​ឧ​ត្ត​រ​មាន​ជ័យៈ​ ការិយា​ល័យ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនី​តិជន​នៃ​ស្នង​ការ​នគរ​បាល​​ខេត្ត​ឧ​ត្ត​រមាន​ជ័យ ​កាល​ពី​ម្សិល​មិញ ​បាន​កោះ​ហៅបុរស​ម្នាក់​អាយុ​ ៣៤​ ឆ្នាំ​មក​សាក​សួរ​ ក្រោយ​ពី​ប្រពន្ធ​របស់​គេ​បាន​ប្ដឹង​ពីបទ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ ដោយ​កាច់​ដៃ​កាច់​ជើង​កូន​អាយុ ​៧ ខែ ​កាល​ពី​ឆ្នាំ​ ២០១៩ ​កន្លង​ទៅ​។​

ស្ត្រី​ជា​ម្ដាយ​ក្មេង​រង​គ្រោះឈ្មោះ​ ខេង ធារី​ ​បាន​ឲ្យ​ដឹង​ថា​ មូល​ហេតុ​មិន​បាន​ដាក់​ប្ដឹង​តាំងពី​ពេល​កើត​ហេតុ​ភ្លាម​ ​និង​ទើប​តែ​ដាក់​ពាក្យ​ប្ដឹង​នៅ​ថ្ងៃទី ​១១​ ខែឧ​សភា​ ឆ្នាំ​២០​២០​ នេះ​ គឺ​ទី​១​ ដោយ​សារ​រង​ការ​គំរាម​កំហែង​ និង​ម្យ៉ាង​ទៀត​ចង់​នៅ​មើល​ថែ​ព្យាបាល​របួស​កូន​ឱ្យ​ជា​សះ​ស្បើយ​ និង​រង់ចាំ​ឱកាស​ដើម្បី​គេច​ខ្លួន​ជាមួយ​​កូន​ទាំង ​​២​ នាក់​ចេញ​ពី​ប្ដី​នេះ​។

លោក​ ម៉ែ​ន​ ​លី ​ស្នង​ការ​នគរ​បាល​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ម្សិល​មិញ​ថា ​បុរស​ឈ្មោះ ​ធួន​ ​ផា​ណា ​ដែល​ពាក់​ព័ន្ធ​ករណី​ប្រើ​អំពី​ហិង្សា​កាច់​ដៃ​កាច់​ជើង​កូនចុង​របស់​ខ្លួន​កាល​ពី​ថ្ងៃទី​២៨​ ខែ​មេសា ​ឆ្នាំ​ ២០១៩​ គឺ​បាន​ឆ្លើយ​បដិ​សេធ​ចំពោះ​បណ្ដឹង​របស់​ប្រពន្ធ​។​

លោក​បញ្ជាក់​ថា​ ​សមត្ថ​កិច្ច​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​បុរស​នេះ​នៅ​ឡើយ ដោយ​សារ​ករណី​កើត​ហេតុ​ គឺ​បាន​កើត​ឡើង​តាំង​ពី​ ១​ ឆ្នាំមុ​ន​ ​ដែល​ទាម​ទារ​ឱ្យ​ស្វែង​រក​ភ័ស្ដុ​តាង​បន្ថែម​ទៀត​។​​

លោក​ថ្លែង​ថា​៖​ «​​គាត់​ ​(​ជន​សង្ស័យ)​​ ថា​អត់​ប្រព្រឹត្ត​ទេ​។​ ពួក​គាត់​នៅ​ផ្ទះ​ជុំគ្នា​ ហើយ​នៅ​ពេល​គាត់​ដើរ​ចេញ​ក្រៅ ​ហើយ​នៅ​ពេល​ដើរ​ចូល​ក្នុង​ផ្ទះ​វិញ​ គាត់​ក៏​ឃើញ​ក្មេង​ហ្នឹង​មាន​បញ្ហា​ដៃ​ជើង​តែ​ម្ដង​»​។​​​

លោក​ស្រី​ ខេង​ ធា​រី​ បាន​ចោទ​ប្ដី​របស់​ខ្លួន​ថា​ គឺ​បាន​កាច់​ដៃ​កាច់​​ជើង​កូន​ ​នៅ​ពេល​លោក​ស្រី​ចុះ​ពី​​លើ​ផ្ទះ​ទៅ​បត់​ជើង​តូច​។

កាល​ពី​ថ្ងៃ​ម្សិល​មិញ ​លោក​ស្រី​ ខេង​ ធា​រី ​បាន​យក​កូន​ទាំង​ ២​ នាក់ ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ខេត្ត​កំពង់​ចាម​ទៅ​កា​ន់​ខេត្ឧត្តរ​មាន​ជ័យ ​ក្រោយ​ពី​មាន​ការ​កោះ​ហៅ​ពី​ស្នង​ការ​នគរ​បាល​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​បន្ថែម​ ជុំវិញ​ករណី​ហិង្សា​លើ​កុមារ​​នេះ​​​៕​