ភ្នំពេញៈ នគរបាល​ខណ្ឌដង្កោ​កាលពី​ម្សិលមិញ​នៅ​កំពុង​បន្ត​សាកសួរ​មេការ​សំណង់​ម្នាក់​តាម​បណ្តឹង​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​ជា​មេការ​សំណង់​ម្នាក់ទៀត​ដែល​បាន​ធ្លាក់​ពី​លើ​អគារ​កម្ពស់​ ៣ ​ជាន់​ បាក់ក​ស្លាប់​កាលពី​ថ្ងៃទី​ ២៤ ខែ មករា ឆ្នាំ​ ២០២០ ​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំងពង្រ ខណ្ឌ​ដង្កោ​។

លោក នៅ ទិត្យ នាយផ្នែក​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌដង្កោ ទទួល​ផែនព្រហ្មទណ្ឌ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​របស់​លោក​កំពុង​សាកសួរ​បុរស​ម្នាក់​ពាក់ព័ន្ធ​ការស្លាប់​មេការ​សំណង់​ម្នាក់ ប៉ុន្តែ​លោក​នៅ​មិនទាន់​កំណត់ថា បុរស​នោះ​ជា​ជនដៃដល់​ក្នុង​អំពើ​ឃាតកម្ម​នៅឡើយ​ទេ​។

លោក​ប្រាប់ថា​៖ «​រឿងនេះ​ខ្ញុំ​ហៅ​តែ​ម្នាក់​ទេ ហើយ​ខ្ញុំ​កំពុង​បន្ត​នីតិវិធី​សាកសួរ​គាត់​។ ខ្ញុំ​មិនទាន់​ដឹង​ច្បាស់លាស់​ថា គាត់​ប្រព្រឹត្ត​ឬ​យ៉ាងណាទេ​»​។

លោក តឹប ប៊ុនថេន នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ក្រាំងពង្រ​ថ្លែង​ពី​ម្សិលមិញ​ថា ជនរងគ្រោះ​ស្លាប់​ឈ្មោះ ស៊ូ រ៉ាវេត អាយុ ៣២ ​ឆ្នាំ រីឯ​ជន​ដែល​សមត្ថកិច្ច​លោក​កោះហៅ​ទៅ​ខណ្ឌដង្កោ​ឈ្មោះ អ៊ុ ប៉ូណា អាយុ​ ៣៥ ​ឆ្នាំ​ជា​មេការ​សំណង់​ដូចគ្នា​។ លោក​បន្តថា​កាលពី​ថ្ងៃទី​ ២៤ ខែ​មករា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា មាន​មនុស្ស​ធ្លាក់​ពីលើ​អគារ​ស្លាប់​។

ក្រោយមក​លោក​បានបញ្ជា​កម្លាំង​ក្រោម​ឱវាទ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ចងខ្សែ​ដើម្បី​ហ៊ុមព័ទ្ធ​កន្លែង​កើតហេតុ ទុក​ឲ្យ​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ​ចូល​ត្រួតពិនិត្យ​។ លោក​បន្តថា បន្ទាប់ពី​សមត្ថកិច្ច​វិទ្យាសាស្ត្រ​បច្ចេកទេស ធ្វើ​កោសល្យវិច័យ និង​គ្រូពេទ្យ​រាជធានី​ភ្នំពេញ​ពិនិត្យ​ហើយ​ក៏​បានប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​។

លោក​បញ្ជាក់​ថា ក្រោយពី​ធ្វើបុណ្យ និង​រំលាយ​សាកសព​រួចរាល់​មក​បាន​ ២ ​ទៅ​ ៣ ​ថ្ងៃ​ក៏​ខាង​ក្រុមគ្រួសារ​ជនរងគ្រោះ មិន​សុខចិត្ត ព្រោះ​សង្ស័យ​ថា ជនរងគ្រោះ​ប្រហែល​អាច​ត្រូវគេ​ច្រាន​ទម្លាក់​ពីលើ​អគារ ហើយ​បានដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ក្រាំងពង្រ​។ «​ក្រុមគ្រួសារ​ថា មាន​អ្នកច្រាន​ហើយ​គេ​ប្តឹង យើង​ត្រូវតែ​ធ្វើ​ដែរ ព្រោះ​គេ​សង្ស័យ​ឈ្មោះ (​ក​) យើង​បាន​ហៅ​ឈ្មោះ​នោះ​សាកសួរ​»​។

ទោះយ៉ាងណា​មន្ត្រី​សុំ​មិន​បញ្ចេញឈ្មោះ​ម្នាក់​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹងថា សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើបុណ្យ​នៅ​ថ្ងៃទី ២៥ មករា​ក៏​ស្រាប់​តែមាន​បុរស​ម្នាក់ ឈ្មោះ អ៊ុ ប៉ូណា អាយុ​ ៣៥ ឆ្នាំ មុខរបរ មេការ​សំណង់​ដូចគ្នា ទូរស័ព្ទ​ប្រាប់​ថា ឈ្មោះ ស៊ូ រ៉ាវេត មិនមែន​ស្លាប់​ដោយ​ធ្លាក់​ខ្លួនឯង​ទេ តែ​ស្លាប់​ដោយសារ​មាន​មនុស្ស​ ៣ ​នាក់​វាយ​នឹង​ដំបង​ដែក​ហើយ​មិនទាន់​ស្លាប់ ក៏​រុញ​ទម្លាក់​បន្ថែម​ពី​លើ​អគារ​កម្ពស់ ៣ ​ជាន់​បណ្តាល​ឲ្យ​ធ្លាក់​បាក់ក​ស្លាប់​។ លុះដល់​ព្រឹក​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ​ ២០២០ ក្រុមគ្រួសារ ក៏បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​នគរបាល​ប៉ុស្ដិ៍​ក្រាំងពង្រ​តែម្តង​។

យ៉ាងណាក្តី​លោក វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ​ដែល​ជា​គ្រូពេទ្យ​ផ្នែក​កោសល្យ​វិច័យ រាជធានី​ភ្នំពេញ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា បញ្ហា​នេះ​នគរបាល​ខណ្ឌដង្កោ​បាន​អញ្ជើញ​លោក​ទៅ​ធ្វើ​កោសល្យវិច័យ ហើយ​លោក​បាន​ពិនិត្យឃើញថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​ទី​ខ្ពស់​បាក់ក ស្លាប់ ចំណែក​ត្រង់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ផ្សេងទៀត​នោះ គឺ​លោក​មិនដឹង​ទេ​៕