ព្រះសីហនុ៖ មន្ត្រី​នគរបាល​បាន​និង​កំពុង​សាកសួរ​បុរស​ខ្មែរ​ម្នាក់​ និង​ចិន​ម្នាក់ អំពី​ការ​បើក​រថយន្ត​ឆ្លង​កាត់​បំពាន​តំបន់​បិទ​ខ្ទប់​ដែល​ជា​វិធាន​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី ៣ ខែ​ឧសភា។

លោក កុល ផាលី ស្នងការ​រង​ទទួល​ការងារ​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៤ ឧសភា​ថា បុរស​ខ្មែរ​ឈ្មោះ លូ គឹមហ្វាត អាយុ ២៧ ឆ្នាំ ជា​អ្នក​បក​ប្រែ​ភាសា​ចិន និង​បុរស​ជនជាតិ​ចិន​ឈ្មោះ CHEN XUBO អាយុ ២៧ ឆ្នាំ បម្រើ​ការ​នៅ​សណ្ឋាគារ​មួយ​កន្លែង​ខេត្ត​ព្រះសីហនុ។

លោក​ថ្លែង​ថា៖ «ជន​ទាំង​ ២ នាក់ ខាង​ជំនាញ​របស់​ខ្ញុំ​កំពុង​សាកសួរ ហើយ​ដំណើរ​នីតិវិធី​ក៏​កំពុង​បន្ត​ដែរ។ រឿង​នេះ​ខ្ញុំ​មិន​ទាន់​ចំណាត់ការ​យ៉ាង​ម៉េច​ទេ តែ​ពួក​គេ​បំពាន​នឹង​បម្រាម​បិទ​ខ្ទប់»។

លោក ផាលី បាន​ប្រាប់​ដោយ​យោង​របាយការណ៍​ថា កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា ៤ រសៀល ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២១ មាន​បុរស​ជា​ជនជាតិ​ខ្មែរ និង​បុរស​ជនជាតិ​ចិន​ចំនួន ២ នាក់ បាន​បើក​រថយន្ត​ឆ្លង​កាត់​តំបន់​ហាម​ឃាត់​បិទ​ខ្ទប់​នៅ​ចំណុច​គោលដៅ​ត្រួត​ពិនិត្យ​ភ្នំ K៩៦ សង្កាត់​លេខ ៤ ក្រុង​ព្រះសីហនុ ខេត្ដ​ព្រះសីហនុ ទើប​មន្ត្រី​ជំនាញ​នាំ​ខ្លួន​បុរស​ទាំង ២ នាក់​ មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយ​រក​ឃើញ​មាន​ឯកសណ្ឋាន​មន្ត្រី​នគរបាល​ដូចជា​ អាវ និង​មួក។

លោក​បញ្ជាក់​ថា នៅ​ក្នុង​រថយន្ត​នោះ មាន​ដូច​ជា​អាវ​នគរបាល​ថ្នាក់​វរសេនីយ៍ត្រី​ចំនួន ១, មួក​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ ចំនួន ១។

លោក​ ផាលី ថ្លែង​ថា៖ «ជន​ទាំង​ពីរ​នាក់​នោះ មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស ក្នុង​ការ​ក្លែង​សម្លៀក​បំពាក់​នគរបាល​ទេ ព្រោះ​អ្នក​ផ្សេង​ទុក​នៅ​ក្នុង​រថយន្ត​គាត់»៕