ខេត្តព្រះ​សីហនុ៖ នគរបាល​ខេត្ត​ព្រះសីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី ៥ ខែ​ កក្កដា ឆ្នាំ ២០២០​ បាន​ចាប់​ឃាត់​ខ្លួន​បុរស​ជន​ជាតិ​ចិន​ម្នាក់​និង​កំពុង​តាម​​រក​ចាប់ខ្លួន​បក្ខពួក​ម្នាក់​ទៀត​ ដែល​បាន​ឆក់ស្បោងលុយ​ ពី​​អាជីវករ​ខ្មែរ ២ នាក់​ប្តីប្រពន្ធ​ នៅ​ភូមិ​៥​ សង្កាត់៤ ​​ក្រុង​-ខេត្ត​ព្រះសីហនុ។

លោក​ ជួន​ ណារិន្ទ​ ស្នងការនគរបាល​ខេត្ត​ព្រះសីហនុ ​​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៥ ​ខែ​កក្កដា​ ថា ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ​ WANG​ JiNGHONG ​ភេទ ​ប្រុស​ អាយុ​ ៤៩ ឆ្នាំ ​ជាបុគ្គលិក​កាស៊ីណូ​មួយ​កន្លែង​ក្នុង​ក្រុង​-​ខេត្ត​ ព្រះសីហនុ​។

ចំណែក​បុរស​ជា​បក្ខពួក​​​ដែល​ជាជន​ជាតិចិន​ម្នាក់​ទៀត​បាន​គេច​ខ្លួន​ ខណៈ​សមត្ថកិច្ច​​កំពុង​ប្រតិបត្តិការ​​បង្ក្រាប​ជាក់​ស្តែង​។​ ​ជនរងគ្រោះ​មាន​ឈ្មោះ ​សយ ​លីណា ​អាយុ ​២៤ ឆ្នាំ​ (រងរបួសស្រាល) ​ប្តី​ឈ្មោះ​ អីវ​ មាន​អាយុ ៣​២​ ឆ្នាំ​ ជាអាជី​វករ​ប្តូរប្រាក់​នៅផ្សារ​លើ ​ក្រុង​ព្រះ​សីហនុ​។​

លោក​បាន​​រៀបរាប់ប្រាប់ថា ​នៅ​​ព្រឹ​ក​ថ្ងៃ​ទី ​៥​ ខែ​កក្កដា ជនរងគ្រោះ​ ២ នាក់​ប្តីប្រពន្ធ​​ ដែល​ជា​អាជីវករ​ប្តូរប្រាក់​​បាន​ជិះ​ម៉ូតូ ១ គ្រឿង​ ឌុបគ្នា​​ធ្វើដំណើរ​ចេញពី​​ផ្ទះ នៅក្នុង​បុរី HIllTON ក្រុមទី ១៥​ នៅ​ភូមិ​ ៥​ សង្កាត់ ៤ ​​ក្នុង​បំណង​ទៅផ្សារ​លើ​ ក្នុង​ក្រុង​ព្រះ​សីហនុ ​ដើម្បី​​ប្រកបរបរ​​ដូរលុយ​ ដូចសព្វ​​មួយដង​។​

លុះជន​រងគ្រោះ​កំពុង​ធ្វើ​ដំណើរ​​តាមដង​ផ្លូវ​ ស្រាប់តែ​មានក្រុម​​​ជន​សង្ស័យ​ជាជន​ជាតិ​ចិន ២ នាក់​ ជិះ​ម៉ូតូ ១ ​គ្រឿង​ ម៉ាក​​ Air​ Blade​ ពណ៌ទឹក​​ប្រាក់​លាយ​ខ្មៅ​​សំដៅ​ទៅ​ជន​រង​គ្រោះ​​។

លោក​ប្រាប់​តាម​សម្តីជ​នរង​គ្រោះថា​ ក្រុមចោរ​ទាំង ២ នាក់​ បាន​ជិះ​ម៉ូតូ​ក្បែរម៉ូតូ​ពួក​គាត់​ ហើយ​ក្រុម​ជន​សង្ស័យ​បាន​​ឈប់​ម៉ូតូ​ស្ទាក់​​ម៉ូតូ​ជនរងគ្រោះ​ ហើយ​បាន​វាយ​ប្រតាយ​ប្រតប់​ជាមួយ​ជនរង​គ្រោះ​ជាប្រពន្ធ​​ដណ្តើមស្បោង​ប្រាក់​ បណ្តាល​ឲ្យ​​រង​របួស ​រីឯ​ក្រុមចោរ​បានឆក់​យក​ស្បោង​លុយ​ពី​ជនរងគ្រោះ​។ គ្រានោះ​ជនរងគ្រោះ ​បាន​ស្រែក​​ឆោឡោ​​ហៅ​ប្រជាពលរដ្ឋ​​ឲ្យ​ជួយ និង​រាយការណ៍​ជូនសមត្ថកិច្ច​​​ឲ្យ​​មក​ជួយ​​ធ្វើ​អន្តរាគមន៍ ​ទាន់​ពេល​វេលា​។​

លោក​​បន្តថា​ ភ្លាមៗ​នៃ​ប្រតិបត្តិការ​​បង្ក្រាប​ក្រុមចោរនេះ​ សមត្ថ​កិច្ច​របស់លោកបាន​តាម​ចាប់​បាន​​ម្នាក់។​

លោក​ថ្លែង​ថា​៖ «គ្នាគេ​មាន ​២​ នាក់ ហើយ​ក្នុង​នោះ​ សមត្ថ​កិច្ច​ឃាត់​បាន​ម្នាក់ និងម្នាក់​ទៀត ​សមត្ថ​កិច្ច​យើង​កំពុង​តាម​ចាប់​ទៀត»។ បើ​តាមលោក​ស្នង​ការ​​ ក្រុមជន​សង្ស័យ​​បាន​យក​លុយ​​ជន​រង​គ្រោះ​អស់​ចំនួន​ ៣០​ លាន​​​រៀល​​៕