ភ្នំពេញៈ កម្មករ​និយោជិត​ដែល​អវត្តមាន​មិន​បាន​ធ្វើ​ការងារ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រមាណ​ ៣ ​ម៉ឺន​នាក់​ ទូទាំង​ប្រទេស​កាលពី​ម្សិលមិញ​ចាប់ផ្តើម​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​ ដែល​ក្រសួង​ការងារ​រៀបចំ​មណ្ឌល ចត្តាឡីស័ក​ ១០ ​កន្លែង ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​នោះ​មាន​កម្មករ ២ ​នាក់​ ត្រូវបាន​យក​សំណាក​ទៅ​ត្រួតពិនិត្យ បន្ទាប់ពី​ពិនិត្យឃើញ​អាការ​សង្ស័យ​។

ក្នុង​សន្និសីទ​កាសែត​ក្រោយពី​បញ្ចប់​ការចុះ​ត្រួតពិនិត្យ​លើ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា កម្មករ​ក្នុង​វិស័យ​រោងចក្រ​ដែល​បាន​ឈប់សម្រាក​នៅ​ទូទាំង​ប្រទេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​មាន​ប្រមាណ​ ៣ ​ម៉ឺន​នាក់​។ ក្នុងនោះ​រាជធានី​ភ្នំពេញ​មាន​ ១ ៥ ០០០ ​នាក់​។

លោក​បន្តថា ក្រោយ​ការពិនិត្យ​មាន​កម្មករ​ចំនួន​ ២ ​នាក់​ ដែល​សង្ស័យ​កំពុង​យក​សំណាក​ទៅ​ពិនិត្យ ខណៈ​ដែល​ក្រសួង​បាននិង​កំពុង​បន្ត​ធ្វើការ​ត្រួតពិនិត្យ​នៅ​តាម​មណ្ឌល​បណ្តោះអាសន្ន​រយៈពេល​ ៥ ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ចន្ទ​តទៅ​។

លោក​បាន​បន្តថា​៖ «​ក្រសួង​ការងារ​បាន​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​សុខាភិបាល​រៀបចំ​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​បណ្តោះអាសន្ន​ចំនួន​ ១០ ​កន្លែង នៅ​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​មាន​ ៣ ​កន្លែង​នៅ​តំបន់​ផ្លូវ​វ៉េងស្រេង ហើយ​នៅ​តំបន់​វឌ្ឍនៈ​ ២ (​កន្លែង​) នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​វិទ្យាល័យ​ជម្ពូវ័ន្ត​នៅ​អនុវិទ្យាល័យ​ខណ្ឌដង្កោ និង​នៅ​វិទ្យាល័យ​ខណ្ឌឫស្សីកែវ​ ១ ​កន្លែង​ទៀត​សរុប​ទៅ​មាន​ ១០ ​កន្លែង ដើម្បី​ពិនិត្យ​សុខភាព​ជូន​បងប្អូន​យើង​»​។

លោក​ ហេង សួរ បាន​បន្តថា សម្រាប់​កម្មករ​ដែល​បាន​ឈប់​សម្រាក​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​គឺ​ក្រសួង​តម្រូវ​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​ ១៤ ​ថ្ងៃ​ទាំងអស់​គ្នា​ ដោយ​គ្រាន់តែ​ធ្វើការ​បែងចែង​ជា ២ ​កម្រិត​។ ១ ​កម្រិត​គឺ​សម្រាប់​អ្នក​ដែល​មាន​រោគសញ្ញា​សង្ស័យ​ដែល​តម្រូវ​ឲ្យ​ធ្វើការ​តាមដាន ឬ​ក៏​កម្មករ​ដែល​មិនមាន​កន្លែង​ស្នាក់នៅ​ដាច់ដោយឡែក​ដោយ​ខ្លួនឯង​។ ចំណែក​កម្រិត​ទី​ ២ គឺ​កម្មករ​ដែល​ទទួលបាន​ការត្រួត​ពិនិត្យ​រួចហើយ​ថា គ្មាន​រោគសញ្ញា​នោះ​ទេ គឺ​មន្ត្រី​ជំនាញ​នឹង​ចេញ​លិខិត​បញ្ជាក់​ដល់​ពួកគេ​ដោយ​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​កន្លែង​ស្នាក់នៅ​របស់​ខ្លួន​ក្នុង​រយៈពេល​ ១៤ ថ្ងៃ​ដូចគ្នា​។

លោក​បញ្ជាក់ថា​៖ «​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នេះ​គឺ​សំណូមពរ​ពី​មតិ​កម្មករ ៩៨ ភាគរយ​ដែល​មក​ធ្វើការ ដូច្នេះ​វា​មិនមែន​ជា​ការដាក់​ទណ្ឌកម្ម​នោះទេ​។ តើ​គាត់ ៩៨ ​ភាគរយ​មាន​អារម្មណ៍​បែប​ម៉េច​? គាត់​មិន​ហ៊ាន​ទទួល​យក​អ្នក​អវត្តមាន​ប្រមាណ ២ ​ភាគរយ​មក​នៅក្បែរ​ខ្លួន​។ ដូច្នេះ​ហើយ​បាន​រដ្ឋាភិបាល​ត្រូវ​រក​វិធី​ធ្វើ​ម៉េច​យក ២ ​ភាគរយ​នេះ​ឲ្យ​នៅ​ឆ្ងាយ​ពី​កម្មករ​ទាំងអស់​»​។

អ្នកស្រី​ សាន ឡាវ កម្មការិនី​រោងចក្រ CTW ដែល​កំពុង​ស្ថិតក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ជាមួយ​កម្មករ​ដទៃ​ទៀត​នៅក្នុង​វិទ្យាល័យ​ជម្ពូវ័ន្ត​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការពិនិត្យ​សុខភាព​លើ​ខ្លួន​អ្នកស្រី​គឺ​មិនមាន​ភាពមិន​ប្រក្រតី​នោះទេ​។ ប៉ុន្តែ​អ្នកស្រី​ក៏​មិនដឹង​ច្បាស់​ថា មន្ត្រី​ជំនាញ​នឹង​បន្ត​ទុក​អ្នកស្រី​បន្តទៀត​ឬ​យ៉ាងណា​នោះទេ​។

អ្នកស្រី ឡាវ ប្រាប់​មូលហេតុ​ថា​៖ «​ខ្ញុំ​ឈប់សម្រាក​ ១ ​ថ្ងៃ​មិន​បាន​ទៅ​ស្រុកកំណើត​នោះទេ ដោយសារ​តែ​ពេល​ហ្នឹង​មាន​ភ្លៀង​ខ្លាំង ហើយ​ខ្ញុំ​ខ្លាច​ឆ្លង​កូវីដ​តាម​ទឹកភ្លៀង ក៏​ខ្ញុំ​សម្រេច​មិន​ទៅ​ធ្វើការ​។ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​ក៏បាន​ទៅធ្វើការ​ធម្មតា តែ​គេ​មិន​ឲ្យ​ចូល​ធ្វើការ​ទេ​ឲ្យ​នៅ​ដាច់​ដោយឡែក​សិន​។ ខ្ញុំ​បារម្ភ​ណាស់ បារម្ភ​ខ្លាច​គេ​មិន​ទទួល​យក​ខ្ញុំ​ធ្វើការ​វិញ​ទេ បើ​អ៊ីចឹង​មែន ខ្ញុំ​យ៉ាប់​ហើយ ព្រោះ​ជំពាក់​លុយ​ធនាគារ គ្មាន​អី​សង​គេ​ទេ​»​។

បើ​តាម​លោក ហេង សួរ បាន​ឲ្យ​ដឹងថា ក្នុង​ចំណោម​កម្មករ​ទាំង ៣ ម៉ឺន​នាក់​នេះ បើទោះ​កម្មករ​បាន​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​រួច​ក៏ដោយ ក៏​មិន​ប្រាកដ​ថា កម្មករ​ទាំងនោះ​អាច​នឹងត្រូវ​រោងចក្រ​ទទួល​ត្រឡប់​ឲ្យ​ចូល​ធ្វើការ​វិញ​ជា​ធម្មតា​នោះដែរ​។ ព្រោះ​កម្មករ​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់​បាត់​ទៅ​ហើយ ដោយ​ឈប់​សម្រាក​គ្មាន​ការអនុញ្ញាត ហើយ​ការទទួល​យក​ឲ្យ​ចូល​ធ្វើការ​វិញ គឺ​អាស្រ័យ​លើ​ថៅកែ​រោងចក្រ​។

លោក​បន្ថែម​ថា​៖ «​អ្នក​ដែល​អវត្តមាន​មាន​ន័យថា គាត់​បាន​បោះបង់ចោល​កន្លែង​ការងារ​រួច​ទៅ​ហើយ​នៅក្នុង​អំឡុងពេល​ចូលឆ្នាំ​ហ្នឹង ហើយ​បើ​បន្ថែម​ពីនេះ​ទៅ​ទៀត បើ​គាត់​អត់​មក​បង្ហាញ​ខ្លួន​នៅពេល​នេះ​ទៅ​ប្រាប់​រោងចក្រ​ទៀត បាន​ន័យ​ថា គាត់​បោះបង់ចោល ការងារ ស្រប​ពេល​ដែល​គាត់​បាន​ឈប់​ដោយ​ឥត​ច្បាប់​ហ្នឹង​។ វា​ល្មើស​ទៅ​នឹង​បទបញ្ជាផ្ទៃក្នុង​ផង និង​វិធានការ​សុខភាព សុវត្ថិភាព​កម្មករ​ផង ហើយ​បូក​ថែម​នឹង​គាត់​អវត្តមាន​ក្រោយពេល​ចូលឆ្នាំ​ទៀត​គឺ​គ្រប់គ្រាន់​ហើយ​»​។

បើ​តាម​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ពី​ម្សិលមិញ​ថា ក្រសួង​សុខាភិបាល​បាន​ផ្តល់​ជូន​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រមាណ ១ លាន​ដុល្លារ ដើម្បី​រ៉ាប់រង​ការហូបចុក​របស់​កម្មករ​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ​ថ្ងៃ ខណៈ​ដែល​វិស័យ​ផ្សេងទៀត ក្រសួង​អះអាង​ថា​ការធ្វើ​ចត្តាឡីស័ក​គឺ​អាស្រ័យ​ទៅលើ​ការកំណត់​របស់​ស្ថាប័ន​ឯកជន​នីមួយៗ​៕

វីដេអូ៖