិត្តគឺក្នុងម្នាក់ ១០ ម៉ឺនដុល្លារ»។
អ្នកនាំពាក្យតុលាការភ្នំពេញលោក លី សុផាណា បានថ្លែងថាព្រះរាជអាជ្ញាទទួលបានមូលដ្ឋានជាច្រើនពី សុវណ្ណថា ក្នុងការស៊ើបអង្កេតតែបដិសេធប្រាប់ពីចំណាត់ការបន្ទាប់។
លោកថា៖ «បន្ទាប់ពីស្តាប់ចម្លើយរបស់ដើមបណ្តឹងចំនួនពីរគឺព្រះរាជអាជ្ញាមានមូលដ្ឋាន និងទទួលបានប្រយោជន៍ជាច្រើនសម្រាប់បន្តលើចំណាត់ការនៅក្នុងការស៊ើបអង្កេតរឿងក្តីនេះហើយចំពោះការប្រើប្រាស់ចំណាត់ការបន្តបន្ទាប់គឺខ្ញុំនឹងជូនជាព័ត៌មាននៅពេលព្រះរាជអាជ្ញារងគាត់សម្រេច»។
លោក ម៉ោញ សារ៉ាត់ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកសរសេរនៅលើហ្វេសប៊ុកគ្រាន់តែជាការបញ្ចេញមតិមិនមានបំណងចង់តទល់ ឬតបតរឿងបរិហារកេរ្តិ៍នោះទេ។
លោកបានប្រៀបធៀបករណីដែលមនុស្សមួយចំនួនបានលើកឡើងថាអ្នកចូលរួមហែសពលោក កែម ឡី មានប្រមាណ ៣០០ នាក់ប៉ុណ្ណោះដោយលោកចាត់ទុកថានេះការបញ្ចេញមតិ មិនមែនជាការបរិហារកេរ្តិ៍នោះទេ។
លោកថា៖ «យើងអត់ចង់ប្រៀបធៀបទេប៉ុន្តែក្នុងករណីប្រជាពលរដ្ឋចូលរួមបុណ្យសពបណ្ឌិត កែម ឡី រាប់លាននាក់តែគេថា ២០០ ឬ ៣០០ នាក់នេះជាសិទ្ធិបញ្ចេញទស្សនៈរបស់គេ ខ្ញុំគិតថាវាមិនសមការចោទប្រកាន់ថាបរិហារអ្នកណាទេ»។
លោកចាត់ទុកថា បណ្តឹងរបស់ សុវណ្ណថា គ្រាន់តែជាការរំខានការងាររបស់ខ្លួនក្នុងគណបក្សប៉ុណ្ណោះ៕