កំពុងធំ៖ បុរស​ម្នាក់​បាន​ស្លាប់ កាល​ពី​ថ្ងៃទី ២០ ខែ​មេសា នៅ​ភូមិស្លាករ ឃុំ​បន្ទាយស្ទោង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដោយ​ហេតុ​ទទួល​ការ​ព្យាបាល​ជំងឺ​ពី​មនុស្ស​ក្នុង​ភូមិ​ដែល​គ្មាន​វិជ្ជាជីវៈ​ពេទ្យ ខណៈ​នគរបាល​បាន​កំពុង​ស៊ើប​អង្កេត​ទៅ​លើ​ករណី​នេះ។

លោក ជា ពឿន ប្រធាន​ការិយាល័យ​ទទួល​ការងារ​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃទី ២១ មេសា បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ឈ្មោះ ឌាន ឌាង អាយុ ៤១ ឆ្នាំ រី​ឯ បុរស​ដែល​គ្មាន​ជំនាញ​ពេទ្យ​នោះ​ឈ្មោះ ហ៊ាន ចំរើន អាយុ ២៣ ឆ្នាំ ពួក​គេ​ស្នាក់នៅ​ភូមិ-ឃុំ ជា​មួយគ្នា។

លោក ពឿន ថ្លែង​ថា៖ «ក្រោយ​ដឹង​ថា ជនរង​គ្រោះ​ស្លាប់​ភ្លាម គ្រូពេទ្យ​នោះ​ក៏​គេច​ខ្លួន​ភ្លាមៗ​ដែរ។ ប៉ុន្តែ​យ៉ាង​ណា​យើង​ក៏​កំពុង​ស្វែងរក​គាត់​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឱ្យ​ខាន​តែ​បាន»។

លោក វ៉ន សុភ័ណ អធិការ​រង​នៃ​អធិការដ្ឋាន​ស្រុក​ស្ទោង​ប្រាប់​នៅ​ថ្ងៃ​ដដែល​នេះ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា កាល​ពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃទី ២០ មេសា ជន​រងគ្រោះ​មាន​អាការ​មិន​ស្រួល​ខ្លួន ហើយ​បាន​ប្រើ​កូន​ទៅ​ហៅ​ឪពុក​របស់​ជន​សង្ស័យ​ដែល​ជា​គ្រូពេទ្យ ដើម្បី​ទៅ​ព្យួរ​សេរ៉ូម​ឱ្យ​ជន​រងគ្រោះ។ ប៉ុន្តែ​ដោយសារ​ឪពុក​ជន​ល្មើស​មិន​នៅ​ផ្ទះ ជន​សង្ស័យ​ដែល​ជា​កូន​បាន​យក​សេរ៉ូម​ទៅ​ព្យួរ​ឱ្យ​ជន​រងគ្រោះ​ព្រោះ​ថា ខ្លួន​គេ​ឧស្សាហ៍​ដើរ​ចាក់​ថ្នាំ​ឱ្យ​អ្នក​ភូមិ​ដែរ។

លោក​បញ្ជាក់​ថា៖ «គាត់​មិនមែន​ជា​គ្រូពេទ្យ​អី​ទេ តែ​គាត់​ចេះ​តាម​ឪពុក​របស់​គាត់​ហើយ​ចេះ​តែ​ដើរ​ចាក់​ថ្នាំ ឬ​ផ្សំ​ថ្នាំ​ឱ្យ​គេ​ទៅ។ តែ​រាល់​ដង​មិន​អី​ទេ ទើប​តែ​លើក​នេះ​ជួប​បញ្ហា​អីចឹង»។

លោក​បាន​ថ្លែង​ដោយ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ភូមិ​ថា ជន​រងគ្រោះ​បាន​ស្លាប់​តាំង​ពី​ថ្ងៃ​ត្រង់​ថ្ងៃទី ២០ មេសា ហើយ​ប្រពន្ធ​របស់​ជន​រងគ្រោះ​ទៅ​លក់​ត្រី​មិន​ដឹង​ថា ប្តី​ស្លាប់​ទេ ព្រោះ​គ្មាន​ទូរស័ព្ទ​ទំនាក់ទំនង។ លុះ​ពេល​ប្រពន្ធ​ជន​រងគ្រោះ​ជិះ​កង់​ជិត​ដល់​ផ្ទះ​ក៏​ឮ​សូរ​សំឡេង​មេក្រូ​ចេញ​ពី​ផ្ទះ​ទើប​ដឹង​ថា ប្តី​ស្លាប់​ក៏​ជូន​ដំណឹង​ទៅ​មេ​ភូមិ​ហើយ​អាជ្ញាធរ​ភូមិ​ក៏​រាយការណ៍​បន្ត។

លោក​ថ្លែង​ថា៖ «ករណី​នេះ ប្រពន្ធ​ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង​ហើយ ហើយ​សមត្ថកិច្ច​កំពុង​ចាត់​ការ​តាម​បណ្តឹង​នេះ»៕