
លោក ស ខេង និងសមភាគីវៀតណាម តូ ឡឹម។ រូបទំព័រហ្វេសប៊ុក ស ខេង
ភ្នំពេញៈ កម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០ និងបានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទដូចជាគ្រឿងញៀន បទល្មើសធនធានធម្មជាតិ និងឆ្លងដែនខុសច្បាប់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីថ្ងៃទី ១៩ បានឲ្យដឹងថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំប្រតិភូទៅកាន់ប្រទេសវៀតណាមបានជួបសមភាគីនៅទីក្រុងហូជីមីញ កាលពីថ្ងៃទី ១៧-១៩ ខែមករា ឆ្នាំ ២០២០។
សេចក្តីប្រកាសព័ត៌មានដដែលនេះបានឲ្យដឹងថា ភាគីទាំង ២ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងឆ្នាំ ២០១៩ ដូចជាកិច្ចសហការផ្លាស់ប្តូរព័ត៌មានដើម្បីថែរក្សាសន្តិសុខជាតិ ការពារព្រឹត្តិការណ៍ជាតិធំៗ ការពារសុវត្ថិភាពដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ការផ្លាស់ប្តូរប្រតិភូបំពេញទស្សនកិច្ចដកពិសោធការងារ និងពិនិត្យព្យាបាលជំងឺ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិ ព្រមទាំងការជួយគាំទ្រគ្នាទៅវិញទៅមកផ្នែកសម្ភារបច្ចេកទេស បម្រើឲ្យការងារថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
ចំណែកផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០ បានឯកភាពគ្នាដោយយកចិត្តទុកដាក់បន្តអនុវត្ត និងចាត់វិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិផ្សេងៗនៅតាមបណ្តាខេត្តជាប់ព្រំដែន និងនៅតាមតំបន់មួយចំនួនដែលមានភូមិសាស្ត្រស្មុគស្មាញ។ បន្តជំរុញចាត់វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ និងបង្ក្រាបការលួចឆ្លងដែនខុសច្បាប់។
បន្តកិច្ចសហប្រតិបត្តិការគ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែន និងសហការដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធីឈរលើគោលការណ៍គោរពឯករាជ្យ និងអធិបតេយ្យគ្នាទៅវិញទៅមក។ ដោយឡែកយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ស ខេង កាលពីថ្ងៃទី ១៨ មករាបានឲ្យដឹងថា កងកម្លាំងនគរបាលទាំង ២ បានចុះហត្ថលេខាលើការងារលើកកម្ពស់តួនាទី និងភារកិច្ចកងកម្លាំងនគរបាលក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។
អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា វិធានការរបស់ភាគីទាំង ២ កម្ពុជា-វៀតណាមក្នុងការទប់ស្កាត់ និងបង្ក្រាបបទបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិផ្សេងៗនៅតាមបណ្តាខេត្តជាប់ព្រំដែននៅមានកម្រិតនៅឡើយ៕