ព្រះសីហនុៈ នគរបាល​ខេត្ដ​ព្រះសីហនុ​កាលពី​ម្សិលមិញ​នៅ​កំពុង​បន្ត​សាកសួរ​ពលរដ្ឋ​ចំនួន​ ៤ ​នាក់​ ពាក់ព័ន្ធ​នឹង​ករណី​ដែល​ពលរដ្ឋ​ទាំងនេះ​បាន​យក​គ្រឿងចក្រ ទៅ​ឈូសឆាយដី​នៅ​តំបន់​ឧទ្យាន​ជាតិ​រាម និង​បាន​បង្ក​ហិង្សា​លើ​សមត្ថកិច្ច បណ្តាល​ឱ្យ​សមត្ថកិច្ច ៤ ​នាក់​រងរបួស​កាលពី​ថ្ងៃទី​ ១ ​ខែ​​ សីហា ឆ្នាំ​ ២០២០​។ នេះ​បើតាម​លោក ឃាង ភារម្យ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​។

លោក ឃាង ភារម្យ ថ្លែងថា កាលពី​ថ្ងៃ​សៅរ៍ ទី​ ១ ខែ​សីហា កម្លាំងចម្រុះ​ជាច្រើន​នាក់​បាន​ទៅ​ណែនាំ និង​ហាមឃាត់​ពលរដ្ឋ​ ១ ក្រុម​ មាន​គ្នា​ប្រមាណ ២០ ​នាក់​​ ដឹកនាំ​ដោយ​ឈ្មោះ ស្មាន ស្មាអែល ភេទ​ប្រុស​ជា​ខ្មែរ​អ៊ិស្លាម​កំពុង​ធ្វើ​សកម្មភាព​យក​គ្រឿងចក្រ​ឈូសឆាយដី​នៅ​ចំណុច​ភូមិ​ស្មាច់ដែង ឃុំ​រាម​ ស្រុក​ព្រៃនប់​។ ប៉ុន្ដែ​ក្រុម​ពលរដ្ឋ​ទាំងនេះ​បាន​ប្រើ​ហិង្សា​មកលើ​សមត្ថកិច្ច​ឱ្យ​រងរបួស​ចំនួន​ ៤ នាក់​។

លោក​ថ្លែងថា​៖ «​ចំពោះ​ការប៉ះទង្គិច​កាលពី​ម្សិលមិញ​ (​ទី​ ១ ​សីហា​) បក្ខពួក​របស់​ក្រុម ស្មាន ស្មាអែល បាន​ដឹក​នាំគ្នា​ធ្វើការ​វាយប្រហារ បង្ក​ហិង្សា​មកលើ​សមត្ថកិច្ច​របស់​យើង​ក្នុង​នោះ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ពលរដ្ឋ​ចំនួន ៤ ​នាក់ (​មាន​ស្រី​ ៣ ​នាក់​) ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​។ ដូច្នេះ​កិច្ចការងារ​នេះ​នៅក្នុង​នីតិវិធី​របស់​សមត្ថកិច្ច យើង​រង់ចាំ​សមត្ថកិច្ច​ធ្វើការ​សម្រេច​នាពេល​ក្រោយ​»​។

លោក ភារម្យ ឱ្យដឹងថា តាំងពី​អំឡុង​ឆ្នាំ​ ២០១៧ ក្រុម​អនាធិបតេយ្យ​ ១ ​ក្រុម ដឹកនាំ​ដោយ​ឈ្មោះ​ សេន សាឡេស ភេទ ប្រុស អាយុ ៥៨ ​ឆ្នាំ​ជា​ខ្មែរ​អ៊ិស្លាម មុខរបរ​ធ្វើ​ចម្ការ​មាន​ទីលំនៅ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់​បាន​ចូល​ទៅ​កាប់​រាន​ដីព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ «​រាម​» នេះ​។ ក្រោយមក​មន្ទីរ​បរិស្ថាន​ខេត្ត​កសាង​សំណុំរឿង​ប្តឹង​ឈ្មោះ សេន សាឡេស​ និង​បក្ខពួក​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ២ ​លើក​រួច​មក​ហើយ និង​ត្រូវបាន​តុលាការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។

លោក​បាន​បញ្ជាក់ថា ចំណែក​ឈ្មោះ ស្មាន ស្មាអែល ដែល​ដឹកនាំ​ពលរដ្ឋ​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​នេះ​ក៏​ជា​បក្ខពួក​របស់​ក្រុម​ឈ្មោះ សេន សាឡេស ដែរ​។ កន្លងមក​មន្ទីរ​បរិស្ថាន​ក៏​ធ្លាប់បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រួម​ជាមួយ ​សេន សាឡេស ដែរ​។

បើ​តាម​លោក ភារម្យ បច្ចុប្បន្ន​បក្ខពួក​ក្រុម​របស់​ឈ្មោះ សេន សាឡេស នេះ​នៅតែ​បន្ត​សកម្មភាព​ឈូសឆាយដី​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ​ «​រាម​» ដដែល​ទើប​សមត្ថកិច្ច​បាន​ចុះ​ហាមឃាត់​ហើយ​ពួកគេ​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​ពលរដ្ឋ​ចំនួន​ ៤ ​នាក់​នោះ​។

លោក​បញ្ជាក់ថា​៖ «​ពេលនេះ សមត្ថកិច្ច​ខេត្ដ​យើង​បានកំណត់​អត្ដសញ្ញាណ​ក្រុម​នេះ​រួចរាល់​ហើយ​ដែរ​។ ចំណែក​សំណុំរឿង​របស់ សេន សាឡេស និង​បក្ខ​ពួកនេះ​គឺ​កំពុង​ស្ថិត​នៅក្នុង​នីតិវិធី​របស់​តុលាការ និង​សមត្ថកិច្ច​ជា​អ្នកសម្រេច​»​។

លោក ឃាង ភារម្យ ក្នុង​នាម​រដ្ឋបាល​ខេត្ដ​បាន​ស្នើ​ដល់​ពលរដ្ឋ​កុំ​ឱ្យ​ចាញ់បោក​ការញុះញង់​របស់​បុគ្គល​ឈ្មោះ សាន សាឡេស​, ស្មាន ស្មាអែល និង​ក្រុម​ដែល​កំពុង​ធ្វើ​សកម្មភាព​បំផុសបំផុល​ឱ្យ​មាន​សកម្មភាព​កាប់​រាន​ឈូសឆាយដី​សាធារណៈ​របស់​រដ្ឋ ដីព្រៃ​នៅក្នុង​ដែន​អភិរក្ស​ដោយ​ខុសច្បាប់​ទៀត​។ លោក​បាន​ព្រមាន​ថា​៖ «​សុំ​ដកខ្លួន​ចេញ​ជាបន្ទាន់ ដើម្បី​ចៀស​ផុត​ពី​ការប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​។ រដ្ឋបាល​ខេត្ដ​នឹង​ចាត់វិធានការ​ច្បាប់​ដោយ​មិនមាន​ការលើកលែង​ទេ​»​។

លោក​បញ្ជាក់ថា បច្ចុប្បន្ន​សំណុំរឿង​របស់ សេន សាឡេស និង​បក្ខពួក កំពុង​ស្ថិត​នៅក្នុង​នីតិវិធី​របស់​តុលាការ ហើយ​តុលាការ​បានដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។ ករណី​ដែល​បុគ្គល​នេះ និង​បក្ខពួក​ធ្វើ​ទង្វើ​ណាមួយ​ផ្ទុយ​ពី​ដីកា​របស់​តុលាការ​នោះ​ជា​ទង្វើ​ល្មើសច្បាប់​។

មិនមាន​ប្រភព​ទាក់ទង​តំណាង​ពលរដ្ឋ ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បានឡើយ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​លោកស្រី​ ជៀប សុធារី អ្នកសម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ដ​ព្រះសីហនុ បានឱ្យ​ដឹងថា ក្រុម​ប្រជាពលរដ្ឋ​ដែល​កំពុង​តវ៉ា​រឿង​ដីធ្លី​ខាងលើ​នេះ​ភាគច្រើន​គឺជា​ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម​ដោយ​បាន​ចូលមក​តាំងទី​លំនៅ​លើដី​នៅ​ឧទ្យាន​ជាតិ​ព្រះសីហនុ រាម ក្នុង​អំឡុង​ឆ្នាំ​ ២០១៦-២០១៧​។

លោកស្រី​ថ្លែងថា​៖ «​កន្លង​មក​អាជ្ញាធរ​ខេត្ដ​ធ្លាប់បាន​ចុះទៅ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ឱ្យ​បញ្ឈប់​មក​តាំងទី​លំនៅ ឈូសឆាយដី​នៅ​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​ស្ថិត​នៅ​ក្នុងភូមិ​រាម​នេះ​ដោយ​ផ្ដល់​ទីតាំង​ដី​គោលនយោបាយ​របស់​រដ្ឋ​ជំនួស​វិញ​។ ប៉ុន្ដែ​ត្រូវបាន​ប្រជាពលរដ្ឋ​បដិសេធ ដោយ​អះអាង​ថា ដី​ដែល​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​គ្រោង​នឹង​ផ្ដល់ឱ្យ​នោះ គឺមាន​ទំហំ​តូច​ពេក​»​។

ទោះយ៉ាងណា​លោកស្រី ជៀបសុធារី ស្នើឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​រក​ដំណោះស្រាយ​គោលនយោបាយ​ណាមួយ​សមរម្យ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទៅ​ចាប់ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​នោះ​ដោយ​ផ្តល់​ឲ្យ​ពួកគាត់​នូវ​ដី​ដែល​អាច​សាងសង់​លំនៅឋាន​បាន ព្រោះ​ពលរដ្ឋ​ទាំងនោះ​សុទ្ធតែ​ពលរដ្ឋ​ក្រីក្រ​៕