ពោធិ៍សាត់៖ នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ភ្នំ​ក្រវាញ​ កំពុង​ស្រាវជ្រាវ​តាម​ចាប់​ជន​សង្ស័យ​ម្នាក់​ បន្ទាប់​ពី​កាប់​បុរស​ជា​គូទំនាស់​ម្នាក់​ស្លាប់​កាល​ពី​យប់​ថ្ងៃទី ១០ ឧសភា ប្រព្រឹត្ត​នៅ​ភូមិ​អូរបាក់ត្រា ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។

លោក តាន់ តារិទ្ធ អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ​ប្រាប់​នៅ​ថ្ងៃទី ១១​ ឧសភា​ថា ជន​សង្ស័យ​ឈ្មោះ អិត រ័ន្ន ភេទ ប្រុស អាយុ ៣២ ឆ្នាំ រីឯ​ជន​រងគ្រោះ​ឈ្មោះ តឺយ តឿន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ពួក​គេ​រស់​នៅ​ភូមិ​អូរបាល់ត្រា ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។

លោក​ឱ្យ​ដឹង​ថា៖ «រឿង​នេះ​ នគរបាល​ខ្ញុំ​កំពុង​ដុត​ដៃដុត​ជើង​តាម​ចាប់​ជនសង្ស័យ ដោយសារ​តែ​យើង​ស្គាល់​អត្តសញ្ញាណ​របស់​គេ។ ជន​សង្ស័យ​បាន​គេច​ខ្លួន​ភ្លាមៗ ​ក្រោយ​កើត​ហេតុ»។

ទោះ​យ៉ាង​ណា​លោក​ឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការ​រង​ទទួល​ការងារ​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ ប្រាប់​នៅ​ថ្ងៃទី ១១ ឧសភា​ដែរ​ថា ករណី​នេះ បើ​តាម​របាយការណ៍​ពី​ស្រុក​ភ្នំក្រវាញ​បង្ហាញ​ថា ជន​រងគ្រោះ និង​ជន​សង្ស័យ​ជា​បងប្អូន​ជីដូន​មួយ​បង្កើត​ជាមួយ​គ្នា​ ហើយ​ពួក​គេ​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​គ្នា​ប្រហែល ៣ ថ្ងៃ​មុន​កើត​ហេតុ។

ប៉ុន្តែ​ទាំង​សាច់​ញាតិ​របស់​ជន​រងគ្រោះ​ទាំង​ខាង​ជនសង្ស័យ​មិន​ដឹង​ច្បាស់​ថា ទំនាស់​នោះ​មក​ពី​មូលហេតុ​អ្វី​ទេ​តែ​គេ​ឃើញ​ឈ្លោះ​គ្នា។

លោក​បន្ត​ថា លុះ​នៅ​វេលា​ម៉ោង​ជាង ៨ យប់ ថ្ងៃទី​ ១០ ឧសភា ឆ្នាំ ២០២១ ស្រាប់​តែ​ពួក​គេ​ជជែក​ឈ្លោះ​គ្នា​នៅ​ក្នុង​ភូមិ​ដែល​ពួក​គេ​រស់នៅ​ហើយ​គេ​ឃើញ​កាប់​គ្នា​តែ​ម្តង។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​អ្នក​ភូមិ​បាន​នាំ​គ្នា​ស្រែក​បំណង​បញ្ឈប់​ជម្លោះ​នោះ​ដែរ ប៉ុន្តែ​ពេល​អ្នក​ភូមិ​ចូល​ទៅ​ឃាត់ គឺ​គេ​បាន​ឃើញ​ភាគី​ម្ខាង​ត្រូវ​ភាគី​ម្ខាង​ទៀត​កាប់​នៅ​នឹង​កន្លែង​ស្លាប់​បាត់​ទៅហើ​យ។

បើ​តាម​លោក លីដា ថា៖ «អ្នក​ភូមិ​ទៅ​ជួយ​ឃាត់ និង​បំណង​សង្គ្រោះ​ជន​រងគ្រោះ​ដែរ ​តែ​របួស​ជន​រងគ្រោះ​ធ្ងន់​ពេក​ ទើប​គាត់​ដាច់​ខ្យល់​នៅ​កន្លែង​កើត​ហេតុ»។

លោក​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​​កើត​ហេតុ​ពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​ព្រងិល ហើយ​បាន​រាយការណ៍​បន្ត​មក​នគរបាល​ស្រុក​ភ្នំក្រវាញ ចុះ​ដល់​កន្លែង​កើត​ហេតុ​ទាំង​យប់។ លោក​បញ្ជាក់​ប្រាប់​ថា តាម​សាក្សី​ដែល​បាន​ឃើញ​មុន​កើតហេតុ គឺ​ជន​រងគ្រោះ​ឈ្មោះ​ តឺយ តឿន បាន​កាន់​កាំបិត​ផ្កាក់ ១។

ចំពោះ​នៅ​កន្លែង​កើត​ហេតុ​វិញ បើ​តាម​ការ​ពិនិត្យ​របស់​នគរបាល​ស្រុក​ភ្នំក្រវាញ​បាន​រក​ឃើញ​ពូថៅ​ចំនួន ១ និង កាំបិត​ផ្កាក់​ចំនួន ១ ប្រឡាក់​ឈាម​បន្សល់​ទុក​នៅ​ក្បែរ​សាកសព។ លោក​បញ្ជាក់​ថា នគរបាល​កោសល្យ​វិច័យ​បាន​ចុះ​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​ឃើញ​ថា នៅ​លើ​ខ្លួន​សាកសព​មាន​ស្នាម​កាប់​ត្រង់​ខ្នង​ចំនួន ២ កន្លែង ស្នាម​កាប់​មុត​រយះ​ជ្រៅ​នៅ​ត្រង់​គល់​ដៃ​ខាង​ឆ្វេង ១​ កន្លែង៕