បាត់ដំបងៈ នគរបាល​ខេត្តបាត់ដំបង​កាលពី​ម្សិលមិញ​នៅ​កំពុង​បន្ត​កសាង​សំណុំរឿង ​ដើម្បី​បញ្ជូន​បុរស​អ្នក​រត់​តាក់ស៊ី​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ ៨ ​នាក់​ នៅ​ភូមិ​ពពាលខែ ឃុំ​អូរតាគី ស្រុក​ថ្មគោល​កាលពី​យប់​ថ្ងៃទី​ ២៤ ខែ​ធ្នូ​។

លោក ចាន់ សុធី នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា តៃកុង​ឡាន​តាក់ស៊ី​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​រងរបួស​ស្រាល​ហើយ​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញមាន​សភាព​ធូរស្បើយ​ឡើងវិញ​ហើយ​ បន្ទាប់ពី​បាន​សម្រាក​ព្យាបាល​ដោយ​គ្រូពេទ្យ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​។

លោក សុធី ​ថ្លែង​ថា​៖ «​សមត្ថកិច្ច​នគរបាល​កំពុងតែ​រៀបចំ​ឯកសារ​បញ្ជូន​គាត់​ទៅ​តុលាការ ដើម្បី​ឱ្យ​លោក​ព្រះរាជអាជ្ញា និង​ចៅក្រម​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​» ។ បើតាម​លោក ចាន់ សុធី នេះ​គឺជា​លើក​ទី​ ១ ​ហើយ​ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​បាត់ដំបង កើតឡើង​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​រហូត​ដល់​ ៨ ​នាក់​បែបនេះ​។

បើតាម​លោក សុធី មុនពេល​កើតហេតុ​មាន​រថយន្ត​ដឹក​ទឹកកក​ធុន​ធំ​ម៉ាក HYUNDAI ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 3F-0169 ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត ទៅ​លិច មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​តាក់ស៊ី​ម៉ាក Camary ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A-0377 ធ្វើដំណើរ​ក្នុង​ទិសដៅ​ផ្ទុយគ្នា​បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​ដឹក​ទឹកកក​ពេញមួយ​ទំហឹង​បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ​។

លោក​ សុធី ថ្លែងថា​៖ «​ក្នុង​ឡាន​តាក់ស៊ី​មាន​គ្នា​ ៩ ​នាក់​ ស្លាប់​ ៧ ​នាក់​ នៅ​រស់​តៃកុង និង​ក្មេងប្រុស​ម្នាក់ ចំណែក​ឡាន​ដឹក​ទឹកកក​មាន​គ្នា​ ២ ​នាក់​ស្លាប់​តៃកុង ចំណែក​ព្រូឡាន​នៅរស់ អ៊ីចឹង​មាន​អ្នក​ស្លាប់​ទាំងអស់​ ៨ ​នាក់ ស្រី​ ៤ ​ប្រុស​ ៤» ។ បើតាម​លោក សុធី សាច់ញាតិ​ជនរងគ្រោះ​បាន​សម្រេច​យល់ព្រម​ធ្វើបុណ្យ​នៅក្នុង​វត្ត​អូរតាគី​ទាំងអស់​គ្នា​។

លោក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ ១១ ​ខែ​ឆ្នាំ​ ២០២០ បើ​ប្រៀបធៀប ១១ ​ខែ​ឆ្នាំ​ ២០១៩ មានការ​ថយចុះ​ទាំង​ចំនួន​ហេតុការណ៍ ទាំង​ចំនួន​អ្នកស្លាប់ និង​របួស​។

លោក យ៉ាន ថ្លែងថា​៖ «​ឆ្នាំនេះ បើ​ប្រៀបធៀប​ឆ្នាំ​ ២០១៩ គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​ជាង​ ៧០០ ​លើក​ជាមួយ​គ្នា​នោះ​ចំនួន​មនុស្ស​ស្លាប់ ក៏មាន​ការថយចុះ​ ២៦៩​ នាក់​ផងដែរ ខណៈ​អ្នករបួស​ថយចុះ ១ ២២៧ ​នាក់​» ។

លោក​ ហ៊ឹម យ៉ាន បញ្ជាក់ថា ទោះបីជា​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​ក៏ដោយ​តែ​មិន​មានន័យថា នៅ​ឆ្នាំ​ ២០២១ ខាងមុខ​នគរបាល​មាន​ការបន្ធូរដៃ​ក្នុង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នោះឡើយ​។ បើតាម​លោក យ៉ាន កត្តា ​ដែល​ធ្វើឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​ដោយសារ​តែ​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​មាន​ការចូល​រួមសហការ​ពី​ប្រជាពលរដ្ឋ​៕